ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

កំហឹង​មេទ័ព​ប៉ះ​អំណាច​ឧកញ៉ា ! ចំណាត់ការ​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ទទួលរង​ការប្តឹង​ពី​ឧកញ៉ា តែ តាំង​ប៉ ពាក់ព័ន្ធ​ការ​វាយរបង​បើកផ្លូវ​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​វិញ

កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កង​កាំភ្លើង​ការពារ​អាកាស​នៃ​បញ្ជាការ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​វរៈ​នា​វី​ឯក អឿ សារឿន បាន​បើក​ប្រតិបត្តិ​ការចុះ​វាយរបង​ថ្ម​របស់លោក​ឧកញ៉ា តែ តាំង​ប៉ ឋិត​នៅ​ភូមិ​អុង​ក្នុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​អះអាងថា ដើម្បី​បើកផ្លូវ​សាធារណៈ​ខាងកើត​ឃ្លាំង​ប្រេង PTT (​រាម​) ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​ប្រើប្រាស់ ព្រោះតែ​របង​ថ្ម​របស់លោក​ឧកញ៉ា​តែ តាំង​ប៉ បាន​សាងសង់​បិទផ្លូវ​សាធារណៈ​មិនអាច​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​ធ្វើដំណើរ​បាន ។​

​ចំណាត់ការ​របស់​កម្លាំង​កងទ័ពជើងទឹក​មូល​ដ្ឋា​ន​រាម ខេត្ត​ព្រះសីហនុ កើតមាន​បែបនេះ គឺ​បន្ទាប់ពី​មាន​បុរស​៥​នាក់​អះអាងថា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​ចំនួន​៥៥២​គ្រួសារ​រស់នៅ​ភូមិ​អុង​ក្នុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើលិខិត​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​គោរព​ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ សំណើសុំ​បើកផ្លូវ​កែង​លេខ​៤៥​ខាងកើត​ជាប់​របង​ឃ្លាំង​ប្រេង PTT (​រាម​) ដែល​លោក​ឧកញ៉ា តែ តាំង​ប៉ បាន​សាងសង់​បិទផ្លូវ​ទុក​ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ​ឡើងវិញ ។

​ក្រោយមក នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧ លោក​ឧកញ៉ា តែ តាំង​ប៉ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដោយ​ប្តឹង​ចោទប្រកាន់​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​កង​ទ័ពជើងទឹក​រាម និង​កូនចៅ​ក្រោម​ឱវាទ គឺ​លោក​វរៈ​នា​វី​ឯក អឿ សារឿន ពីបទ​រំលោភ​អចលនវត្ថុ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ពាក់ព័ន្ធ​នឹង​ការប្តឹង​ចោទប្រកាន់​របស់លោក​ឧក​ញ៉ា តែ តាំង​ប៉ នេះ ត្រូវបាន​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ធ្វើការ​បកស្រាយ​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹងថា កម្លាំង​កងទ័ពជើងទឹក​រាម មិនបាន​ទៅ​រំលោភបំពាន ឬ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់លោក​ឧកញ៉ា តែ តាំង​ប៉ ដូច​ការចោទប្រកាន់​នោះទេ គឺ​គ្រាន់តែ​ធ្វើ​សកម្មភាព​វាយរបង​ដែល​លោក​ឧកញ៉ា តែ តាំង​ប៉ សាងសង់​បិទផ្លូវ​ដែល​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​ធ្លាប់ប្រើ​ប្រាស់​ជាប្រចាំ​លែង​ឲ្យ​ធ្វើដំណើរ​កើត ដើម្បី​បើកផ្លូវ​បាន​ប្រើប្រាស់​ជា​សាធារណៈ​វិញ​ប៉ុណ្ណោះ ។​

​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០៤៤០ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ដោយ​សង្កត់ធ្ងន់ថា «​ករណី​លោក​ឧកញ៉ា តែ តាំង​ប៉ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​មិន​ឲ្យ​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​ប្រើប្រាស់​នេះ គឺ​ក្រុមគ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹងតវ៉ា​មក​បញ្ជាការដ្ឋាន​មូល​ដ្ឋា​កងទ័ពជើងទឹក​រាម​ជួយ​អន្តរាគមន៍​ដោះស្រាយ​ច្រើនលើកច្រើនសា​មកហើយ រហូតដល់​ប្តឹងទៅ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ទៀតផង​។​…​លោក​ឧកញ៉ា មាន​ដីធ្លី និង​មានទ្រព្យ​សម្បត្តិ​ច្រើនណាស់​ទៅហើយ ហេតុអ្វី​ក៏​ចង់បាន​ផ្លូវ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ លែង​ឲ្យ​ប្រជាព​រដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​បាន​ប្រើប្រាស់​ទៀត ? » ។

​សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្រោយពេល​កម្លាំង​កងទ័ព​ជើង​ទឹក​រាម​ចុះ​ប្រតិបត្តិការ​វាយរបង​បិទផ្លូវ​សាធារណៈ​ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមគ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជាធម្មតា​វិញ​នោះ លោក​ឧកញ៉ា តែ តាំង​ប៉ ក៏បាន​ដឹកនាំ​សហការី និង​កម្លាំង​កងរាជអាវុធហត្ថ​ហែហម​ជាច្រើន​នាក់​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាននាំគ្នា​លាន់មាត់​ថា ប្រសិនបើ​កម្លាំង​កងទ័ព​ជើង​ទឹក​រាម​ចាត់ការ​បើកផ្លូវ​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​ប្រើប្រាស់ គប្បី​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កងកម្លាំង និង​ម្យ៉ាងទៀត ចំពោះ​លោក​ឧកញ៉ា តែ តាំង​ប៉ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ហើយ​នោះ គួរតែ​ធ្វើការ​បរិ​ចា្ច​គ​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​កងទ័ព​ផង ។​

​លោក តែ តាំង​ប៉ នាយក​គ្រប់គ្រង​ក្រុមហ៊ុន S.T.P International (Cambodia) Public Co.,Ltd. និង​ក្រុមហ៊ុន L.T.P Lien Thong International Investment Group (Cambodia) Co.,Ltd. ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០១/២២៩ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០០១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.