ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

កាត់លុយ​មិន​ប្រណី ! និស្សិត​នាយទាហាន​បន្តវេន​ខឹងសម្បា នឹង​ទម្លាយ​រឿងអាស្រូវ​មេ​វរៈ​សេនា​តូច​បន្តវេន​ប្រើល្បិច​គ្រប់​វិធី​កាត់លុយ​និស្សិត​ឥត​អាណិត​

និស្សិត​នាយទាហាន​បន្តវេន​ជំនា​ន់ទី​១០​ម្នាក់ និង​អះអាងថា​ជា​អនុប្រធាន​ជំនាន់​តំណាង​ឲ្យ​និស្សិត​នាយទាហាន​ចំនួន​ជាង​២៦០​នាក់ បាន​សម្តែង​នូវ​ការខឹង​សម្បា និង​ទម្លាយ​រឿងអាស្រូវ​របស់​មេបញ្ជាកា​រ​វរៈ​សេនា​តូច​បន្តវេន ដែល​តែង​ប្រើល្បិច​គ្រប់​វិធី​កេងប្រវ័ញ្ច​កាត់លុយ​ពី​ក្រុមនិស្សិត​នាយទាហាន​មិន​ប្រណី​បន្តិច​ណា​ឡើយ ហើយ​និស្សិត​នាយទាហាន​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ដូចខាងក្រោម ៖

១-​នាឱកាស​មុន​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅតាម​គោលការណ៍ គឺ​និស្សិត​នាយទាហាន​បន្តវេន​ត្រូវ​ទទួលបាន​ប្រាក់បៀវត្សរ៍​ចំនួន​៩២៦ ០០០​រៀល (​គិត​ទាំង​ប្រាក់​តំបន់ និង​កូន​ក្នុងបន្ទុក​ផ្សេងៗ​) និង​បូក​រួមទាំង​ថវិកា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឧបត្ថម្ភ​ចំនួន​៥០ ០០០​រៀល​ក្នុង​ម្នាក់ៗ​ថែមទៀត ។ ប៉ុន្តែ នៅពេល​បើកប្រាក់​ជាក់ស្តែង​ទទួល​បានតែ​ចំនួន​ប្រមាណ​ពី​៩០០ ០០០​រៀល ទៅ​៩៣០ ០០០​រៀល​ប៉ុណ្ណោះ ។

២-​កាត់​ប្រាក់​ចំនួន​៣០ ០០០​រៀល​ជា​រៀងរាល់ខែ ក្រោមលេស​អះអាងថា ដើម្បី​ជួយ​ទ្រទ្រង់​អង្គភាព ។

៣-​ស្នើ​ប្រាក់​ទិញ​សម្ភារៈ​ផ្សេងៗ​ដោយ​មិនបាន​ប្រកាស​ឲ្យ​ដឹង​អំពី​ទឹកប្រាក់​ត្រូវ​ចំណាយ​ឲ្យ​មាន​តម្លាភាព ។ ឧទាហរណ៍ ៖ ស្នើ​លុយ​ចំនួន​៤០ ០០០​រៀល​ក្នុង​ម្នាក់ៗ​ថា​យកទៅ​ទិញ​កុំព្យូទ័រ ធុងបាស់ Projector …​ជាដើម ដោយ​មិនបាន​ប្រកាសប្រាប់​អំពី​តម្លៃ និង​ទឹកប្រាក់​ត្រូវ​ចំណាយ​ជាក់ស្តែង​ទេ ។​

៤-​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំទៅ មាន​ថ្នាក់ដឹកនាំ​មួយចំនួន​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​បងប្អូន​និស្សិត​នាយទាហាន​បន្តវេន ហើយ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០០​ដុល្លារ​អាមេរិក​ដល់​ក្រុម​រាំ តែ​មិនឃើញ​ស្រមោល​លុយ​ទាំងនោះ​ធ្លាក់​ដល់ដៃ​និស្សិត​ឡើយ ។​

៥-​មុនពេល​បិទ​វគ្គ​សិក្សា គឺមាន​ការប្រកួត​កីឡា​ប្រចាំឆ្នាំ ។ ក្រុមកីឡា​របស់​និស្សិត​នាយទាហាន​បន្តវេន​ខាង​ផ្នែក​បាល់ទាត់​ទទួលបាន​លេខ​២ ដោយ​ទទួលបាន​ថវិកា​ជា​រង្វាន់​ប្រមាណ​៨០០ ០០០​រៀល និង​ក្រុម​បាល់ទះ​ទទួលបាន​ថវិកា​ជា​រង្វាន់​ប្រមាណ​៦០០ ០០០​រៀល ព្រមទាំង​កីឡា​ផ្សេងៗ​ទៀត ។ ប៉ុន្តែ ថវិកា​ជា​រង្វាន់​ទាំងនោះ​មិនដឹង​នៅទីណា​ទេ ។​

៦-​ក្រោយ​បញ្ចប់​វគ្គ​សិក្សា ក្រុមនិស្សិត​ត្រូវ​ទទួលបាន​អង្ករ និង​ស្បែកជើង ប៉ុន្តែ​រហូតមកទល់​ស​ព្វ​ថ្ងៃ គឺ​មិនឃើញ​ស្រមោល​ទាល់តែសោះ ។​

​ក្រុមនិស្សិត​នាយទាហាន​បន្តវេន​ទាំង​នោះបាន​សំណូមពរ​ចំពោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៣៣៤ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក​ទីចាត់ការ​ហ្វឹកហ្វឺន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣៣៨៨៣ នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក មេត្តាជួយ​ត្រួត​ពិនិត្យមើល និង​ចាត់វិធានការ​ទៅលើ​ករណី​កាត់លុយ​ពី​ក្រុមនិស្សិត​នេះ​ផង ។

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក ស្រូ​យ សុខ​ជា មេបញ្ជាការ​វរៈ​សេនា​តូច​បន្តវេន និង​លោក រស់ ពិសី មេបញ្ជាការរង​វរៈ​សេនា​តូច​បន្តវេន​បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ដំណើររឿង​កាត់លុយ​កាក់​ពី​ក្រុមនិស្សិត​នាយទាហាន​នោះ គិត​ត្រឹម​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.