ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

ផ្តើមឡើង «​ឯកឧត្តម​» ! កូនប្រុស​ឯកឧត្តម ជីវ កេង អនុប្រធាន​តុលាការ​កំពូល ដែល​ធ្វើ​ព្រះរាជអាជ្ញា ទទួលបាន​ការតែងតាំង​ជា​នាយក​សាលា​ភូមិន្ទ​ចៅក្រម​

កូនប្រុស​បង្កើត​ម្នាក់រ​បស់​ឯកឧត្តម ជីវ កេង អនុប្រធាន​តុលាការ​កំពូល និង​ជា​សហប្រធាន​ក្រុមអធិការកិច្ច​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម (​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​រយៈពេល​៩​ឆ្នាំ និង​អតីត​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​) ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌ គឺ​លោក កេង សុ​ម៉ា​រិ​ទ្ធ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា នាយក​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០៨ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ពោលគឺ​មាន​ងារ​ជា «​ឯកឧត្តម​» ។​

​លោក កេង សុ​ម៉ា​រិ​ទ្ធ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម ជីវ កេង អតីត​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​អតីត​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល គឺជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៤​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​ត្រូវបានតែងតាំង​ជា​ចៅក្រម​កម្មសិក្សា​បម្រើការ​ងារ​នៅ​សាលាដំបូង​ខេត្តកណ្តាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/២៣៣ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១១ និង​ទទួល​បានការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១២/៥៩១ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២ ។​

​បន្ទាប់ពី​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​រយៈពេល​ប្រមាណ​០៣​ខែ លោក​ចៅក្រម កេង សុ​ម៉ា​រិ​ទ្ធ ក៏ត្រូវ​បានដាក់​ឲ្យ​ឋិត​នៅក្នុង​ភាព​ទំនេរ​គ្មាន​បៀវត្សរ៍​រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១២ ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១២/៩៩៧ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១២ ។

​ក្រោយមក លោក កេង សុ​ម៉ា​រិ​ទ្ធ ត្រូវបាន​ផ្ទេរ​មុខតំណែង​ពី​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌ (​ក្លាយជា​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៤/១២០៧ ចុះ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៤ ។​

​រយៈពេល​ប្រមាណ​២​ឆ្នាំក្រោយ​មកទៀត លោក កេង សុ​ម៉ា​រិ​ទ្ធ ត្រូវបានធ្វើ​សមាហរណកម្ម​ទៅក្នុង​ឋានន្តរស័ក្តិ​អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៦/១១៨២ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.