ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

បូស​ធ្លាយ​មុខ ! ទីបំផុត​វេជ្ជបណ្ឌិត​ម្នាក់​បម្រើការ​ងារ​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ ដែល​អវត្តមាន​ការងា​រ​ជិត​១០​ឆ្នាំ​ទើប​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​

ទីបំផុត​លោក​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ កង អូន អាយុ​៣៨​ឆ្នាំ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ត្រូវបាន​ក្រសួងសុខាភិបាល​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល​ជា​ផ្លូវការ​ហើយ ដោយ​ប្រកា​សលេខ​៥០៤​សខប ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​លាក់ទុក​មន្ត្រី​ខ្មោច​ដើម្បី​ស៊ីប្រាក់ខែ​របស់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ជី​ភូ និង​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​រួចមក ។​

​ខ្លឹមសារ​ប្រកា​សលេខ​៥០៤​សខប ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​របស់​ក្រសួងសុខាភិបាល​ដែល​បានសម្រេច​លុបឈ្មោះ​លោក​វេជ្ជបណ្ឌិត កង អូន បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ចេញពី​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល​នោះ គឺ​បាន​បញ្ជាក់ថា «​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧​តទៅ ដោយ​មូលហេតុ​សាមីខ្លួន​បោះបង់​ការងារ​» ។​

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា តាម​ការពិត​លោក​វេជ្ជបណ្ឌិត កង អូន ដែល​បាន​ចាត់​ឲ្យ​មក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​នា​អំឡុង​ឆ្នាំ​២០០៨​នោះ គឺ​អវត្តមាន​ពី​ការងារ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៥​តែមាន​ឈ្មោះ​ក្នុង​បញ្ជី​បើកប្រាក់​បៀវត្សរ៍​ធម្មតា ។ លុះ​ចាប់ពី​ឆ្នាំ​២០១៥​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​បិទបាំង​រូបភាព​អវត្តមាន​ពី​ការងារ​របស់ខ្លួន លោក​វេជ្ជបណ្ឌិត កង អូន ក៏បាន​ដាក់​ពាក្យសុំ​ព្យួរការងារ ។ ដោយ​មិនអាច​កែប្រែ​ទម្លាប់​ចាស់​បាន គឺ​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧​តរៀងមក​ជា​ពេលវេលា​ត្រូវ​ចូល​បំពេញការងារ​វិញ ក៏​លោក​វេជ្ជបណ្ឌិត​រូបនេះ​មិន​មក​បំពេញការងារ​ដដែល ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា លោក​វេជ្ជបណ្ឌិត កង អូន អវត្តមាន​ពី​ការងារ​អស់​ជាច្រើន​ឆ្នាំ​ប៉ុន្តែ​នៅតែមាន​ឈ្មោះ​ក្នុង​បញ្ជី​បើកប្រាក់​បៀវត្សរ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ដែលមាន​លោក កែវ រដ្ឋា ជា​ប្រធាន ។ ដូច្នេះ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ជី​ភូ ត្រូវបាន​ជាប់​ការសង្ស័យថា មាន​ប្រព្រឹត្ត​អំពើពុករលួយ «​លាក់បាំង​មន្ត្រី​ខ្មោច​ដើម្បី​ស៊ីប្រាក់ខែ​» ដែល​ទាមទារ​ឲ្យ​ក្រសួងសុខាភិបាល​មាន​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី ត្រួតពិនិត្យ​ករណីនេះ​ឲ្យ​បាន​ដិតដល់​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.