ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ចេញ​ផ្នែក​អភិបាលកិច្ច​សន្តិសុខ ! កូនប្រុស​ជា​ទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​២​នាក់ និង​កូនប្រសា​ប្រុស​ជា​ប៉ូលិ​ស​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​របស់​បុរស​ខ្លាំង ត្រូវបានតែងតាំង​ក្នុង​សមាសភាព​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ

កូនប្រុស​ដែលជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អត្តលេខ​០៣៣៨៨៣ (​ជា​កូនប្រុស​ច្បង​) និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត (​ទើប​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០១ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧) អត្តលេខ​០៧៥៥៥៥ (​ជា​កូនប្រុស​ទី​២) និង​កូនប្រសា​ប្រុស​ម្នាក់​ដែលជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​រប​ស់បុរ​ស​ខ្លាំង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អត្តលេខ​០១២៧៨ (​ស្វាមី​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​បុរស​ខ្លាំង​) ទទួលបាន​ការតែងតាំង​ក្នុង​សមាសភាព​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ ដែល​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​មាន​បុរស​ខ្លាំង​ជា​ប្រមុខ​លេខ​៧៤​សសរ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ តាម​សំណើ​ជា​លាយលក្ខណ៍អក្សរ​លេខ​៧២៧៨​អបព​.​កប​ទ​.​ស​អ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រោមរូបភាព «​យោងតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​» ។

​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អភិបាលរ​កិច្ច​សន្តិសុខ​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង​នេះ​មាន​សមាសភាព​ចំនួន​៩​នាក់ ជាអាទិ៍ ៖ ១-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អត្តលេខ​០២៣៣ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​ប្រធាន​, ២-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អត្តលេខ​០៣៣៨៨៣ នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ជា​អនុប្រធាន​, ៣-​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អនុប្រធាន​, ៤-​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​អនុប្រធាន​, ៥-​លោកជំទាវ អ៊ា​ត សោភា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​សមាជិក​, ៦-​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អត្តលេខ​០៧៥៥៥៥ នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​នៃ​ក្រសួងការពារជាតិ ជា​សមាជិក​, ៧-​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​សមាជិក​, ៨-​ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​សមាជិក និង​៩-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អត្តលេខ​០១២៧៨ ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ ជា​សមាជិក ។​

​អនុលោម​តាម​ប្រការ​២​នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៧៤​សសរ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ស្តីពី​ការបង្កើត​ក្រុមការងារ​ស្រាវជ្រាវ​ផ្តល់យោបល់​ផ្នែក​អធិការកិច្ច​សន្តិសុខ គឺ​ក្រុមការងារ​នេះ​មាន​ភា​កិច្ច​សិក្សា​ស្រាវជ្រាវ និង​ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ស្រុក និង​នៅ​បរទេស ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​រៀបចំ​អនុសាសន៍​ស្តីពី​វិធានការ​ចាំបាច់ និង​គោលនយោបាយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ទ្រព្យសម្បត្តិ​សាធារណៈ និង​គម្រោង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ ។ ក្រុមការងារ​នេះ អាច​ស្នើ​បន្ថែម​សមាសភាព និង​អញ្ជើញ​តំណាង​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន ឥស្សរ​ជនជាតិ​-​អន្តរជាតិ ឬ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ប្រជុំ​ពិគ្រោះ​យោបល់ ឬ​ចូលរួម​ក្នុង​ការងារ​សិក្សា​ស្រាវជ្រាវ និង​ផ្តល់យោបល់​តាម​ការចាំបាច់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.