ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

ចម្លើយ​ចេញ​ហើយ ! ជប៉ុន​ទម្លាយ​នូវ​មូល​ហេតុដែល​មិន​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ហោះ​ឆ្លងកាត់​រំលង​ប្រទេស​ខ្លួន​រហូតដល់​២​លើក

​រយៈពេល​០២​ខែ​ជាប់ៗ​គ្នា​នា​ឆ្នាំ​២០១៧​នេះ ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់ខ្លួន​ចំនួន​២​លើក ដោយ​ហោះ​ឆ្លងកាត់​រំលង​ប្រទេស​ជប៉ុន​មុននឹង​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក គឺ​លើក​ទី​១​ថ្ងៃទី​២៩ ខែសីហា និង​លើក​ទី​២​ថ្ងៃទី​១៥ ខែកញ្ញា ខណៈ​ប្រទេស​ជប៉ុន​មិនបាន​ចាត់វិធានការ​តបត​វា​យ​ស្ទាក់​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​នោះ​ម្តងណា​ឡើយ ។​

Image may contain: 4 people, people smiling, people standing

​ការមិន​សម្រេចចិត្ត​តបត​វាយ​ស្ទាក់​បាញ់​ទម្លាក់​មី​ស៊ី​ល​ផ្លោង​របស់​ប្រទេស​កូរ៉េខាងជើង​ពី​សំណាក់​ប្រទេស​ជប៉ុន​រហូតដល់​ទៅ​ចំនួន​២​លើក​នេះ បាន​បង្កើត​ឲ្យ​មាន​សំនួរ​ជាច្រើន​ដែល​ចង់ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៅក្នុង​ដំណើររឿង តើ​មកពី​មហាអំណាច​សហរដ្ឋអាមេរិក​មិន​អនុញ្ញាត​ឲ្យ​បាញ់ ឬ​មកពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ជ​ប៉ុន​មិនមាន​សមត្ថភាព​គ្រប់គ្រង ឬ​មកពី​មូលហេតុ​ផ្សេងទៀត ?

Image may contain: sky, cloud and outdoor

​ក្រុមប្រឹក្សា​នាយសេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាងត្បូង​ធ្លាប់បាន​វាយតម្លៃថា ការបាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​លើក​ទី​១​របស់​ប្រទេស​កូរ៉េខាងជើង​នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ គឺជា​អាវុធ​មី​ស៊ី​ល​ធុន Hwasong-12 ដោយ​ហោះ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​២ ៧០០​គីឡូម៉ែត្រ​ក្នុង​រយៈកម្ពស់​៥៥០​គីឡូម៉ែត្រ រំលង​ឆ្លងកាត់​ប្រទេស​ជប៉ុន​មុននឹង​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ​ពី​ចុង​កោះ Erino ប្រទេស​ជប៉ុន​ប្រមាណ​១ ១៨០​គីឡូម៉ែត្រ ។ រីឯ​ការបាញ់​តេស្ត​សាកល្បង​លើក​ទី​២​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ ចេញពី​តំបន់ Sunan នៃ​ទីក្រុង Pyongyang ប្រទេស​កូរ៉េខាងជើង គឺជា​អាវុធ​មី​ស៊ី​ល​ធុន Hwasong-14 ដោយ​ហោះ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៣ ៧០០​គីឡូម៉ែត្រ​ក្នុង​រយៈកម្ពស់​៧៧០​គីឡូម៉ែត្រ​រំលង​ឆ្លងកាត់​ប្រទេស​ជប៉ុន​ប៉ែក​ខាងកើត​កោះ Hokkaido រួច​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក មាន​ចម្ងាយ​ប្រមាណ​២ ០១៥​គីឡូម៉ែត្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន ។

Image may contain: cloud, sky and outdoor

​ទាំង​លោក Taro Kono រដ្ឋមន្ត្រីការបរទេស​ជប៉ុន ទាំង​ក្រុមប្រឹក្សា​នា​សេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាងត្បូង​សុទ្ធតែ​បាន​វាយតម្លៃ​អះអាងថា មី​ស៊ី​ល​ដែល​ប្រទេស​កូរ៉េខាងជើង​បាញ់​តេស្ត​សាកល្បង​លើក​ទី​២​នោះ គឺជា​ប្រភេទ​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) ។​

Image may contain: sky, skyscraper and outdoor

​យោងតាម​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងជើង គឺ​ក្នុងករណី​ប្រទេស​នេះ​បាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​អន្តរទ្វីប (ICBM) ត្រូវតែ​សំដៅ​កំណត់​មុខសញ្ញា​ឲ្យ​ធ្លាក់​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ដោយ​គេច​មិន​ផុតពី​ការបាញ់​ហោះ​រំលង​ឆ្លងកាត់​ដែនអាកាស​របស់​ប្រទេស​ជប៉ុន​នោះឡើយ ខណៈ​មូលដ្ឋានទ័ព​របស់​សហ​រដ្ឋ​អាមេរិក​ក៏មាន​ឋិត​នៅ​ប្រទេស​ជប៉ុន​ដែរ ។

Image may contain: outdoor

​អ្នកជំនាញ​ខាង​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា អនុលោម​តាម​អធិបតេយ្យភាព​នៃ​ដែនអាកាស​របស់​ប្រទេស​នីមួយៗ ក្នុងករណី​បើ​មាន​អាវុធ​មី​ស៊ី​ល​ឆ្លងកាត់​រំលង​ប្រទេស​របស់ខ្លួន គឺ​ប្រទេស​នោះ​អាច​ប្រើប្រាស់​សិទ្ធិ​បាញ់​ស្កាត់​ទម្លាក់អាវុធ​មី​ស៊ី​ល​សត្រូវ ឬ​មី​ស៊ី​ល​ប្រភព​អនាមិក​ណាមួយ​បាន ។ ដូច្នេះ ជប៉ុន​អាច​បាញ់​ទម្លាក​មី​ស៊ី​ល​កូរ៉េខាងជើង​បាន លើកលែងតែ​ជប៉ុន​មិន​ចង់​បាញ់ ឬ​ប្រព័ន្ធ​ដែនអាកាស​របស់​ជប៉ុន​គ្មាន​សមត្ថភាព​គ្រប់គ្រង និង​មិនអាច​បាញ់​បាន ។

Image may contain: text

​នាពេល​ថ្មីៗ​នេះ ក្នុង​ជំហរ​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សួរថា ហេតុអ្វី​បានជា​ជប៉ុន​មិន​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​នោះ លោក Itsunori Onodera រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​បកស្រាយ​អំពី​មូល​ហេតុថា «​មី​ស៊ី​ល​កូរ៉េខាងជើង​មិនមាន​ការគំរាមកំហែង​បូរណភាព​ដែនដី​ជប៉ុន​ទេ ។ មី​ស៊ី​ល​កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​ឆ្លងកាត់​រំលង​ប្រទេស​ជប៉ុន​ក្នុង​រយៈកម្ពស់​ខ្ពស់ គឺ​គ្មាន​សញ្ញា​ថា នឹង​ធ្លាក់ចុះ​ក្នុង​ទឹកដី​របស់​ជប៉ុន​ទេ ហើយក៏​មិន​តម្រូវ​ឲ្យ​ជប៉ុន​បើក​ប្រតិបត្តិការ​ក្រោមរូបភាព​យោធា​បាញ់​ស្កាត់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែរ លើកលែងតែ​ប្រទេស​កូរ៉េខាងជើង​មាន​គោលបំណង​វាយលុក​លើ​ជប៉ុន ។​» ។

Image may contain: one or more people

​តើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ជ​ប៉ុន​សព្វថ្ងៃ​មាន​អ្វីខ្លះ ហើយ​មាន​សមត្ថភាព​គ្រប់គ្រង និង​អាច​វាយ​ស្កាត់​បាញ់​ទម្លាក់អាវុធ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​បានដែរ​ឬទេ ?

​ក្រៅពី​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន PAC-3 (Patriot Advanced Capability-3) ដែលមាន​ស្រាប់ និង​ធ្វើ​ទំនើបកម្ម​រួចហើយ គឺ​ជប៉ុន​កំពុងអភិវឌ្ឍន៍​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD និង​ជាពិសេស​ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​ធុន SM-3 ជា​ផ្នែក​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក​ធុន Aegis បានដាក់​ដំឡើង​នៅលើ​នាវាចម្បាំង​របស់​ជប៉ុន​រួចជាស្រេច ។ មី​ស៊ី​ល​ធុន SM-3 អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ពី​៧០០​គីឡូម៉ែត្រ​ទៅ​២ ៥០០​គីឡូម៉ែត្រ ដោយ​ប្រើ​ថេរវេលា​ត្រឹមតែ​ប្រមាណ​០៤​នាទី​ប៉ុណ្ណោះ ។ ដូច្នេះ ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ជ​ប៉ុន​អាច​គ្រប់គ្រង និង​បាញ់​ទម្លាក់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ប្រទេស​កូរ៉េខាងជើង​បាន​គ្រប់ពេលវេលា ។

Image may contain: sky, mountain and outdoor

​អ្នកវិភាគ​នយោបាយ និង​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​លើកឡើងថា ហេតុផល​ដែល​នាំ​ឲ្យ​ជប៉ុន​មិន​សម្រេចចិត្ត​ប្រើប្រាស់​សិទ្ធិ​ខាង​យោធា​បាញ់​ទម្លាក់អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​នោះ គឺ ៖ ១-​អាច​រង់ចាំ «​ភ្លើង​ខៀវ​» ពី​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​មានអំណាច​ធំ ។ ២-​អាច​សហរដ្ឋអាមេរិក​ត្រូវការ​រង់ចាំ​មើល​ប្រតិកម្ម​ពី​មហាអំណាច​ចិន​ដែលជា​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​កូរ៉េខាងជើង និង​ក៏​ជា​ប្រទេស​នៅ​ពីក្រោយ​កម្មវិធី​អាវុធ​មី​ស៊ី​ល​-​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ដ៏​សំខាន់ ។ ៣-​អាច​សហរដ្ឋអាមេរិក​ត្រូវការ​ឆក់យក​ឱកាស​ពី​ការគំរាមកំហែង​ខាង​សព្វាវុធ​របស់​កូរ៉េខាងជើង ដើម្បី​លក់​សព្វាវុធ​របស់ខ្លួន​ទៅ​ឲ្យ​បណ្តា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ក្រោម​ឥទ្ធិពល​យោធា​របស់​កូរ៉េខាងជើង ៕​

Image may contain: sky, mountain, outdoor and nature

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.