ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

មេ​ប៉ូលិស ៖ មាន​ជនបរទេស​ជាង​៧​ម៉ឺន​នាក់​កំពុង​រស់នៅ​កម្ពុជា ដោយ​កាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​

ក្រោយ​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ប្រព្រឹត្តទៅ​នា​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចមក ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ទៅកាន់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ជនបរទេស​ជាង​៧​ម៉ឺន​នាក់​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ដោយ​កាន់កាប់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ហើយ​រាជរដ្ឋាភិបាល​នឹងត្រូវ​លុបចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​ទាំងអស់នោះ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​នោះ រួមមាន ៖ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន​ជាដើម ។ នៅពេលដែល​រាជរដ្ឋាភិបាល​ធ្វើការ​លុបចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​នោះ​រួចហើយ គឺ​ឯកសារ​ទាំងអស់​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​តទៅទៀត​ទេ និង​មានន័យថា ជនបរទេស​ដែល​កាន់កាប់​ប្រើប្រាស់​ឯកសារ​មិន​ប្រក្រតី និង​ត្រូវបាន​លុបចោល ឬ​ដកហូត នឹង​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់ខ្លួន​វិញ ឬ​បើ​ជនបរទេស​ស្នាក់នៅ​យូរ គឺអាច​តម្រូវ​ឲ្យ​ដាក់​ពាក្យសុំ​ក្លាយជា​ជនអន្តោប្រវេសន៍​ស្របច្បាប់ ។

​គួរបញ្ជាក់​ជូន​ថា យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានចេញ​អនុក្រឹត្យ​មួយ​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ មាន​ចំនួន​៧​មាត្រា ។ មាត្រា​២,​មាត្រា​៣ និង​មាត្រា​៥ នៃ​អនុក្រឹត្យ​នេះ​បាន​ចែងថា «​ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​សំដៅ​ដល់​ឯកសារ​រដ្ឋបាល​កម្ពុជា​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ដោយ​ខុស​នីតិវិធី ឬ​ផ្ទុយ​នឹង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ។ ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ។ ជនបរទេស​ណា​ដែល​នៅតែ​បន្តកាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ឬ​បុគ្គល​ណា​ឃុបឃិត លួចលាក់ ក្លែងបន្លំ ឬ​បន្ត​ផ្តល់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ឲ្យ​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.