ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

កើន​កម្តៅ​សាជាថ្មី ! អាមេរិក​ចល័ត​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan សម្រុក​មក​ឧបទ្វីប​កូរ៉េ

​គេហទំព័រ​សារព័ត៌មាន Sputnik របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan ចូលមក​កាន់​ឧបទ្វីប​កូរ៉េ (​នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្រុង Busan នៃ​ប្រទេស​កូរ៉េខាងត្បូង​) នៅ​ចុង​សប្តាហ៍​នេះ ខណៈ​នាវាចម្បាំង​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក៏​នឹងត្រូវ​សហរដ្ឋអាមេរិក​បញ្ជូន​មកកាន់​ឧបទ្វីប​កូរ៉េ​នៅ​សប្តាហ៍​ក្រោយ​ដែរ ។

​ទីភ្នាក់ងារសារព័ត៌មាន Chosun Ilbo របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ឲ្យ​ដឹងថា នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក USS Michigan មាន​បំពាក់​គ្រាប់​មី​ស៊ី​ល​គ្រាប់​វាយលុក​ធុន Tomahawk ដ៏​មាន​អានុភាព​ចំនួន​៥៤​គ្រាប់ ដែល​អាច​វាយប្រហារ​ទៅលើ​គោលដៅ​ចម្ងាយ​រហូតដល់​ជាង​២ ២៥០​គីឡូម៉ែត្រ ហើយ​នាវាមុជទឹក​នេះ​កំពុងធ្វើដំណើរ​ឆ្ពោះ​មកកាន់​ភាគខាងត្បូង​ប្រទេស​កូរ៉េខាងត្បូង ។​

​សកម្មភាព​ចល័ត​សព្វាវុធ​មាន​ទាំង​នាវាមុជទឹក ទាំង​នាវាចម្បាំង​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​មក​កាន់​ឧបទ្វីប​កូរ៉េ​នេះ គឺ​ស្រប​ពេលដែល​សហរដ្ឋអាមេរិក​កំពុង​បង្កើន​វត្តមាន​កម្លាំងយោធា​របស់ខ្លួន​យ៉ាងសកម្ម​នៅ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង ខណៈ​ស្ថានភាព​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​កាន់តែ​គឃ្លើន​រំលោភបំពាន​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត ។​

​ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ទើបបាន​ជួបប្រជុំគ្នា​ជាមួយ​មេបញ្ជាការ​យោធា​កំពូលៗ​ដើម្បី​ជំរុញ​ជម្រើស​នានា​ឆ្លើយតប​ទៅនឹង​សកម្មភាព​បង្កហេតុ​គ្រប់​ទម្រង់​ដោយ​ប្រទេស​កូរ៉េខាងជើង​ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ឬ​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ។​

​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan (SSGN-727) ជា​ប្រភេទ Ohio-class ឋិត​ក្នុងចំណោម​នាវាមុជទឹក​ទាំង​១៨​កំពុងដំណើរការ​រប​ស់​រដ្ឋ​អាមេរិក ដែល​ក្រៅពី​បំពាក់​មី​ស៊ី​ល​វាយលុក​ធុន Tomahawk គឺអាច​បំពាក់​មី​ស៊ី​ល​វាយលុក​ដ៏​ទំនើប​ធុន Trident I និង Trident II ចំនួន​២៤​គ្រាប់ ដោយ​មី​ស៊ី​ល​ធុន Trident I អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​៨​គ្រាប់ មាន​កម្លាំង​ស្មើនឹង​១០០​គីឡូតោន និង​មី​ស៊ី​ល​ធុន Trident II អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​៨​គ្រាប់ ឬ​១៤​គ្រាប់ មាន​កម្លាំង​ស្មើនឹង​៤៧៥​គីឡូតោន ។

​ដោយឡែក នាវាចម្បាំង​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Ronald Reagan (CVN-76) ក្រៅពី​បំពាក់​នូវ​ប្រព័ន្ធ​អាវុធ​មី​ស៊ី​ល គឺអាច​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ជាង​៩០​គ្រឿង ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.