ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

១​ឆ្នាំ​ឡើង​ស័ក្តិ​៣​ថ្នាក់ ! កូនប្រុស​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​យោធា យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវបានតែងតាំង​ជា​ស្នងការរង​ខេត្តកោះកុង

​មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា​ថ្នាក់​វរសេនីយ៍​ម្នាក់ គឺ​លោក​វរសេនីយ៍ មីន រស្មី អត្តលេខ​៥៩៨៦៧ អាយុប្រមាណ​៣០​ឆ្នាំ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ចំនួន​៣​ថ្នាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១​ឆ្នាំ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ទទួលបាន​ការតែងតាំង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​ផែន​ប្រឆាំង​បទល្មើស ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៥៣៥​ប្រក ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ (​ផ្ទេរ​ភារកិច្ច​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​) គួរ​ឲ្យ​ស្ងើច ។

​លោក មីន រស្មី មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង អត្តលេខ​៥៩៨៦៧ ទទួលបាន​ការបំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី (​ស័ក្តិ​៤) នា​ខែកក្កដា ឆ្នាំ​២០១៦ និង​ត្រូវបានតែងតាំង​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ រយៈពេល​ប្រមាណ​០៧​ខែក្រោយ​មក លោក​វរសេនីយ៍ត្រី មីន រស្មី ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ (​ស័ក្តិ​៤​កន្លះ​) ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៥៩៣​ប្រក ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​រយៈពេល​ប្រមាណ​០៤​ខែក្រោយ​មកទៀត លោក​វរសេនីយ៍ទោ មីន រស្មី ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង និង​តែងតាំង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តកោះកុង ទទួល​ផែន​ប្រឆាំង​បទល្មើស ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៥៣៥​ប្រក ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ។

​ប្រមាណ​០១​ខែក្រោយ​មកទៀត លោក​វរសេនីយ៍ទោ មីន រស្មី អត្តលេខ​៥៩៨៦៧ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៥៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យន្ត មីន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០០០៩៥៣ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង និង​ត្រូវជា​ឪពុក​លោក​វរសេនីយ៍​ប៉ូលិស មីន រស្មី ត្រូវបាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ​ចូលមកក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​វិញ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៥៩៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៨០៧ ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ។​

​ក្រោយ​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​រយៈពេល​ប្រមាណ​១​ឆ្នាំ និង​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី យន្ត មីន អត្តលេខ​០០០៩៥៣ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៦១៩ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ។ តម​កទៀត ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ត្រូវបាន​ដំឡើង​ថ្នាក់​ជា​ករណី​ពិសេស ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ មក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៦/១០២២ ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​គេ​សង្ឃឹមថា ឯកឧត្តម យន្ត មីន ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​អាច​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) នាពេល​ឆាប់ៗ​ខាងមុខ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.