ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

ដើម្បី​សន្តិ​ភាពជា​និរន្ត​រិ៍ ! តើ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​ច្បាប់​ការពារ​អតីត​នាយករដ្ឋមន្ត្រី​ដូច​អតីតព្រះមហាក្សត្រ​ដែរឬទេ ?

​កាលពី​អំឡុង​ចុងឆ្នាំ​២០០៤​កន្លងទៅ ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ធ្លាប់បាន​បង្កើត​ច្បាប់​ស្តីពី​ការរៀបចំ​ព្រះ​បរម​ងារ និង​ព្រះរាជ​បុព្វសិទ្ធិ​ថ្វាយ​ដល់​អតីតព្រះមហាក្សត្រ និង​ព្រះ​រាជមហេសី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១០០៤/០០១ ចុះ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ ។ ច្បាប់​នេះ​មាន​គោលបំណង​កំណត់​ការរៀបចំ​ព្រះ​បរម​ងារ និង​ព្រះរាជ​បុព្វសិទ្ធិ​ថ្វាយ​អតីតព្រះមហាក្សត្រ និង​ព្រះ​មហេសី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សំដែង​នូវ​កតញ្ញុតា កតវេទិតា ចំពោះ​ព្រះមហា​គុណូបការៈ​ដ៏​ថ្លៃថ្លា​ខ្ពស់បំផុត ដែល​ព្រះអង្គ​ទ្រង់​បាន​បម្រើ​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ ។

​នាពេលនោះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ថ្វាយព្រះប​រម​ងារ​ជា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ។ រីឯ សម្តេច​ព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ព្រះ​មហេសី​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ថ្វាយព្រះប​រម​ងារ​ជា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ។ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ និង​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ទ្រង់​ត្រូវបាន​រក្សា​ព្រះរាជ​បុព្វសិទ្ធិ អភ័យឯកសិទ្ធិ​ពេញលេញ និង​មិនអាច​នរណា​រំលោភបំពាន​បានឡើយ ដូច​ពេលដែល​ព្រះអង្គ​គង់នៅ​គ្រង​រាជសម្បត្តិ ។​

​ឥឡូវនេះ លេចចេញ​មាន​ចលនា​ស្នើសុំ​ឲ្យ​មានការ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់រូប​ដែល​ផុត​អាណត្តិ ។ ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីត​ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​មួយរូប​បានធ្វើ​លិខិត​ចំហ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជូន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​មានការ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់រូប​ដែល​ផុត​អាណត្តិ ឲ្យ​មាន​អភ័យឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា «​វីរបុរស​ជាតិ​» ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​គុណបំណាច់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ក្នុង​អាណត្តិ​របស់ខ្លួន​កន្លង​មក ដោយ​លោក​ព្រឹទ្ធាចារ្យ​បាន​សម្តែង​នូវ​ការ​ជឿជាក់ថា ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​អបអរសាទរ និង​គាំទ្រ​អស់ពី​ចិត្ត​ពី​ថ្លើម​ចំពោះ​ការបង្កើត​ច្បាប់​នេះ ។

​មជ្ឈដ្ឋាន​អ្នកច្បាប់ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មក ប្រទេស​កម្ពុ​ជាមាន​នាយករដ្ឋមន្ត្រី​ចំនួន​២​អង្គ​-​នាក់​ហើយ គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (​អតីត​នាយករដ្ឋមន្ត្រី​ទី​១ នា​នីតិកាល​ទី​១​នៃ​រដ្ឋសភា​មិន​ចប់​ចុង​ចប់​ដើម និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​) និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​អតីត​នាយករដ្ឋមន្ត្រី​ទី​២​នា​នីតិកាល​ទី​១​នៃ​រដ្ឋសភា និង​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម្នាក់ឯង​រហូតទល់​បច្ចុប្បន្ន​) ប៉ុន្តែ​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា​មិនមាន​ការកំណត់​អាណត្តិ​នៃ​ការ​កាន់តំណែង​នៅឡើយ ។ ដូច្នេះ បើ​បង្កើត​ឲ្យ​មានច្បាប់​ការពារ​អតីត​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​និយាយថា ការពារ​នាយករដ្ឋមន្ត្រី​ដែល​អស់ពី​តំណែង (​ឧទាហរណ៍ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្តបន្ទាប់​ចំនួន​៥​អាណត្តិ ស្មើនឹង​ជិត​២៥​ឆ្នាំ​ហើយ​) ។

​ទោះយ៉ាងណា​ក៏ដោយ សំណួរ​បាន​តាំង​ឡើង​ថា តើ​នៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ទូទៅ ឬ​ភាគច្រើន​អាច​ចាត់ទុក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅពេល​អស់តំណែង​ពី​នាយករដ្ឋមន្ត្រី​ជា «​វីរបុរស​ជាតិ​» ដែល​ត្រូវការពារ​ដោយ​ច្បាប់​ដែរឬទេ ? ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.