ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​រឿង​គ្មាន​ពីរ​ក្នុង​លោក ! ព័ស្តុតាង​បង្ហាញថា បុរស​ខ្លាំង​សម្រេច «​តាម​អារម្មណ៍​» ពាក់ព័ន្ធ​នឹង​ការតែងតាំង​តំណែង ឬ​បញ្ឈប់​តំណែង និង​ផ្តល់​ឋានន្តរស័ក្តិ​មន្ត្រីរាជការ​

អ្នកដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំងឡាយ​នៅក្នុង​ពិភពលោក​ទំនងជា​មិនអាច​ធ្វើ​ដូច​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទេ ពីព្រោះ​បុរស​ខ្លាំង​នៃ​កម្ពុជា​ចូលចិត្ត​សម្រេច​កិច្ចការ «​តាម​អារម្មណ៍​» របស់ខ្លួន ដែល​ប្រែប្រួល​មិន​ទៀងទាត់ «​មួយថ្ងៃ​បី​ដង​» ពាក់ព័ន្ធ​នឹង​ការតែងតាំង​មុខតំណែង ឬ​បញ្ឈប់​មុខតំណែង ព្រមទាំង​ផ្តល់​ឋានន្តរស័ក្តិ ឬ​ដកហូត​ឋានន្តរស័ក្តិ​មន្ត្រីរាជការ​ទាំង​ស៊ីវិល ទាំង​ប្រដាប់អាវុធ​នៅក្រោម​ឱវាទ ។​

​ព័ស្តុតាង​ជាក់ស្តែង​បង្ហាញ​អំពី​រូបភាព​សម្រេច​កិច្ចការ «​តាម​អារម្មណ៍​» របស់​បុរស​ខ្លាំង​នៃ​កម្ពុ​ជាមាន​ដូចខាងក្រោម ៖

១-​ព្រោះតែ​រង​នូវ​សម្ពាធ​នៃ​ការរិះគន់​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បុរស​ខ្លាំង​នៃ​កម្ពុជា​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​បានសម្រេច​បញ្ឈប់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​០៦៩៥ ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​យ៉ាង​តក់ក្រហល់ ដោយ​អនុក្រឹត្យ​លេខ​៧២៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល បុរស​ខ្លាំង​ប្រែប្រួល​ចិត្តគំនិត​ភ្លាមៗ ក៏​សម្រេច​និរាករណ៍​អនុក្រឹត្យ​លេខ​៧២៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​ចោល ពោលគឺ​បានសម្រេច​រក្សា​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា ឲ្យ​នៅ​ដដែល​វិញ ។​

២-​ព្រោះ​តែមាន​ភាពចម្រូងចម្រាស​ជាមួយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​របស់​បុរស​ខ្លាំង​នៅ​ខេត្តពោធិ៍សាត់ គឺ​បុរស​ខ្លាំង​នៃ​កម្ពុជា​បានធ្វើ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​សម្រេច​បញ្ចប់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌឿ​ន សុវណ្ណ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​០២១៦៩ ពី​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​ទាំងស្រុង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១២/៩៣៥ ចុះ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២ ។ ប៉ុន្តែ​រយៈពេល​ប្រមាណ​ជិត​៣​ឆ្នាំ​ក្រោយមក បុរស​ខ្លាំង​ក៏បាន​ធ្វើ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​សម្រេច​តែងតាំង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដល់​លោក ឌឿ​ន សុវណ្ណ អត្តលេខ​២១៦៩ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រប​ខ័​ណ្ណ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៥/៤៦៥ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ។

៣-​ដោយ​មិន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់ បុរស​ខ្លាំង​នៃ​កម្ពុជា​បានធ្វើ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​សម្រេច​បញ្ចប់​តំណែង​លោក សូ ខន​បញ្ញា​រិ​ទ្ធិ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ពី​សមាជិក​ក្រុម​លេខា​របស់ខ្លួន​ដែលមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៤/៦៦៥ ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ។ ប៉ុន្តែ​រយៈពេល​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​ក្រោយមក បុរស​ខ្លាំង​ក៏បាន​ធ្វើ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​សម្រេច​តែងតាំង​លោក សូ ខន​បញ្ញា​រិ​ទ្ធិ ជា​សមាជិក​ក្រុម​លេខា​របស់ខ្លួន​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៤៩៦ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤​។

៤-​ព្រោះ​តែមាន​ភាពចម្រូងចម្រាស​ខាង​នយោបាយ​ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បុរស​ខ្លាំង​បានធ្វើ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​សម្រេច​ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ពី​លោក​ឧ​ត្ត​ម​សេនីយ៍ សៅ រ៉ានី នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​០៤០៤ និង​លោក​ឧ​ត្ត​ម​សេនីយ៍ ថាវ គឹម​ឡុង នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​០១៣៩ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០៨/៧៧៩ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០០៨ ។ ប៉ុន្តែ​រយៈពេល​ជាង​១​ឆ្នាំ​ក្រោយមក បុរស​ខ្លាំង​នៃ​កម្ពុជា​ក៏បាន​ធ្វើ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​សម្រេច​ប្រគល់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ជូន​លោក សៅ រ៉ានី និង​លោក ថាវ គឹម​ឡុង វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៩/១១៤៣ ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០០៩ ។​

​សរុបសេចក្តី​មក មុខតំណែង​បុណ្យស័ក្តិ​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​បុរស​ខ្លាំង​នៃ​កម្ពុជា គឺ​ប្រៀបដូចជា «​ទឹក​លើ​ស្លឹក​ឈូក​» គ្មានអ្វី​ទៀងទាត់ និង​ជាក់លាក់​ប្រាកដប្រជា​ទេ ដ្បិតអ្វីៗ​គ្រប់យ៉ាង​ស្រេច​ទៅលើ «​អារម្មណ៍​» របស់​បុរស​ខ្លាំង​តែប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.