ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

​យក​តួនាទី​ដើម្បី​ឡើង​ស័ក្តិ ! កូនប្រុស​ផ្កាយ​៤​សន្តិ​បណ្ឌិត លួ រ៉ា​មីន បាន​ពាក់​ផ្កាយ​២​ក្រោយ​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង

កូនប្រុស​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត លួ រ៉ា​មីន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ លួ រ៉ា​បូ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៥៦០២៦ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​អន្តោប្រវេសន៍ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៧១ ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា មុនពេល​លោក​ឧ​ត្ត​ម​សេនីយ៍ លួ រ៉ា​បូ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ត្រូវបានតែងតាំង​មុខតំណែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​សិន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧១៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ។ មានន័យថា ក្រោយពេល​ទទួល​បានកា​រតែង​តាំង​មុខតំណែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​រយៈពេល​០២​ថ្ងៃ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួ រ៉ា​បូ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​តែម្តង ។​

​មិន​ត្រឹមតែ​លោក​ឧ​ត្ត​ម​សេនីយ៍ លួ រ៉ា​បូ ម្នាក់​នោះទេ គឺ​នៅមាន​ឧ​ត្ត​ម​សេនីយ៍​ជាច្រើន​នាក់​ទៀត ដែល​ទទួលបាន​ការតែងតាំង​មុខតំណែង​ជាទី​ប្រឹក្សា ឬ​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ទោះបី​មិន​ទទួល​ប្រាក់បៀវត្សរ៍​ក៏ដោយ ប៉ុន្តែ​ក្រោយពី​ទទួលបាន​មុខតំណែង​នេះ​រួចហើយ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ព្រោងព្រាត​ក្រោមរូបភាព «​យក​តួនាទី​ជាទី​ប្រឹក្សា ឬ​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ឡើង​ស័ក្តិ​» ។ វប្បធម៌​របៀបនេះ​បាន​ក្លាយជា «​វប្បធម៌​ដ៏​ពេញនិយម​» នាពេល​បច្ចុប្បន្ន ។

​លោក លួ រ៉ា​បូ នាយ​នគរបាលជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៥៦០២៦​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៣/០៩១ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.