ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

​ប្អូន​មក​ជិត​បង ! ផ្កាយ​២ ស ថេត ប្អូនប្រុស​សម្តេច​ក្រឡាហោម ស ខេង ជា​មុខសញ្ញា​ដែល​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​ផ្កាយ​៤ ជួន សុវណ្ណ

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​១៥៧២២ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បច្ចុប្បន្ន​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អាច​នឹង​មកកាន់​តំណែង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ​ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ។

​នៅមុន​ពេល ឬ​ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ផ្ទេរ​ភារកិច្ច​មកកាន់​តំណែង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​រូបនេះ​អាច​នឹងត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ពីព្រោះ​ត្រឹម​ឋានៈ​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ពាក់​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) អស់​ទៅហើយ ។

​លោក ស ថេត នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​១៥៧២២ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៨/១០៨០ ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០០៨ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៥/១០៤៦ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ ។​

​ដោយឡែក ប្រភពព័ត៌មាន​ដដែល​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុច សុខុន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​១៣១៣២ បច្ចុប្បន្ន​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ត្រូវជា​សាច់ញាតិ​ជាមួយ​ក្រុមគ្រួសារ​សម្តេច​ក្រឡាហោម ស ខេង ផង​នោះ ក៏​អាច​នឹងត្រូវ​តែងតាំង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ខណៈ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុច សុខុន ក៏​នឹងត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នាពេលខាងមុខ​ឆាប់ៗ ។

​លោក អ៊ុច សុខុន នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​១៣១៣២ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៤/១២៩៦ ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​នេះ​គឺជា​ព័ត៌មាន​មិនទាន់​ផ្លូវការ​នៅឡើយ​ទេ ពោល​លុះត្រាតែ​មានការ​តែងតាំង ឬ​ផ្ទេរ​ភារកិច្ច​ពិតប្រាកដ​មែន​នោះ​ទើប​ចាត់ទុកថា ជា​ព័ត៌មាន​ផ្លូវការ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.