ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ឡូយ​កប់​ស៊េរី ! ប៉ូលិស​ពាក់​ផ្កាយ​២​អាច​ធ្វើជា​មេធាវី​ប្តឹង​រំលាយ​គណបក្ស CNRP យ៉ាង​ហំ​ហាន​

កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ឲ្យ​មេធាវី​ចំនួន​៥​នាក់​បម្រើ​ការងារ​នៅ​ការិយាល័យ​ក្រុមហ៊ុន​មេធាវី​កម្ពុជា​ធ្វើជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួងមហាផ្ទៃ​ក្នុងការ​ធ្វើ​ពាក្យបណ្តឹង និង​ចុះហត្ថលេខា​លើ​ពាក្យ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទៅ​តុលាការ​កំពូល រួមមាន ៖ ១-​ឯកឧត្តម​មេធាវី គី តិច អត្តលេខ​១៥៦ មេធាវី​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​, ២-​ឯកឧត្តម​មេធាវី លី ច័ន្ទ​តុលា អត្តលេខ​៥៨១ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​, ៣-​ឯកឧត្តម​មេធាវី គង់ ទី​លីន អត្តលេខ​៤៤៧ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​៥៤៦៩៤ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ៤-​លោក​មេធាវី សាន់ ជួយ អត្តលេខ​២៩៩ និង​លោក​មេធាវី ចេង ប៉េង​ហាប់ អត្តលេខ​៥៤២ ។​

​មាន​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ទៅនឹង​ក្រសួងមហាផ្ទៃ​ស​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ឲ្យ​មេធាវី​ទាំង​៥​នាក់​លើ​ការធ្វើ​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ ៖

១-​ការប្តឹង​រំលាយ​គណបក្សនយោបាយ​ទៅ​តុលាការ​កំពូល គឺជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ហើយ​ក្រសួងមហាផ្ទៃ​ក៏មាន​មេធាវី​ប្រចាំ​ក្រសួង​ដែរ ជាអាទិ៍ ៖ ឯកឧត្តម​មេធាវី តែ ចំណាន អត្តលេខ​០៩៣, ឯកឧត្តម​មេធាវី ឆេង ផាត់ អត្តលេខ​៥៤៨ និង​ឯកឧត្តម​មេធាវី ម៉ារ សំបូរ​ណា អត្តលេខ​៨២០ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/២៨២ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦) ប៉ុន្តែ​ជាក់ស្តែង​កាល​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ឲ្យ​មេធាវី​ចំនួន​៥​នាក់ លើ​ការធ្វើ​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បែរជា​ក្រសួងមហាផ្ទៃ​មិន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ប្រចាំ​ក្រសួង​របស់ខ្លួន​ទៅវិញ (​ឬក៏​មើលរំលង ឬក៏​មេធាវី​ប្រចាំ​ក្រសួង​របស់ខ្លួន​មាន​សមត្ថ​ភាពអន់ថយ ? ) ។

២-​ក្នុងចំណោម​មេធាវី​ទាំង​៥​នាក់ ដែលជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រសួងមហាផ្ទៃ​ក្នុងការ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​កំពូល​នោះ គឺមាន​ឯកឧត្តម​មេធាវី គង់ ទី​លីន ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ផង និង​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​៥៤៦៩៤ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ផង ។ មានន័យថា ឯកឧត្តម​មេធាវី​ផ្កាយ​២​ប៉ូលិស គង់ ទី​លីន គឺជា​ប៉ូលិស​ពាក់​ផ្កាយ​២​ប៉ុន្តែ​អាចធ្វើ​ជា​មេធាវី​ប្រកប​វិជ្ជាជីវៈ​ពេញទំហឹង​តែម្តង ។

​លោក គង់ ទី​លីន អាយុ​៣៥​ឆ្នាំ បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៤៤៧ នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៦ និង​បាន​ក្លាយជា​មេធាវី​ពេញសិទ្ធិ​នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០៧ ។​

​លោក​មេធាវី គង់ ទី​លីន ដែលមាន​សែស្រឡាយ​អ្នកធំ​នៅ​ក្រសួងមហាផ្ទៃ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (​មិន​យកប្រាក់​បៀវត្សរ៍​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៤/៥៤៧ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ពោលគឺ​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​មេធាវី​» ។

​រយៈពេល​ប្រមាណ​១​ឆ្នាំ​ក្រោយមក ឯកឧត្តម​មេធាវី គង់ ទី​លីន ក៏ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៥៤៦៩៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៧៣ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ។​

​ប្រមាណ​ជិត​២​ឆ្នាំក្រោយ​មកទៀត ឯកឧត្តម​មេធាវី​ផ្កាយ​១​ប៉ូលិស គង់ ទី​លីន ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៣៧ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា វិជ្ជាជីវៈ​មេធាវី ជា​វិជ្ជាជីវៈ​ឯករាជ្យ និង​សេរី​ដែល​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌ និង​ប្រព្រឹត្តទៅ​បានតែ​ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈមេធាវី​ដូច​មានចែង​ក្នុង​មាត្រា​១​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​នោះ មានការ​ធ្លាក់​ថមថយ​ចុះ​យ៉ាងខ្លាំង ដោយសារ​ភាពច្របូកច្របល់​នៃ​ការប្រកប​វិជ្ជាជីវៈ​មេធាវី​ផង និង​ភាព​រើសអើង​នៃ​ការបំពេញ​ការងារ​នៅក្នុង​សង្គម​ឡូកឡំ​ជាមួយ​គណបក្សនយោបាយ​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.