ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

​កង្វល់​របស់​អ្នកច្បាប់ ! មេធាវី​ព្រួយបារម្ភ​នឹង​ការចុះបញ្ជី​ពន្ធដារ និង​កាតព្វកិច្ច​សារពើ​ពន្ធចំពោះ​វិជ្ជាជីវៈ​មេធាវី

​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងតិច​ចំនួន​ជាង​១០០​នាក់ បានដាក់​សំណើ​ជូន​ប្រធាន និង​ក្រុមប្រឹក្សា​គណៈមេធាវី​ស្នើសុំ​ឲ្យ​មានការ​ឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ទាក់ទង​ទៅនឹង​ការចុះបញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា​ចំពោះ​វិជ្ជាជីវៈ​មេធាវី ដែល​បង្កក្តី​ព្រួយបារម្ភ​ដល់​ការប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​ការប្រកប​វិជ្ជាជីវៈ​មេធាវី ។​

​លិខិត​សំណើ​របស់​សមាជិក​គណៈ​មេធាវី​ទាំង​នោះបាន​លើកឡើងថា «​ការណ៍​ដែល​តម្រូវ​ឲ្យ​ការិយាល័យ​មេធាវី ក្រុម​មេធាវី និង​ក្រុមហ៊ុន​មេធាវី​ចុះបញ្ជី​ពន្ធដារ​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិជ្ជាជីវៈ​មេធាវី ព្រោះថា ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​មាន​កាតព្វកិច្ច​បង់ពន្ធ VAT ចំនួន​១០% និង​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​ចំនួន​២០% បន្ថែមទៀត ស្រប​ពេលដែល​ការចំណាយ​មួយចំនួនធំ ដែល​មេធាវី​ទទួលបាន​កម្រៃ​សេវា​ពី​អតិថិជន​របស់ខ្លួន គឺ​មិនមាន​វិក្កយបត្រ​ត្រឹមត្រូវ​ដើម្បី​ដកចេញ និង​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​នោះឡើយ ។​» ។​

​បន្ទាប់ពី​ទទួលបាន​នូវ​សំណើ​របស់​សមាជិក​គណៈ​មេធាវី​ទាំងនោះ​រួចហើយ គណៈមេធាវី​នឹង​រៀបចំ​បើក​សិក្ខាសាលា​មួយ​ឋិត​ក្រោម​អធិបតីភាព​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​ខាងមុខ ដោយមាន​របៀបវារៈ​ស្តីពី «​កាតព្វកិច្ច​បង់ពន្ធ​» ដើម្បី​ផ្តល់ឱកាស​ឲ្យ​មេធាវី និង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងយុត្តិធម៌ បាន​ជួប​ពិភាក្សាគ្នា​ក្នុង​គោលដៅ​ស្វែងរក​ការយោគយល់​គ្នា​លើ​បញ្ហា​ពន្ធដារ​នេះ ។

​ទោះយ៉ាងណា​ក៏ដោយ សមាជិក​គណៈមេធាវី​មួយចំនួន​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ពេលវេលា​នៃ​បទ​បង្ហាញ និង​សំណួរ​-​ចម្លើយ ពាក់ព័ន្ធ​នឹង​របៀបវារៈ​ស្តីពី «​កាតព្វកិច្ច​ពង់​ពន្ធ​» លើ​វិជ្ជាជីវៈ​មេធាវី​កំណត់​ខ្លី​ពេក ដោយ​បែរជា​បន្ថែម​នូវ​បទ​បង្ហាញ​ផ្សេងៗ​ដែល​មិនសូវ​ចាំបាច់​ទៅវិញ ។ ការរៀបចំ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​ដាក់​ការសង្ស័យថា ជា​សិក្ខាសាលា​មួយ​ត្រឹម​អញ្ជើញ​សមាជិក សមាជិការ​គណៈមេធាវី ចូលរួម «​ប្រថាប់ត្រា​» ទទួលស្គាល់​ដឹងឮ​ចំពោះ «​គំនាប​» ដែល​ដាក់​សម្ពាធ ឬ​បន្ទុក​សង្កត់​មកលើ​កមេ​ធា​វី​ខ្លួនឯង​តែប៉ុណ្ណោះ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.