ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

CNRP មិនអាច​រលាយ​ទេ ! គណបក្ស​សង្គ្រោះ​ជាតិ​អាច​ត្រូវ​រំលាយ ឬ​អត់ គឺអាច​ពឹង​លើ «​សម្តី​មួយ​ម៉ាត់​» របស់​ឯកឧត្តម កឹម សុខា

ទន្ទឹមនឹង​សំឡេងគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា និង​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៥៥​អាសនៈ​ចេះតែ​កើន​ឡើងជា​លំដាប់​នោះ រលក​សម្ពាធ​បង្កឡើង​តាម​គ្រប់​រូបភាព និង​គ្រប់​វិធី​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​មកលើ​គណបក្សនយោបាយ​ប្រឆាំង​មួយ​នេះ​ក៏​ចេះតែ​កើតមាន​ជា​ន្ត​បន្ទាប់​ដែរ រហូតដល់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រស់នៅ​ស្រុក​ខ្មែរ​លែង​បាន និង​ឯកឧត្តម កឹម សុខា ទើបតែ​ឡើងកាន់តំណែង​ជា​ប្រធាន​គណបក្ស​ថ្មីៗ​ជំនួស​លោក សម រង្ស៊ី ក៏ត្រូវ​ជាប់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ជាមួយ​បរទេស ព្រមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ប្រឈម​នឹង​ការ​ប្តឹងទៅ​ស្ថាប័ន​តុលាការ​កំពូល​ដើម្បី​រំលាយចោល​តាម​សំណើ​ជា​ល្បែង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​សំណួរ​ត្រូវបាន​ចោទសួរ​នៅក្នុង​ស្រទាប់​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ និង​ស្ថានការណ៍​សង្គម​កម្ពុជា​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រលាយបាត់​ពី​ពិភព​នយោបាយ​ក្រោម​មហិច្ឆតា​ប៉ុនប៉ង​រំលាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរឬទេ ? បើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ តើ​ប្រទេសជាតិ​ចំណេញ​អ្វី គណបក្ស​ប្រជាជន​កម្ពុជា​ចំណេញ​អ្វី និង​ខាតបង់​អ្វី ?

​ពិតណាស់ ក្រៅពី​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៥៥​អាសនៈ និង​អាសនៈ​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៥ ០០៧ ព្រមទាំង​មាន​សមាសភាព​នៅក្នុង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បច្ចុប្បន្ន គឺ​នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​បានការ​ចំនួន​ជាង​៣​លាន​សំឡេង ហើយក៏​មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សនយោបាយ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ម្ចាស់ឆ្នោត​ចំនួន​ជាង​៣​លាន​នាក់ ។ ដូច្នេះ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ស្មើនឹង​រំលាយ​តំណាងរាស្ត្រ​ចំនួន​៥៥​នាក់​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ស្មើនឹង​រំលាយ​សមាសភាព​គ​.​ជ​.​ប ចំនួន​៤​នាក់ និង​ស្មើនឹង​រំលាយ​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន​៥ ០០៧​នាក់ ព្រមទាំង​ស្មើនឹង​រំលាយ​សំឡេង​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត​ចំនួន​ជាង​៣​លាន​នាក់​ដែរ ។​

​ចរន្ត​នៃ​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កើតឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ដាក់ពន្ធនាគារ​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ក្រោម​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ (​ស​ន្ទិ​ដ្ឋិ​ជាមួយ​បរទេស​) ព្រមទាំង​គំរាម​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅលើ​ជន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា បើទោះបី​មាន​គណបក្សនយោបាយ​មួយចំនួន​ប្រកាស​ចង់​ដើរតួ​ជា​គណបក្សនយោបាយ​ប្រឆាំង​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី គឺ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្មើនឹង​ការបាត់បង់​ដៃគូ​ដ៏​មានន័យ​សម្រាប់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ (​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្មើនឹង​គ្មាន​ន័យ និង​គ្មាន​សេចក្តីថ្លៃថ្នូរ ព្រោះ​ខ្លាំង​ក្នុងចំណោម​បក្ស​ខ្សោយ និង​ប្រើ​ល្បិចកល​គ្រប់យ៉ាង​ដើម្បី​រំលាយ​បក្ស​ដៃគូ​ដែល​ខ្លាំង ដែល​ខ្លួន​ញញើត​) ។ ម្យ៉ាងទៀត សហគមន៍​អន្តរជាតិ​ក៏​ទំនង​នឹងមិន​មើលរំលង​អំពី​ករណី​នេះដែរ ។​

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ក្រៅពី​មិន​ចង់​បន្ទន់ឥរិយាបទ​ទន់ភ្លន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​អ្វីដែល​មិនអាច​ទទួលយកបាន​នោះ គឺ​ការ​ស្រោចស្រង់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​រលាយបាត់​រូបរាង​ត្រូវ​ពឹង​លើ​ការលះបង់​ជាមួយនឹង «​សម្តី​មួយ​ម៉ាត់​» របស់​ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ថា «​ជា​រឿង​របស់​ឯកឧត្តម​តែ​ម្នាក់ មិន​ពាក់ព័ន្ធ​ដល់​អ្នកដទៃ ឬ​គណបក្ស​ឡើយ​» នៅ​ចំពោះមុខ​តុលាការ ។ ការលះបង់​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ស្នើ​នឹង​ចាត់ទុកថា​ដើម្បី​សំឡេង​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ ឬ​ច្រើន​ជាងនេះទៀត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​ខាងមុខ ។

​សរុបសេចក្តី​មក ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដាច់ខាត​មិនអាច​រលាយ​បានឡើយ ហើយ​ការលះបង់​របស់​បុគ្គល​ដើម្បី​ភាព​រស់រាន និង​រឹងមាំ​របស់​គណបក្ស​ត្រូវ​ចាត់ទុកថា​ជា​អ្នកមាន​វីរភាព​ខ្ពង់ខ្ពស់​ពិតប្រាកដ ៕​

Filed in: Feature, ទស្សនៈនយោបាយ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.