ថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំ ២០១៧

ភាពអាម៉ាស់​សម្រាប់​ជាតិ ! ផ្កាយ​៤​ទាហាន​ដែល​ធ្លាប់​ចុះហត្ថលេខា​បង្ក​ឲ្យ​បុរស​ខ្លាំង​មានឱកាស​ធ្វើ​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៣ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​នៃ​កងយោធពល​ខេមរភូមិន្ទ ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ផលិត​គ្រឿងញៀន​កាលពី​អំឡុង​ឆ្នាំ​២០០៧​កន្លងទៅ នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈ​ការចាប់​ឃាត់ខ្លួន​បានកើត​ឡើង​បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​រូបនេះ រង​ការបញ្ចប់​មុខតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​យ៉ាង​តក់ក្រហល់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៤៥២ ចុះ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​ហេតុផល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចោទប្រកាន់ថា «​ក្បត់​» គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​សម្ព័ន្ធមិត្ត​ទៅ​លួច​សមគំនិត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង ។​

​បច្ចុប្បន្ន លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ កំពុង​ត្រូវបាន​សាកសួរ​យក​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​នៃ​ច្បាប់​នៅឡើយ ។​

​ក្រោយ​ការបង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មក លោក ញឹក ប៊ុនឆៃ ប្រភព​មកពី​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០០០៩​ម្នាក់​ផង ធ្លាប់​ទទួលបាន​ការតែងតាំង​មុខតំណែង​ជាច្រើន​ជា​បន្តបន្ទាប់​ទាំង​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ (​រាជរដ្ឋាភិបាល​) ទាំង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ (​ព្រឹទ្ធសភា​) រួមមាន​ជាអាទិ៍ ៖ នាយរង​ទី​១​អគ្គសេនាធិការ​នៃ​កងយោធពល​ខេមរភូមិន្ទ ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​… ។

​ក្នុង​ក្របខ័ណ្ឌ​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០០០៩ លោក​ឧ​ត្ត​ម​សេនីយ៍ ញឹក ប៊ុនឆៃ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០៤/១១៦ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០០៤ ។ លើសពីនេះ ក្នុងឋានៈ​ជា​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ធ្លាប់បាន​ចុះហត្ថលេខា​ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី និង​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​អង្គ​ព្រះមហាក្សត្រ​នៅលើ​ព្រះរាជក្រមលេខនស/រកម/០៧០៤/០០១ ​ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ខណៈដំណើរ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៣​នៃ​រដ្ឋសភា (២០០៣-២០០៨) កំពុង​ជាប់គាំង ។​

​ព្រះរាជក្រមលេខនស/រកម/០៧០៤/០០១ ​ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី​នេះហើយ ទើប​នាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​និតិ​កាល​ទី​៣​នៃ​រដ្ឋសភា​កើតចេញ​ជា​រូបរាង ដោយមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​អតីត​សម្តេច ហ៊ុន សែន​) ជា​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ក៏​ទទួលបាន​ការតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០៤/១២៤ ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៤) ។

​ក្នុងការ​កាន់កាប់​មុខតំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ មាន​ទីប្រឹក្សា​ផ្ទាល់​ម្នាក់​ទទួលបន្ទុក​កិច្ចការ​វិនិយោគ គឺ​ឯកឧត្តម ជា ជុង (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៤/០៦៦ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០០៤) ។​

​នា​អំឡុង​ឆ្នាំ​២០០៧ នៅត្រង់​ទីតាំង​ចំណុច​គីឡូម៉ែត្រ​លេខ​៨១-៨២ ឋិតក្នុងភូមិ១ ឃុំ​ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផលិត​គ្រឿងញៀន ហើយ​ត្រូវបាន​បង្ក្រាប​ដោយ​គេ​ស្គាល់​ថា ជាទី​តាំង​កម្មសិទ្ធិ​រប​ស់​ឯកឧត្តម ជា ជុង ទីប្រឹក្សា​ផ្ទាល់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ។ ក្នុង​ដំណើរការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នោះ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុធាតុដើម​ផលិត​គ្រឿងញៀន​ជាច្រើន ព្រមទាំង​បានឃើញ​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ និង​បំពាក់​ស៊ី​រ៉ែ​ន ជា​រថយន្ត​បើក​នាំមុខ​ក្បួន​រថយន្ត​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ចត​នៅ​ទីនោះ​ទៀតផង ។ មិនតែប៉ុណ្ណោះ សាក្សី​បាន​បំភ្លឺ​បញ្ជាក់ថា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ តែង​បាន​ចេញចូល​ទីនោះ​ជា​ញឹកញាប់ ។​

​ក្រោយ​រឿងអាស្រូវ​គ្រឿងញៀន​នេះ​ផ្ទុះឡើង ឯកឧត្តម ជា ជុង ក៏ត្រូវ​បាន​ដកហូត​មុខតំណែង​ពី​ទីប្រឹក្សា​ផ្ទាល់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤០៧/១៤២ ចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០០៧ និង​បច្ចុប្បន្ន ឈ្មោះ ជា ជុង កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ។

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា (២០០៨-២០១៣) ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ទទួលបាន​ការតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​គណៈកម្មការ​ត្រួតពិនិត្យ​ដោះស្រាយ​បាតុភាព និង​អភិវឌ្ឍន៍​នៅតាម​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេសជិតខាង (​ចំណុះ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​) ជួយ​នាយករដ្ឋមន្ត្រី​ក្នុងការ​តាមដាន សម្របសម្រួល​ការងារ​របស់​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ធម្មការ និង​សាសនា ។

​លុះ​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា (២០១៣-២០១៨) ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ត្រឹម​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/៩៥២ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ និង​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ដំណើរការ​ដកហូត​មុខតំណែង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ឈានទៅ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​គ្រឿងញៀន​នេះ គឺ​កើតចេញពី​កំហឹង​ខឹងសម្បា​របស់​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ដោយ​ចោទប្រកាន់ថា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ញឹក ប៊ុនឆៃ «​ក្បត់​»​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​សម្ព័ន្ធមិត្ត ខណៈ​រឿងអាស្រូវ​គ្រឿងញៀន​បានកើត​ឡើង​តាំងពី​១០​ឆ្នាំមុន បែរជា​ទើប​នឹកឃើញ​មក​ចាត់ការ​នាពេលនេះ ។ ម្យ៉ាងទៀត នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​នៃ​កងយោធពល​ខេមរភូមិន្ទ​ម្នាក់ អតីត​ជា​ប្រមុខរដ្ឋស្តីទី​ដែល​ធ្លាប់​ចុះហត្ថលេខា​លើ​ព្រះរាជក្រមលេខនស/រកម/០៧០៤/០០១ ​ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ បង្ក​ឱកាស​ឲ្យ​បុរស​ខ្លាំង​បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៣ អតីត​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​អតីត​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ទទួលរង​ការចាប់ខ្លួន​ក្នុង​សំណុំរឿង​អាស្រូវ​គ្រឿងញៀន​ដូច្នេះ គឺ​បង្ហាញ​អំពី​ភាពអាម៉ាស់​សម្រាប់​ជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.