ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ក្រោម​ច្បាប់​តែមួយ វាសនា​ខុសគ្នា ! ឧកញ៉ា​ម្នាក់​ដែលជា​ប្អូនស្រី​ជីដូនមួយ​បុរស​ខ្លាំង​មិនត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ទេ ទោះបី​តុលាការ​ផ្តន្ទាទោស​ដាក់គុក​ជាង​២​ឆ្នាំ​ពីបទ​ពុករលួយ​សូកប៉ាន់

​​ទាក់ទង​នឹង​ពាក្យបណ្តឹង​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច (​ទរ​ព​អ​) ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក​បណ្ឌិត សេង យៀន អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ទរ​ព​អ និង​បក្ខពួក ព្រមទាំង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ចោទប្រកាន់​ពីបទ​ស៊ីសំណូក និង​អំពើ​សូកប៉ាន់​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការអង្កេត​ស្រាវជ្រាវ​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយកន្លែង​ទំហំ​ជាង​៥​ហិកតា ឋិត​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ ដើម្បី​ចេញ​ជា​លិខិត​សេចក្តីជូនដំណឹង​លេខ​៣៨៩​សជណ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០០៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សេង យៀន ដាក់ពន្ធនាគារ​កំណត់​៤​ឆ្នាំ​០៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក​ពីបទ​ស៊ីសំណូក និង​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ជា​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ឌី ប្រឹម ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ​០៦​ខែ​ពីបទ​សូកប៉ាន់ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥ «​កប​៤» ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ។

​បញ្ញត្តិ​មាត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា «​ប្រសិនបើ​តុលាការ​ប្រកាស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​១​ឆ្នាំ​យ៉ាងតិច​ដោយ​គ្មាន​ការព្យួរ​ទេ តុលាការ​តាម​សេចក្តីសម្រេច​ពិសេស និង​ដោយមាន​សំអាង​ហេតុ អាច​ចេញ​នៅក្នុងពេល​សវនាការ ៖ -​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​ដែលមាន​វត្តមាន , -​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​អវត្តមាន ។ ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មាន​អានុភាព​អនុវត្ត​ភ្លាមៗ ។​…» ។

​ជាក់ស្តែង ទោះបី​ជនជាប់ចោទ​ឈ្មោះ សេង យៀន និង​ជនជាប់ចោទ​ឈ្មោះ ឌី ប្រឹម ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់​លើសពី​២​ឆ្នាំ​ដោយ​គ្មាន​ការព្យួរទោស​ក្នុង​សំណុំរឿង​ពុករលួយ​ស៊ីសំណូក​-​សូកប៉ាន់ ដ៏​កក្រើក​នេះ​យ៉ាងណាក៏ដោយ ក៏​ជនជាប់ចោទ​ទាំង​២​នាក់​ដែល​អវត្តមាន​ក្នុងពេល​សវនាការ​មិន​ត្រូវបាន​តុលាការ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដើម្បី​យកមក​ឃុំខ្លួន​ដាក់ពន្ធនាគារ​ឡើយ ពោល​គឺមាន​សេរីភាព​នៅក្រៅ​សំណាញ់​ច្បាប់​ទល់​សព្វថ្ងៃ ។

​លើសពីនេះ សូម្បី​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦២ ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១២​របស់​សាលាឧទ្ធរណ៍​ដែល​កើតចេញពី​ការប្តឹង​ឧទ្ធរណ៍​របស់​ជនជាប់ចោទ និង​ភាគី​ដើមបណ្តឹង​អន្តរាគមន៍​ក្នុង​រឿងក្តី​មាន​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ ក៏​សាលាឧទ្ធរណ៍​មិនទាន់បាន​លើក​យកមក​បើកសវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​នៅឡើយ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​ឲ្យ​ឃើញថា ក្រោម​ដំបូល​ច្បាប់​តែមួយ ប៉ុន្តែ​វាសនា​ជនជាប់ចោទ​មិន​ដូចគ្នា​ទេ ខណៈ​មាន​ឧកញ៉ា​ជាច្រើន​នាក់​ហើយ​ដែល​ជាប់ពន្ធនាគារ ជាអាទិ៍ ៖ ឧកញ៉ា ឈឿន ចាន់ថន ហៅ​ម៉ៅ អតីត​ទីប្រឹក្សា​ផ្ទាល់​សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​អតីត​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ឧកញ៉ា ថោង សារ៉ាត់ ហៅ ប៊ិន ទឹង អតីត​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង​អតីត​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ឧកញ៉ា តាន់ សេង​ហាក់ , ឧកញ៉ា សុខ ហេង​… ។​ល​។ ទោះបី​មាន​បទល្មើស​ខុសគ្នា ឬ​ប្រហាក់ប្រហែលគ្នា​ក៏ដោយ ។​

​លោកស្រី ឌី ប្រឹម អាយុ​៥៥​ឆ្នាំ ជា​អ្នកជំនួញ និង​ជា​អ្នក​រត់ការ​រឿងក្តី​ដ៏​សកម្ម​ម្នាក់ ត្រូវជា​ប្អូនស្រី​ជីដូនមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៧៥៧ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៣ ខណៈ​លោកស្រី​រូបនេះ​កំពុង​មានឈ្មោះ​ជា​ជនជាប់ចោទ និង​ក្លាយជា​ពិរុទ្ធជន​នៅ​ស្ថាប័ន​តុលាការ​ដ៏​ក្តៅគគុក ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.