ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

កណ្តាប់ដៃ​ដែក ! រយៈពេល​៥​ឆ្នាំមាន​មន្ត្រី​ចិន​ជាង​១​លាន​នាក់ ត្រូវ​បានដាក់​ទោសទណ្ឌ​ក្នុង​រឿង​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ

គេហទំព័រ​សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​ដកស្រង់​ពី​ប្រភព​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​មជ្ឈិម​សម្រាប់​អធិការកិច្ច​វិន័យ (CCDI) ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៣​មក ពោល​មាន​រយៈពេល​ប្រមាណ​៥​ឆ្នាំ គឺមាន​មន្ត្រី​ចិន​ចំនួន​ប្រមាណ​១,៣៤​លាន​នាក់​ត្រូវ​ទទួលរង​ការដាក់ទោសទណ្ឌ​ឋិត​ក្រោម​យុទ្ធនាការ​កណ្តាប់ដៃ​ដែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Xi Jinping ។​

Image may contain: 1 person, sitting and indoor

​របាយការណ៍​របស់ CCDI បាន​ឲ្យ​ដឹងថា មន្ត្រី​ចិន​ដែល​រង​ការដាក់ទោសទណ្ឌ​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ គឺមាន​ចាប់តាំងពី​មន្ត្រី​ថ្នាក់ភូមិ ចំនួន​៦៤៨ ០០០​នាក់ (​បទ​ពុករលួយ​តូចតាច​) រហូតដល់​មន្ត្រី​ថ្នាក់ស្រុក​-​ខេត្ត និង​ថ្នាក់​ជាន់ខ្ពស់ ខណៈ​មុខសញ្ញា​កំណត់​ទោសទណ្ឌ​ចំពោះ​មន្ត្រី​ថ្នាក់លើ​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

No automatic alt text available.

​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍ Guo Boxiong អាយុ​៧៥​ឆ្នាំ អតីត​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ចិន​ធ្លាប់​កាន់កាប់​អំណាច​យោធា​ដ៏​មាន​ឥទ្ធិពល​ចាប់ពី​ឆ្នាំ​២០០២ នា​សម័យ​អតីត​លោក​ប្រធានាធិបតី​ចិន Hu Jintao ត្រូវបាន​តុលាការយោធា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ទំហំ​ទឹកប្រាក់​ជាង​១២,៣​លាន​ដុល្លារ​អាមេរិក ហើយក៏​ត្រូវបាន​បង្គាប់​ឲ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​បានមកពី​ផល​នៃ​អំពើពុករលួយ​នេះ​ថែម​ទៀតផង ។​

Image may contain: 9 people, people standing and outdoor

CCDI បាន​រាយការណ៍​ឲ្យ​ដឹង​ទៀតថា កាលពី​ខែសីហា ឆ្នាំ​២០១៧ សូម្បី​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ក៏ត្រូវ​បានដាក់​ឲ្យ​ឋិត​ក្រោម​ការស៊ើបអង្កេត​ពីបទ​សង្ស័យ​ទទួល​សំណូក ។ លើសពីនេះ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ដែរ មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ក៏ត្រូវ​បាន​ចាប់ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​អំពើពុករលួយ ។​

Image may contain: 1 person

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ក្រោម​កណ្តាប់ដៃ​ដែក​របស់លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ទូទាំងប្រទេស គឺ​អាជ្ញាធរ​ចិន​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​បានមកពី​ផល​នៃ​អំពើពុករលួយ​ស៊ីសំណូក​-​សូកប៉ាន់ បាន​ចំនួន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Image may contain: 3 people, people standing

​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៧​ខាងមុខនេះ គណបក្ស​កុម្មុយនីស្ត​ចិន (CPC) និង​បើក​សមាជ​គណបក្ស​លើក​ទី​១៩​របស់ខ្លួន ដែល​គេ​ផ្តោតអារម្មណ៍​ថា លទ្ធផល​នៃ​អង្គសមាជ​នឹង​បើកផ្លូវ​ឲ្យ​លោក​ប្រធានាធិបតី Xi Jinping ដែល​ឡើងកាន់តំណែង​កាលពី​អំឡុង​ឆ្នាំ​២០១២​នោះ អាចមាន​លទ្ធភាព​បញ្ចេញ​កណ្តាប់ដៃ​ដែក​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋការ និង​ឈ្មួញ​ទុច្ចរិត​ចិន​ក្តៅគគុក​តទៅទៀត ៕​

Image may contain: 4 people, people standing and people sitting

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.