ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

រឿង​សឹង​មិនគួរ​ជឿ ! ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​-​ឡាវ មិនទាន់​រលំ​រលត់រ​លាយ តើ​ហេតុអ្វី​ឡាវ​តាំងចិត្ត​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​ទៅរួច ?

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សឹង​មិនគួរ​ឲ្យ​ជឿ​ដែល​លេចចេញ​មាន​សកម្មភាព​កងកម្លាំង​យោធា​ឡាវ​ចូលមក​រំលោភ​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​រហូត​ធ្វើ​ឲ្យ​ភាគី​កម្ពុជា​ចល័ត​ទ័ព និង​បញ្ជូន​យោធ​ភ័​ណ្ឌ​គគ្រឹកគគ្រេង​ទៅកាន់​សមរភូមិ​មុខ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជិះ​យន្តហោះ​ទាំង​ប្រញាប់ប្រញាល់​ទៅ​ចរចា​ជាមួយ​លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី​ឡាវ​ដល់ទី​ក្រុង​វៀង​ច័ន្ទ ខណៈ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​-​ឡាវ មាននៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មិនទាន់​រលំ​រលត់រលាយ​នៅឡើយ ។

​ទោះយ៉ាងណា​ក៏ដោយ ស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង និង​កងកម្លាំង​នៅ​សមរភូមិ​មុខ​នេះ​មិនបាន​ឈានដល់​ដំណាក់កាល​ផ្ទុះអាវុធ​ដូច​បញ្ហា​ប្រឈម​ជាមួយ​ប្រទេស​ថៃ​លើ​ទឹកដី​ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ​នា​អំឡុង​ឆ្នាំ​២០០៨​នោះទេ គឺ​ក្រោយ​បញ្ចប់​ការចរចា​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​ភ្លាមៗ​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី​ឡាវ​បានប្រកាសថា នឹង​ដក​កម្លាំង​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​មិន​ឲ្យ​ហួស​ពីថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧​ឡើយ ហើយ​សន្យាថា នឹងមិន​ឲ្យ​កើតមាន​បញ្ហា​នៅតាម​ព្រំដែន​ទៀត​ទេ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ឆ្លងកាត់​តាមរយៈ​រឿងរ៉ាវ​នេះ គឺអាច​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ កាន់​តែមាន​សន្ទុះ​ឆាប់រហ័ស​ដូចដែល​កម្ពុជា​បាន និង​កំពុង​អនុវត្ត​ជាមួយ​ប្រទេស​វៀតណាម​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​សម័យ​បច្ចុប្បន្ន​អះអាងថា​ជា «​មិត្តភាព​បងប្អូន​ម៉ឺន​ឆ្នាំ​» ។

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០០៥​កន្លង​ទៅបាន​ឲ្យ​ដឹងថា គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​-​ឡាវ បានធ្វើការ​ត្រួតពិនិត្យ​បាន​៨៦​ភាគរយ​នៃ​ព្រំដែន​រួម និង​បាន​បោះបង្គោល​បណ្តោះអាសន្ន​ដល់​បង្គោល​ព្រំដែន​លេខ​១៤៥​នៅ​តំបន់​កន្ទុយ​នាគ ខេត្តរតនគិរី ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.