ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

រឿង​កំពូល​ខ្ជីខ្ជា​គ្មាន​ពីរ​ក្នុង​លោក ! មាន​ព្រះរាជក្រឹត្យ​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​នៅ​ឆ្នាំ​២​ម៉ឺន​ជាង​ខាងមុខ (​សតវត្សរ៍​ទី​២០០)

ក្រោយ​មាន​ភាពជាប់គាំង​ក្នុង​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៣​នៃ​រដ្ឋសភា (២០០៣-២០០៨) អស់​រយៈពេល​១​ឆ្នាំ និង​បន្ទាប់ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះហត្ថលេខា​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​អង្គ​ព្រះមហាក្សត្រ​នៅលើ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៧០៤/០០១ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ (​រូបមន្ត​បោះឆ្នោត​ជា​កញ្ចប់​) រួចមក រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​ក៏បាន​កើតចេញ​ជា​រូបរាង​ផ្លូវការ​នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៤ ដោយមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​អតីត​សម្តេច ហ៊ុន សែន​) ជា​នាយករដ្ឋមន្ត្រី ។​

ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ហួសចិត្ត​ឥតឧបមា​នោះ គឺ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០៤/១២៤ ដែល​ត្រាស់បង្គាប់​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៣​នៃ​រដ្ឋសភា តាម​សំណើ​របស់​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ត្រូវបានធ្វើ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០០៤ មានន័យថា ធ្វើ​នៅ​សតវត្សរ៍​ទី​២០០​ខាងមុខ​ឯណោះ ។

​គណៈរដ្ឋមន្ត្រី​ដែលជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​នាពេលនោះ មាន​ក្រសួង​-​ស្ថាប័ន​ចំនួន​២៦ និង​រដ្ឋលេខាធិការដ្ឋាន​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ចំនួន​២ ដោយមាន​សមាជិក​-​សមាជិកា​រាជរដ្ឋាភិបាល​សរុប​ចំនួន​១៧១​នាក់ ។

​នេះ​គឺជា​រឿង​កំពូល​ខ្ជីខ្ជា​គ្មាន​ពីរ​ក្នុង​លោក ពាក់ព័ន្ធ​នឹង​ស្នាដៃ​របស់​មន្ត្រី​តាក់តែង​ព្រះរាជក្រឹត្យ​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ (​ក្រសួងព្រះបរមរាជវាំង​) តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា (​ស្ថាប័ន​នីតិប្រតិបត្តិ​) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.