ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

រឿងរ៉ាវ​អច្ឆរិយៈ ! វេជ្ជបណ្ឌិត​ម្នាក់​ដែល​មន្ទីរ​ធ្លាប់​ស្នើសុំ​ផ្លាស់ចេញ​ផ្អើល​ដល់​ក្រសួង និង ACU បែរជា​រដ្ឋបាលខេត្ត​ស្នើ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ

មន្ត្រី​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល​មាន​កម្រិតវប្បធម៌​ថ្នាក់​វេជ្ជបណ្ឌិត​ម្នាក់ និង​ជា​ថៅកែ​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​យីហោ «​សេ​តេ​-CT» ព្រមទាំង​ជា​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះ​សី​​ហ​នុ​ផង គឺ​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ដែល​ធ្លាប់​លេច​ធ្លាយ​រឿងអាស្រូវ​អសកម្ម​ការងារ​រហូត​បង្ក​ការភ្ញាក់ផ្អើល​ដល់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ហើយ​ធ្លាប់​ត្រូវបាន​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ស្នើសុំ​ឲ្យ​មានការ​ផ្ទេរ​ឈ្មោះ​ចេញពី​មន្ទីរ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅនោះ បែរជា​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​ស្នើសុំ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​យ៉ាង​ហ៊ឺហា​នា​ឆ្នាំ​២០១៧​នេះ​ទៅវិញ ។​

​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ (Lik Kim Hour) អាយុ​៥១​ឆ្នាំ នាយក​គ្លីនិក​ឯកជន​យីហោ «​សេ​តេ​-CT» ខេត្ត​ព្រះសីហនុ និង​ជា​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ធ្លាប់​ត្រូវបាន​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ធ្វើសំណើ​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ស្នើសុំ​ផ្ទេរ​ឈ្មោះ​ចេញពី​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​តាម​លិខិត​លេខ​៨២០​ម​ស​.​ខ​ព​សន ចុះ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥ ។ លើសពីនេះ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ក៏​ធ្លាប់​ត្រូវបាន​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ស្នើសុំ​ឲ្យ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ចាត់វិធានការ​វិន័យ​ទៀតផង តាម​ស្មារតី​លិខិត​លេខ​១៨១​សខប ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​លិខិត​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​បាន​លើកឡើងថា «​តាម​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​អំពី​ករណី​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ឲ្យ​ដឹងថា ទោះបីជា​មានការ​ណែនាំ​ជា​បន្តបន្ទាប់​ឲ្យ​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព​យ៉ាងណាក៏ដោយ គាត់​នៅតែ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ ដោយបាន​គ្រាន់តែ​មក​ចុះហត្ថលេខា​លើ​បញ្ជី​វត្តមាន​ការងារ ហើយ​ត្រឡប់ទៅផ្ទះ​វិញ​មិនបាន​គោរព​តាម​ការណែនាំ​ឡើយ ។ » ។

​មិនតែប៉ុណ្ណោះ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ក្នុងចំណោម​មន្ត្រី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​មួយចំនួនទៀត ក៏​ធ្លាប់​ត្រូវបាន​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ ស្នើសុំ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ធ្វើការ​ពិនិត្យ និង​ដោះស្រាយ​លើ​ភាព​អសកម្ម​របស់​មន្ត្រី​ទាំងនោះ​ផងដែរ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​ពាក្យបណ្តឹង​នា​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​រួចមក ។​

​ក្រោយពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ ស្រាប់តែ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ពិភាក្សា និង​វាយតម្លៃ​សម្រេច​លើ​ការតែងតាំង​បេក្ខភាព​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ហើយ​ឯកឧត្តម យន្ត មីន ក៏បាន​សម្រេច​ឯកភាព​តែងតាំង​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​៣ ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ និង​បង្គាប់​ឲ្យ​ចាត់​នីតិវិធី​ស្នើសុំ​ការអនុម័ត​ពី​ក្រុមប្រឹក្សា​ខេត្ត​ដើម្បី​ជំរុញ​ឲ្យ​ចេញ​ដីកា​ស្នើសុំ​តែងតាំង ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​លើ​ការស្នើសុំ​តែងតាំង​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់​ធ្លាយ​រឿងអាស្រូវ​អសកម្ម​ការងារ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ របស់​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នោះ គឺ ៖ ១-​ឯកឧត្តម យន្ត មីន រំលេច​អំពី​គុណសម្បត្តិ​ការងារ​របស់លោក​វេជ្ជ​បណ្ឌិត លិ គឹម​ហ៊ួ​រ ដោយ​ឡូកឡំ​ផ្អែកលើ​សំណូមពរ​ពី​ក្រុមយុវជន​គណបក្ស​គាំទ្រ ដោយ​ទម្លាក់កំហុស​ទៅលើ​មន្ទីរ​សុខាភិបាល​ខេត្ត​មិន​គាំទ្រ និង​វាយតម្លៃ​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ថា «​មិនមែន​មនុស្ស​ចោលម្សៀត​ពេក​» ព្រោះ​សំអាង​លើ​ការជាប់ឆ្នោត​ជា​ប្រធាន​គណៈ​គ្រូពេទ្យ (Sic!) ។ ២-​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ប្រជុំ​គាំទ្រ​តែងតាំង​បេក្ខភាព​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ទាំងមូល​នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ និង​ឯកឧត្តម យន្ត មីន ក៏បាន​ចុះហត្ថលេខា «​បានឃើញ និង​យល់ព្រម​» លើ​ឯកសារ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ បែរជា​សរសេរ​ឈ្មោះ​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ខុសឆ្គង​ថា «​លិ គឹម​ហួរ​» ទៅវិញ (Resic!) ។

​សរុបសេចក្តី​មក យោងតាម​ទំនោរ​គាំទ្រ​របស់​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែលមាន​ឯកឧត្តម យន្ត មីន ជា​អភិបាល​នៃ​គណៈ​អភិបាល​ផង បូករួម​ជាមួយ​ធនធាន​ទ្រព្យសម្បត្តិ​ផ្ទាល់​របស់លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ផង និង​និន្នាការ​ឡូកឡំ​ជាមួយ​ការងារ​គណបក្សនយោបាយ​ផង​…​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​ធ្វើការ​ព្យាករណ៍​ទស្សន៍ទាយ​ទុកជាមុន​ថា លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ដែល​ធ្លាប់មាន​រឿងអាស្រូវ​អសកម្ម​ការងារ​ផ្អើល​ដល់​ក្រសួងសុខាភិបាល និង ACU ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ធ្លាប់​ស្នើសុំ​ផ្ទេរ​ឈ្មោះ​ចេញពី​មន្ទីរ​នោះ នឹង​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​ជោគជ័យ​តាម​បំណង​នា​សម័យ «​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» នេះ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.