ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

រឿង «​បង្ក​ទុក្ខ​តាម Facebook» ! បទល្មើស​បរិហារកេរ្តិ៍ ជេរប្រមាថ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គំរាម​សម្លាប់ និង​ជំរិត​ទារប្រាក់​តាម Facebook ត្រូវបាន​ចោទប្រកាន់​ជា​ហូរហែ

​ក្រៅពី​ជា​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ពេញនិយម គឺ Facebook ក៏បាន​ក្លាយជា​ឧបករណ៍​នាំ​ឲ្យ​មានការ​ចោទប្រកាន់​អំពី​បទល្មើស​ជាច្រើន រួមមាន ៖ ​បរិហារកេរ្តិ៍ ជេរប្រមាថ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គំរាម​សម្លាប់ និង​ជំរិត​ទារប្រាក់​…​។​ល​។ បង្កដោយ​អ្នកលេង Facebook មួយចំនួន​ដែល «​ជួញ​ទុក្ខ​ដាក់ខ្លួន​» និង​មួយចំនួនទៀត​ក៏​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ដោយ​មិនដឹង​ខ្លួន​ដែរ ។ រឿងរ៉ាវ​ត្រួសៗ​មាន​ជាអាទិ៍ ៖

១-​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ម្នាក់ គឺ​លោក វ៉ាន់ ពុទ្ធិ​ពល ដែលជា​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Puthipol Vann» ត្រូវបាន​សមាជិក សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC)​ចំនួន​៦១​នាក់​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧ ដោយ​ប្តឹង​ចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​តាម Facebook ។

២-​ក្មេងប្រុស​ម្នាក់​ឈ្មោះ សៀក ជី​មី អាយុ​១៤​ឆ្នាំ ជា​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Sok Khon» ឈ្មោះ «​កម្ពុជា​កម្ពុជា​» និង​ឈ្មោះ «​ស៊ីន សារ៉េត​» ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តកណ្តាល​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​ក្រោម​ការចោទប្រកាន់​ពីបទ «​កំហែង​យក​» ពោលគឺ​បាន​ជំរិត​ទារប្រាក់​ម្តង​៥ ០០០ ដុល្លារ​អាមេរិក និង​ម្តង​១០ ០០០​ដុល្លារ​អាមេរិក​តាម Facebook ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណាំ ភិ​រុណ ជា​អង្គរក្ស​ការពារ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

៣-​អ្នកលេង Facebook ជា​ទណ្ឌិត​ម្នាក់​ឈ្មោះ យ៉ែម ប្រុស កំពុង​ជាប់ឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ប្រើប្រាស់ Account ឈ្មោះ «Pros Na» ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​ស្ត្រី​ម្នាក់​ដែល​លង់​ស្នេហ៍​នឹង​ខ្លួន​តាម Facebook ម្តង​៣ ០០០​ដុល្លារ​អាមេរិក និង​ម្តង​៥ ០០០​ដុល្លារ​អាមេរិក កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​ជា​ថ្នូរ​នឹង​ការមិន​បង្ហោះ​រូបអាក្រាត​កាយ​របស់​ស្ត្រី​រូបនោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​ក្នុង​សំណុំរឿង «​ទណ្ឌិត​ជា​ចោរប្លន់​ជាប់ឃុំ​ខ្លួន​អាច​ប្រើ Laptop និង Smartphone លេង Facebook ជំរិត​ទារប្រាក់​» ។ បច្ចុប្បន្ន ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស ត្រូវបាន​ផ្ទេរ​មក​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១) វិញ​ហើយ​បន្ទាប់ពី​កើតមាន​រឿងអាស្រូវ​រប​ស់​ខ្លួន ។​

៤-​មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា​ម្នាក់​អត្តលេខ​០៣១៩១១ ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ឈ្មោះ លាង ឡា កាន់​តួនាទី​ជា​នាយរង​ផ្នែក​នៃ​ការិយាល័យ​គណនេយ្យ​នៃ​នាយកដ្ឋាន​ភស្តុភារ និង​សម្ភារៈ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ជា​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Leala Leang» ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី​តាម Facebook ។

៥-​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាង ស៊ីណា អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ជា​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «​ស៊ីណា នាគ​មាស​» ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​ពីបទ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​តាម Facebook ។ សំណាងល្អ ស្ត្រី​ជា​ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​អនុញាត​ឲ្យ​នៅក្រៅ​ការឃុំខ្លួន ដោយ​ដាក់​ឲ្យ​ឋិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ក្រោយ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ពីបទ​ជេរប្រមាថ​រួចមក ។​

៦-​យុវ​និស្សិត​សាកលវិទ្យាល័យ USEA ខេត្តសៀមរាប​ម្នាក់​ឈ្មោះ តៅ សាវឿន អាយុ​២៦​ឆ្នាំ ជា​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Savoeun Tao» ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ និង​បញ្ជូន​ខ្លួន​ទៅកាន់​ស្ថាប័ន​តុលាការ​នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម​សម្លាប់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តាម Facebook ។ ក្រោយមក យុវ​និស្សិត​រូបនេះ​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក្រោយពី​ធ្វើលិខិត​លាយលក្ខណ៍អក្សរ​សន្យា​កែលម្អ​ខ្លួន និង​សុំ​អភ័យទោស​សម្តេច​ក្រឡាហោម ស ខេង រួចមក ។

៧-​យុវជន​ម្នាក់​ឈ្មោះ ផង់ សីហា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង និង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Sey Hu» ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម​សម្លាប់​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច តាម Facebook ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.