ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

​ឈាម​ស្រែក​ស្បែក​ហៅ ! មន្ត្រី​ប៉េអឹម​ព្រៃផ្សៃ​ដៃ​ឆៅ​ដែល​បាញ់សម្លាប់​សង្សារ​នៅផ្ទះ​សំណាក់​យីហោ «​សារី​ធំ​» ត្រូវ​ចាប់ខ្លួនបាន​ហើយ

​មន្ត្រី​កងរាជអាវុធហត្ថ​ដែលជា​ជនសង្ស័យ​ជាប់​ឈ្មោះ​ជា​ឃាត​កដៃ​ឆៅ​បាញ់សម្លាប់​សង្សារ​របស់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ឋិត​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅនោះ ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​ប៉េអឹម​រាជធានី​ភ្នំពេញ និង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួនបាន​ហើយ​នា​វេលា​ម៉ោង​១១ និង​២៥​នាទី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ​នៅ​ខេត្ត​ប៉ៃលិន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​២០៧ អយ​ឋ ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ជា​ឃាត​កដៃ​ឆៅ​បាញ់សម្លាប់​សង្សារ​ខ្លួនឯង​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​នោះ​មានឈ្មោះ អ៊ុំ សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ ហើយ​សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ខេត្ត​ប៉ៃលិន​មកកាន់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ​ដើម្បី​បន្ត​ចាត់ការ​ឈានទៅ​ផ្តន្ទាទោស​តាមច្បាប់​ពីបទ​មនុស្សឃាត ។​

​នារី​រងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ក្រោម​ស្នាដៃ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​នេះ​មានឈ្មោះ សុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​គ្រាប់ភ្នែក​មក​ខាងក្រោយ ។

​គួរ​រំលឹក​ជូន​ថា កាលពី​វេលា​ម៉ោង​០០ និង​៥៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ មាន​អំពើ​ឃាតកម្ម​មួយ​បានកើត​ឡើង​នៅក្នុង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ជាន់​ឡៅតឿ បន្ទប់​លេខ​៤០៤ ឋិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បង្កដោយ​មន្ត្រី​ប៉េអឹម​ម្នាក់​បាញ់សម្លាប់​នារី​ជា​សង្សារ​ខ្លួនឯង រួចហើយ​រត់គេចខ្លួន​បាត់ស្រមោល ។

​យោងតាម​សម្តី​សាក្សី​ដែលជា​អ្នកមើលការខុសត្រូវ​នៅក្នុង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ និង​នារី​ជា​សង្សារ​បាន​ជិះ​ទោចក្រយានយន្ត​មួយគ្រឿង​ពណ៌​ស ម៉ាក MSX ពាក់​ស្លាក​លេខ​៤៣៩៩ (​មិន​ចាំ​អក្សរ​) មក​ចូល​ស្នាក់​នៅតាម​ទម្លាប់​គឺ​ប្រមាណ​២​ដង​ទៅ​៣​ដង​ប៉ុណ្ណោះ​ក្នុង​១​ខែ ។ នៅ​រាត្រី​ថ្ងៃកើតហេតុ​មាន​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​នៅក្នុង​បន្ទប់​ជនសង្ស័យ​ស្នាក់នៅ ក្រោយមក​មិនយូរប៉ុន្មាន​ស្រាប់តែ​ឮសូរ​សំឡេង​ផ្ទុះអាវុធ និង​ក៏​បានឃើញ​ជនសង្ស័យ​ប្រញាប់​ចុះមក​ក្រោម​យក​ម៉ូតូ​ជិះ​គេចខ្លួន​ម្នាក់ឯង​បាត់ស្រមោល​តែម្តង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.