ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

១០​ឆ្នាំ​ទើប​ចាត់ការ​តឹង​ទារបំណុល​ពន្ធ ! ដល់​បទ​កាសែត The Cambodia Daily បិទទ្វារ «​លា​ហើយ​កម្ពុជា​» ល្មម​

ចាប់ពី​ថ្ងៃស្អែក​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧​តទៅ សេវាកម្ម​ព័ត៌មាន​ដែល​ធ្លាប់​ផ្តល់​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​ភាសា​ខ្មែរ ទាំង​ភាសា​អង់គ្លេស​របស់​សារព័ត៌មាន The Cambodia Daily ក្រោម​បាវចនា «​រាល់​ដំណឹង​ទាំងអស់​គ្មាន​ការភ័យខ្លាច ឬ​លម្អៀង​» លែងមានទៀតហើយ បន្ទាប់ពី​ដំណើរការបាន​រយៈពេល​២៤​ឆ្នាំ និង​១៥​ថ្ងៃ​រួចមក និង​ក្នុងខណៈដែល​ក្រុមហ៊ុន Bernard Krisher Jimusho Co.,Ltd. ជា​ក្រុមហ៊ុន​ដំណើរការ​បោះពុម្ពផ្សាយ​សារព័ត៌មាន The Cambodia Daily មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពាក់ព័ន្ធ​រឿង​ជំពាក់​បំណុល​ពន្ធ​រយៈពេល​១០​ឆ្នាំ (​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៦) ចំនួន​២៥ ៧៥៦ ០១៥ ៦៩៥​រៀល (​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក​) ។

​សេចក្តីថ្លែងការណ៍​រប​ស់​គេហទំព័រ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​អង់គ្លេស​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ ដែល​ប្រកាស​អំពី​ការបិទទ្វារ​លែង​ដំណើរការ​ត្រឹម​ថ្ងៃ​ចុងក្រោយ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​តទៅ​នោះ បាន​សង្កត់ធ្ងន់ថា «​អំណាច​នៃ​ពន្ធដារ គឺជា​អំណាច​នៃ​ការបំផ្លាញ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កម្ទេច The Cambodia Daily បន្ទាប់ពី​ដំណើរការបាន​អស់​រយៈពេល​២៤​ឆ្នាំ និង​១៥​ថ្ងៃ​រួចមក​…» ។

​ក្រុមហ៊ុន Bernard Krisher Jimusho Co.,Ltd. មាន​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​លេខ​901700890 ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ឲ្យ​ដឹងថា មាន​លោកស្រី Deborah Krisher-Steele ជា​អភិបាល​ក្រុមហ៊ុន និង​លោក Douglas Eric-Steele ជា​អ្នកចាត់ការ​ទូទៅ មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ​ដោយ​ជំពាក់​បំណុល​ពន្ធ​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១០​ឆ្នាំ (២០០៧-២០១៦) ។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិត​ជូនដំណឹង​មួយ​លេខ​១៣៣៤៨​អ​ពដ ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​ស្តីពី​ការកំណត់​ពន្ធ​ឡើងវិញ បង្ហាញថា ក្រុមហ៊ុន Bernard Krisher Jimusho Co.,Ltd. ជំពាក់​បំណុល​ពន្ធ​រដ្ឋ​ចំនួន​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ និង​បាន​ទុក​រយៈពេល​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​តវ៉ា​ចំនួន​៣០​ថ្ងៃជា​កំហិត ។

​យោងតាម​ខ្លឹមសារ​នៃ​សេចក្តីបំភ្លឺ​មួយ​លេខ​១៥៣០៦​អ​ពដ ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​របស់​អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​បានបញ្ជាក់​ឲ្យ​ដឹងថា ការជួបពិភាក្សា​ផ្ទាល់​នា​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​រវាង​លោក Douglas Eric-Steele តំណាង​ក្រុមហ៊ុន Bernard Krisher Jimusho Co.,Ltd. និង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ គឺ​លោក Douglas Eric-Steele មិនមាន​សក្ខីកម្ម​ណាមួយ​ដើម្បី​ដោះ​បន្ទុក​ពាក់ព័ន្ធ​នឹង​បំណុល​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ​អាមេរិក​ឡើយ ។

​ដោយ​សំអាង​លើ​សេចក្តីប្រកាស​បិទទ្វារ​លែង​ដំណើរការ​របស់​សារព័ត៌មាន The Cambodia Daily នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏​បានចេញ​លិខិតផ្លូវការ​មួយ​លេខ​១៥៦៧៨​អ​ពដ ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​គោរព​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ការធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​របស់លោក​ស្រី Deborah Krisher-Steele និង​លោក Douglas Eric-Steele ដើម្បី​ដាក់បន្ទុក​ក្នុងការ​ជំរុញ​ឲ្យ​មានការ​ទូទាត់​បំណុល​ពន្ធ​ជូន​រដ្ឋ​ជាមុនសិន ។

​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន The Cambodia Daily ហាក់​បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ញឹកញាប់​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហៅ​បុរស​ខ្លាំង គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​សូម្បី​បំណុល​ពន្ធ​រយៈពេល​១០​ឆ្នាំនេះ ក៏​បុរស​ខ្លាំង​នៃ​កម្ពុជា​ប្រតិកម្ម និង​ព្រមាន​ធ្ងន់ៗ​ទៅលើ​សារព័ត៌មាន The Cambodia Daily ផងដែរ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានដាក់​ជា​សំណួរ​ថា តើ​មាន​មូលហេតុ​អ្វី​ពិតប្រាកដ​ដែល​នាំ​ឲ្យ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​បណ្តែតបណ្តោយ​ទុក​ពេលវេលា​រហូតដល់​១០​ឆ្នាំ​ទើប​ចាត់ការ​តឹង​ទារបំណុល​ពន្ធ​ទៅលើ​ក្រុមហ៊ុន​សារព័ត៌មាន The Cambodia Daily ? ម្យ៉ាងទៀត ប្រសិនបើ​ប្រាក់​បំណុល​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ​អាមេរិក​នោះ​ទារ​មិនបាន តើ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួលខុសត្រូវ​ក្នុង​កម្រិតណា ឬ​គ្រាន់តែ​ជា​ល្បែង​ជំរុញ​ឲ្យ​សារព័ត៌មាន The Cambodia Daily បិទទ្វារ «​លា​ហើយ​កម្ពុជា​» ? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.