ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ជីវិត និង​លុយ ! គ្លីនិក​សម្ភព​ម៉ា​នី​សង​ប្រាក់​១​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព ព្រោះតែ​សម្រាលកូន​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ដើម្បី​បញ្ចប់រឿង

សេចក្តីរាយការណ៍​ពី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា មាន​ស្ត្រី​វ័យ​៣១​ឆ្នាំ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ពេល​ទៅ​ទទួល​សេវា​ពិនិត្យ និង​សម្រាលកូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ម៉ា​នី ឋិត​នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​វេលា​ម៉ោង​១៩ និង​៥០​នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ពេល​សម្រាលកូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ម៉ា​នី ក្រុង​តាខ្មៅ​នោះ មានឈ្មោះ រឿន ដា​នី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បោះពុម្ព​សំបុត្រ​ការ​-​បុណ្យ​ផ្សេងៗ ស្នាក់នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុង​ស្អាង ខេត្តកណ្តាល ។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​ដោយ​ដកស្រង់​ការបំភ្លឺ​របស់​ស្ត្រី​ឈ្មោះ ឆាយ សោ​ភ័​ណ្ឌ អាយុ​៥៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​កូនស្រី​របស់គាត់​បាន​ប្រាប់ថា ឈឺពោះ (​សម្រាលកូន​) ហើយ​ក្រុមគ្រួសារ​ក៏បាន​បញ្ជូនមក​សម្រាល​កូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ម៉ា​នី ក្រុង​តាខ្មៅ ។ លុះ​មកដល់​គ្លីនិក គ្រូពេទ្យ​បាន​នាំ​ជនរងគ្រោះ​ចូលក្នុង​បន្ទប់ និង​ព្យូ​រ​ស៊ី​រ៉ូម​ឲ្យ​ជនរងគ្រោះ​ផង ។ ប្រមាណ​មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​ក៏បាន​ឈឺពោះ​រហូត​បែក​ទឹកភ្លោះ ទើប​គ្រូពេទ្យ​ចាប់ផ្តើម​លើក​ជនរងគ្រោះ​ឡើងលើ​គ្រែ​សម្រាលកូន ។ ពេល​ទារក​សម្រាល​មក​ក៏​សន្លប់ ខណៈ​ជនរងគ្រោះ​មាន​ធ្លាក់ឈាម​យ៉ាងច្រើន​រួច​ក៏​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​សោកស្តាយ​តែម្តង ។

​សមត្ថកិច្ច​ជំនាញ​ដែល​បាន​ចុះមក​ពិនិត្យ​សាកសព​ផ្ទាល់​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​សម្រាលកូន​មាន​ធ្លាក់ឈាម​ច្រើន​ទើប​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ។ ក្រោយពេល​ពិនិត្យ​សាកសព​ចប់សព្វគ្រប់​រួចហើយ សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ខាង​គ្លីនិក​សម្ភព​ម៉ា​នី​បានទទួល​ស្គាល់​កំហុសរ​បស់​ខ្លួន​ដែល​អសមត្ថភាព​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ទើប​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ដោយ​គ្លីនិក​ព្រម​សង​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ស្មើនឹង​១​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង ។​

​នេះ​គឺជា​ព័ត៌មាន ឬ​ជា​សារ​មួយ​ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​បម្រើ​ការងារ​នៅតាម​គ្លីនិក​ឯកជន​ក្តី និង​មន្ទីរពេទ្យ​មាន​លក្ខណៈ​ជា​សហគ្រាស​សាធារណៈ​ក្តី ធ្វើការ​ប្រុងប្រយ័ត្ន​ជាមុន​ក្នុង​ការត្រៀម​សង្គ្រោះ​ស្ត្រី​សម្រាលកូន​ទាំងឡាយ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​កម្រិត​ខ្ពស់​រហូតដល់​បាត់បង់​ជីវិត និង​ដើម្បី​ឲ្យ​សាធារណជន​ថ្លឹងថ្លែង​ឲ្យ​បាន​ម៉ត់ចត់​មុននឹង​សម្រេចចិត្ត​បញ្ជូន​កូន ប្រពន្ធ ឬ​ក្រុមគ្រួសារ​សាច់ញាតិ​ទៅ​សម្រាលកូន​នៅតាម​បណ្តា​គ្លីនិក​ឯកជន​នានា ពីព្រោះ​លុយកាក់​មិនអាច​មានតម្លៃ​ស្មើនឹង​អាយុជីវិត​របស់​មនុស្ស​ដែលជា​ទីស្រឡាញ់​បានឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.