ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

ឆ្ងាញ់​ណាស់​ជ្រូក​យួន ! ជ្រូក​យួន​ជិះឡាន​ចូលមក​ទីផ្សារ​ខ្មែរ​ជាង​៣​ពាន់​ក្បាល​ក្នុង​១​យប់ៗ តាម​ច្រករបៀង​ក្នុង​ខេត្តតាកែវ មាន​ទាំង​ស្រប មាន​ទាំង​ខុសច្បាប់

ប្រភពព័ត៌មាន​ពី​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា វៀតណាម​មាន​ទីតាំង​ស្តុក​សត្វ​ជ្រូក​រស់​ដ៏​ធំ​នៅក្បែរ​ព្រំដែន​តាម​ច្រករបៀង ដែល​ក្នុងនោះ​ក៏មាន​ច្រករបៀង​ទម្លាប់​ផងដែរ ហើយ​សត្វ​ជ្រូក​រស់​ទាំងនោះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មាត់ច្រក​ព្រំដែន និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នាំចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​រាប់សិប​រថយន្ត ពោលគឺ​មិនតិចជាង​ចំនួន​៣ ០០០​ក្បាល​ឡើង​ក្នុង​១​យប់ៗ ខណៈ​ការ​នាំចូល​សត្វ​ជ្រូក​រស់​នេះ​មាន​ទាំង​ស្របច្បាប់ (​មាន​លិខិតអនុញ្ញាត​) ផង ទាំង​មិន​ស្របច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) ផង ។​

​មន្ត្រី​បសុពេទ្យ​ខេត្តតាកែវ​ឋានៈ​តូចតាច​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បាន​កាន់​លិខិតអនុញ្ញាត​ចំនួន​២​ផ្សេងគ្នា គឺ លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផង និង​លិខិតអនុញាត​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផង ដើម្បី​ធ្វើការ​ដឹកជញ្ជូន​សត្វ​ជ្រូក​រស់​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ចូលមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​អះអាងថា ជា​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក (Sic!) ។ លិខិតអនុញ្ញាត​មួយច្បាប់ គឺ​ឈ្មួញ​អាច​ដឹកជញ្ជូន​សត្វ​ជ្រូករ​ស់បាន​រហូតដល់​ទៅ​២​ជើង ដោយ​ប្រើ​រថយន្ត​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ​តែមួយ (Resic!) ។

​ព័ស្តុតាង​មួយ​បាន​បង្ហាញថា កាលពី​រាត្រី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ មន្ត្រី​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​បាន​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ពី​ខេត្តតាកែវ​មួយគ្រឿង​ចំនួន​៥០​ក្បាលមាន​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ហេង សុ​ខេង ដែល​ចរាចរណ៍​មកដល់​ភូមិសាស្ត្រ​ខេត្តកណ្តាល គឺ​រកឃើញ​មាន​លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ត្រឹម​ចំនួន​៤០​ក្បាល តែ​ឈ្មួញ​លួច​បង្កប់​សត្វ​ជ្រូក​រស់​គ្មាន​លិខិតអនុញ្ញាត​ចំនួន​១០​ក្បាល​ទៀត ។

​ចរាចរណ៍​នាំចូល​សត្វ​ជ្រូក​រស់​ពី​បរទេស​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ការចិញ្ចឹម​សត្វ​ជ្រូក​ក្នុងស្រុក​រង​ជួបប្រទះ​នឹង​ការខាតបង់​ប្រា​ក់រាប់លា​ន​រៀល​ក្នុង​១​ឆ្នាំៗ ខ្លះ​ជំពាក់​ប្រាក់កម្ចី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏មាន និង​ខ្លះទៀត​រត់ចោល​កសិដ្ឋាន​ក៏មាន ពីព្រោះ​ប្រឈម​នឹង​តម្លៃ​សាច់ជ្រូក​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ខណៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្លាប់​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​កន្លងទៅ​ឲ្យ​ដឹងថា «​ក្រសួង​មិនមាន​ភារកិច្ច​ឈរជើង​ត្រួតពិនិត្យ​បទល្មើស​លួច​នាំចូល​ជ្រូក មាន់ ទា និង​ផលិតផល​កសិកម្ម​នៅតាម​មាត់ច្រក​ព្រំដែន​ឡើយ​» ។

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ពាក់ព័ន្ធ​នឹង​រឿង​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.