ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ពលរដ្ឋ​រងគ្រោះ​ព្រោះ​សំណល់​គីមី​រោងចក្រ ! មន្ត្រី​អធិការកិច្ច​ក្រសួងបរិស្ថាន​ពិនិត្យឃើញថា រោងចក្រ Wintai Sock Manufacture Ltd. ពិតជា​បាន​បង្ហូរ​កាកសំណល់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​

​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន នា​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​ដែល​ចោទប្រកាន់ថា ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​-​បោកគក់​សម្លៀកបំពាក់​មួយ​ឈ្មោះ Wintai Sock Manufacture Ltd. មាន​លោកស្រី Sung Mui Ying សញ្ជាតិ​ចិន​ជា​ថៅកែ និង​លោក Liu Helin សញ្ជាតិ​ចិន ជា​អ្នកគ្រប់គ្រង​ផ្ទាល់ (GM) បង្ហូរ​កាកសំណល់​គីមី​ចូលក្នុង​ព្រែក អូរ ប្រឡាយ បឹង ស្ទឹង​ធម្មជាតិ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ និង​ក្រោយ​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​រួចមក ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​ក៏បាន​ចាត់​មន្ត្រី​អធិការកិច្ច​ក្រសួង​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​រោងចក្រ​ជាក់ស្តែង​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ដោយបាន​រកឃើញថា ពិត​ជាមាន​សំណល់​រាវ​ចេញពី​អាង​ប្រព្រឹត្តិកម្ម​បង្ហូរ​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​ប្រាកដ​មែន ។​

​ក្រៅពី​មាន​សកម្មភាព​បង្ហូរទឹក​សំណល់​រាវ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹក​សាធារណៈ​នោះ ក្រុមមន្ត្រី​អធិការកិច្ច​នៃ​ក្រសួងបរិស្ថាន​បាន​រកឃើញ​ទៀតថា ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​-​បោកគក់​សម្លៀកបំពាក់ Wintai Sock Manufacture Ltd. មិនបាន​បង់​មូលនិធិ​បរិស្ថាន​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ ចាប់ពី​ឆ្នាំ​២០១២​មក និង​មិន​គោរព​តាម​កិច្ចសន្យា​ការពារ​បរិស្ថាន​ជាមួយ​ក្រសួងបរិស្ថាន​ឡើយ ។​

​ក្រោយ​ការត្រួតពិនិត្យ​បឋម​រួចមក មន្ត្រី​អធិការ​រ​កិច្ច​ក្រសួងបរិស្ថាន​បាន​សម្រេចយក​សំណល់​ទឹក​ចេញពី​រោងចក្រ​យកទៅ​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​ក្រសួងបរិស្ថាន និង​ក៏បាន​សម្រេច​ផ្អាក​ឲ្យ​មានការ​បង្ហូរ​កាកសំណល់​រាវ​របស់​រោងចក្រ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹក​សាធារណៈ​តទៅទៀត ។​

​តាម​ការចុះពិនិត្យ​ផ្ទាល់​របស់​ភ្នាក់ងារ​សារព័ត៌មាន​ដើមត្នោត មុនពេល​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​សាធារណៈ​បានបង្ហាញ​ឲ្យ​ឃើញថា ពិតជា​មានទឹក​កខ្វក់​ធុំក្លិន​អាក្រក់ (​ទំនង​ជាមាន​សារធាតុ​គីមី​) ចេញពី​រោងចក្រ​បង្ហូរ​ចូលទៅក្នុង​ប្រឡាយទឹក​៧​មករា ភ្ជាប់​នឹង​ស្ថានីយ៍​បូមទឹក​«​ហ៊ុន សែន​ទី​៨ ពត់​សរ​» និង​អាច​បង្ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹក​សាធារណៈ​ជាប់​នឹង​អាងទឹក​ទន្លេបាទី​ទៀតផង ខណៈ​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​ទីតាំង​រោងចក្រ​នោះ ត្អូញត្អែរ​នឹង​ក្លិន​ទឹក​កខ្វក់​ដ៏​ពិបាក​ទ្រាំ​ដែល​បង្ហូរ​ចេញពី​រោងចក្រ​ជាប្រចាំ ។​

​លើសពីនេះ ក្រុមការងារ​មន្ត្រីរដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ ក៏បាន​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​ទៀត​ឈ្មោះ JD & TOYOSHIMA Co.,Ltd. មាន​លោក Yang Chunan សញ្ជាតិ​ចិន​ជា​ថៅកែ​ក្រុមហ៊ុន ដែលមាន​ទីតាំង​ឋិត​នៅជាប់​គ្នា​នឹង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​-​បោកគក់​សម្លៀកបំពាក់ Wintai Sock Manufacture Ltd. នោះបាន​រកឃើញថា មានការ​បង្ហូរទឹក​សំអុយ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹក​សាធារណៈ​ដែរ និង​មាន​សំណង់​អគារ​មួយ​ខ្នង​កំពុង​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត ។

​ក្រុម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​បាន​សំណូមពរ​ចំពោះ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​មាន​វិធានការ​លុបបំបាត់​ជា​ស្ថាពរ​នៅ​ការបង្ហូរ​ទឹក​សំណល់​រាវ​មាន​សារធាតុ​គីមី​ចេញពី​រោងចក្រ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ទាំងមូល ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.