ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ដល់ពេល​ចូលនិវត្តន៍ ! ០២​ខែ​ទៀត អគ្គនាយករង​ពន្ធដារ​ល្បីឈ្មោះ​ម្នាក់​នឹងត្រូវ​ដាក់​ឲ្យ​ចូលនិវត្តន៍​ហើយ

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ម្នាក់ គឺ​លោក វ៉ាន់ ពុទ្ធិ​ពល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹងត្រូវ​ដាក់​ឲ្យ​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦៦៦ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ។​

​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ និង​បានចាប់ផ្តើម​ល្បីឈ្មោះ​ខ្លាំង​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន គឺ​ក្រោយពេល​លោក​ទទួលរង​ការ​ប្តឹងទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ ពី​សំណាក់​ក្រុម​សមាជិក សមាជិកា​គណៈមេធាវី​ចំនួន​៦១​នាក់​ចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ខណៈ​ដើម​បណ្តឹងរដ្ឋប្បវេណី​ដែលជា​មេធាវី​ទាំង​៦១​នាក់ បាននាំគ្នា​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក វ៉ាន់ ពុទ្ធិ​ពល ជា​ទឹកប្រាក់​ចំនួន​៤០​លាន​រៀល​ចំពោះ​មេធាវី​ម្នាក់ៗ​ជា​ហត្ថលេខី​នៃ​ពាក្យបណ្តឹង ពោលគឺ​សរុប​ទឹកប្រាក់​ស្មើនឹង​ប្រមាណ​៦១​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ទោះយ៉ាងណា​ក៏ដោយ ក្រោយមក​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​រវាង​ក្រុម​មេធាវី​ចំនួន​៦១​នាក់ និង​លោក វ៉ាន់ ពុទ្ធិ​ពល នោះ​ត្រូវបាន​បញ្ចប់​ទៅវិញ​ក្រោម​ការសម្របសម្រួល​ពី​សំណាក់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា ហ៊ុន ម៉ានិត កូនប្រុស​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ក្រុម​មេធាវី​ជាដើម​បណ្តឹងរដ្ឋប្បវេណី​យល់ព្រម «​ដក​ពាក្យ​ប្តឹង​» ។​

​លោក វ៉ាន់ ពុទ្ធិ​ពល អតីត​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៨៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ ។ លោក​អគ្គនាយករង​ពន្ធដារ​រូបនេះ ត្រូវបាន​ទទួលស្គាល់​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដោយ​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួងយុត្តិធម៌ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ​១៧៣​ក​យ​.​សហវ​.​ប្រក​/១៥ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ទោះបី​លោក វ៉ាន់ ពុទ្ធិ​ពល ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ក៏ដោយ ក៏ប៉ុន្តែ​លោក​អគ្គនាយករង​ពន្ធដារ​រូបនេះ​មានទ្រព្យ​សម្បត្តិ​លុយកាក់​ក្រាស់ក្រែល និង​ចេះ​បម្រើ​ការងារ​បក្ស​បានល្អ គឺ​នឹង​អាច​តែងតាំង​មុខតំណែង​ធំ​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នយោបាយ​វិញ នៅក្រោយពេល​ចូលនិវត្តន៍ ដែលមាន​ងារ​ជា «​ឯកឧត្តម​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.