គេហទំព័រសារព័ត៌មាន Telegraph របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ចានបុរាណចិនមួយក្នុងរជ្ជកាលស្តេចសុង (Song dynasty) ដែលមានអាយុកាលប្រមាណ៩០០ឆ្នាំត្រូវបានគេយកមកដាក់លក់ដេញថ្លៃនៅហាងយីហោ «Sotheby´s» នាទីក្រុងហុងកុង ដោយលក់បានតម្លៃខ្ពស់រហូតដល់៣៨លានដុល្លារអាមេរិក ។
អ្នកគ្រប់គ្រងហាងលក់ដេញថ្លៃយីហោ «Sotheby´s» បានបញ្ជាក់ឲ្យដឹងថា ដំណើរការលក់ដេញថ្លៃចានបុរាណចិននេះបានចាប់ផ្តើមពីតម្លៃមូលដ្ឋានចំនួន១០,២លានដុល្លារអាមេរិក រហូតរកឃើញអ្នកហ៊ានថ្លៃខ្ពស់ជាងគេក្លាយជាម្ចាស់ចានតាមរយៈការដេញថ្លៃបានក្នុងតម្លៃ៣៨លានដុល្លារអាមេរិក បន្ទាប់ពីមានការដេញថ្លៃយ៉ាងតានតឹងអស់រយៈពេល២០នាទី ទាំងតាមទូរស័ព្ទ ទាំងនៅក្នុងបន្ទប់ដេញថ្លៃផ្ទាល់ ខណៈអ្នកទិញចានបុរាណចិននោះបានសូមរក្សាសិទ្ធិលាក់អត្តសញ្ញាណរបស់ខ្លួនមិនបញ្ចេញជាសាធារណៈឡើយ ។
ចានបុរាណចិននារជ្ជកាលស្តេចសុង (៩៦០-១១២៧) មានអាយុកាលប្រមាណ៩០០ឆ្នាំដែលដាក់លក់ដេញថ្លៃបានតម្លៃ៣៨លានដុល្លារអាមេរិកនោះមានប្រវែងត្រឹម១៣សង្ទីម៉ែត្រ និងមានលាបពណ៌ខៀវបៃតង ។
លោក Nicolas Chow នាយករងគ្រប់គ្រងហាងលក់ដេញថ្លៃយីហោ «Sotheby´s» បានថ្លែងថា ចានបុរាណចិនដែលលក់បានក្នុងតម្លៃដ៏គួរឲ្យស្ញប់ស្ញែងនេះ គឺជាវត្ថុបុរាណដ៏កម្រមានបំផុត ៕