ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ជាង​៥០​ម៉ឺន​ដុល្លារ​បានធ្វើ​ចៅហ្វាយខេត្ត ? លោក ងួន រតនៈ អាច​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​បាត់ដំបង​ជំនួស​ឯកឧត្តម ច័ន្ទ សុផល ដែល​ត្រូវ​ចូលនិវត្តន៍

ប្រភពព័ត៌មាន​រហិច​រហៀង​ក្បែរ​ទីស្តីការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា លោក ងួន រតនៈ អតីត​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី (​ដន​សស​) ខេត្តបាត់ដំបង និង​បច្ចុប្បន្ន​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​អាច​នឹងត្រូវ​រៀបចំ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនួស​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បច្ចុប្បន្ន​ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​នាពេលខាងមុខ​ឆាប់ៗ ក្រោម​ការ​ផ្ចុងផ្តើម​គំនិត និង​គូសវាស​ដោយ​ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​-​ខេត្ត​ត្បូងឃ្មុំ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។

​ព័ត៌មាន​រហិចរហៀង​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​ការរៀបចំ​របស់​ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលជា​ឧ​ត្ត​ម​មន្ត្រី​មាន​ឥទ្ធិពល​ទទួល​កិច្ចការ​ផ្សេងៗ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោក អ៊ុយ សុធាវី បច្ចុប្បន្ន​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ត្រូវជា​ក្មួយប្រុស​របស់​ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏​អាច​នឹងត្រូវ​ផ្ទេរ​ភារកិច្ច​ឲ្យ​មកកាន់​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ក្បែរ​លោក ងួន រតនៈ ជា​មន្ត្រី​ជំនិត​ឯកឧត្តម ប្រាជ្ញ ចន្ទ ផងដែរ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​ទទួល​បានកា​រតែង​តាំង​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ គឺ​លោក អ៊ុយ សុធា​វិ ដែលជា​ក្មួយប្រុស​ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្លាប់​បម្រើ​ការងារ​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង ជាមួយនឹង​ភាពល្បីល្បាញ​ខាង​កោសរូស​រកលុយ​រឿង​រត់ការ​ឯកសារ​នៅ​សាលាខេត្ត​បាត់ដំបង ។​

​ព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទៀតថា តម្លៃ​សេវា​រត់ការ​លោក ងួន រតនៈ ឲ្យ​ឡើងកាន់តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​តាមរយៈ​ឯកឧត្តម ប្រាជ្ញ ចន្ទ គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ឯកឧត្តម ច័ន្ទ សុផល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ជំនួស​ឯកឧត្តម ប្រាជ្ញ ចន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៤/០៧៩ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ ។​

​លោក ងួន រតនៈ អតីត​ប្រធាន​មន្ទីរ​ដន​សស ខេត្តបាត់ដំបង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ពី​អនុមន្ត្រី​ថ្នាក់​លេខ​៨​ទៅជា​វរមន្ត្រី​ថ្នាក់​លេខ​៩​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៧៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ (​ជំនាន់​ឯកឧត្តម ប្រាជ្ញ ចន្ទ កាន់តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​) ។

​លោក អ៊ុយ សុធាវី ដែល​ត្រូវជា​ក្មួយប្រុស​ឯកឧត្តម ប្រាជ្ញ ចន្ទ ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៩៦​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៤ (​ជំនាន់​ឯកឧត្តម ប្រាជ្ញ ចន្ទ កាន់តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​) ៕​

Filed in: Uncategorized, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.