ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ឥទ្ធិពល​កាស៊ីណូ NAGA និង​ការ​លោភលន់ ! ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​ក្នុង​រឿង​លួច​ទ្រព្យ​ក្នុងផ្ទះ​យកទៅ​លេងល្បែង​ចាញ់​អស់​ជិត​៥​ម៉ឺន​ដុល្លារ

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បាន​ឡោមព័ទ្ធ​តាម​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ រ៉ុ​ន ថុល​ធីតា អាយុ​២៤​ឆ្នាំ តាម​បណ្តឹង​របស់​បុរស​ជា​ប្តី​ឈ្មោះ វ៉ាង ជី​ញ​យ៉ាង អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ​គ្រឿង​អេឡិចត្រូនិក ស្នាក់នៅ​ផ្ទះល្វែង​ក្នុង​បុរី «​ប៊ុនហួរ​» ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចោទប្រកាន់ថា​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​យកទៅ​លេងល្បែង​ចាញ់​អស់​ជិត​៥​ម៉ឺន​ដុល្លារ​អាមេរិក ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​រូបនេះ​បាន​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៅ​លក់ និង​ដាក់បញ្ចាំ​បាន​លុយ​ទៅលេង​ល្បែង​នៅកាស៊ី​ណូ NAGA WORLD (​រាជធានី​ភ្នំពេញ​) រួមមាន ៖ ​រថយន្ត​ម៉ាក Ford ១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN-2852 ស៊េរី​ឆ្នាំ​២០១៦ មានតម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក រួមទាំង​គ្រឿងអលង្ការ​មានតម្លៃ​២ ៥៦០​ដុល្លារ​អាមេរិក​ទៀត ។​

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ជា​ប្តី​ដែល​ប្រកបមុខរបរ​លក់​គ្រឿង​អេឡិចត្រូនិក​មួយ​ទឹក​នាំចូល​ពី​ប្រទេស​ជប៉ុន​នោះ បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ និង​បាន​ភ្ជាប់​ជាមួយ​ទូរស័ព្ទដៃ​របស់ខ្លួន ពីព្រោះ​ខ្លួន​មិនសូវ​បាន​នៅផ្ទះ​រវល់​ឡើង​ចុះទៅ​ប្រទេស​ជប៉ុន ។ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ នាង​ជា​ប្រពន្ធ​បាន​ផ្តាច់​ខ្សែ​កាមេរ៉ា​សុវត្ថិភាព​ចេញពី​បន្ទប់ រួច​ក៏បាន​លួច​យក​រថយន្ត​មួយគ្រឿង​ម៉ាក Ford ទៅ​ដាក់បញ្ចាំ​បាន​តម្លៃ​៨ ០០០​ដុល្លារ​អាមេរិក ទៅលេង​ល្បែង​នៅកាស៊ី​ណូ NAGA WORLD ចាញ់​អស់​គ្មាន​សល់ រួមទាំង​គ្រឿងអលង្ការ​ផង ។ បន្ទាប់មក នាង​បានគេច​ចេញពី​ផ្ទះមួយរ​យៈ ខណៈ​បុរស​ជា​ប្តី​លែង​អាច​ត្រួតពិនិត្យបាន​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​ទៀតហើយ ព្រមទាំង​ទូរស័ព្ទ​មកកាន់​ប្រពន្ធ​ក៏​មិនអាច​ទំនាក់ទំនង​បាន ក៏​សម្រេចចិត្ត​ផ្តល់ដំណឹង​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន និង​សាច់ញាតិ​របស់ខ្លួន​ទៅ​មើល​ផ្ទះ​ស្រាប់តែ​បាត់​ទាំង​រថយន្ត បាត់​ទាំង​មនុស្ស ។ តាមរយៈ​ពាក្យបណ្តឹងរ​បស់​បុរស​ជា​ប្តី កម្លាំង​សមត្ថកិច្ច​ក៏​តាមឃ្លាំមើល​រហូតដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​ស្រាប់តែ​លេចមុខ​នាង​ជា​ប្រពន្ធ​ញៀន​ល្បែង​ចូលមក​ផ្ទះ​បម្រុង​លួច​យក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក High Lander ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3883 និង​ត្រូវបាន​សាច់ញាតិ​របស់​ប្តី​ប្តឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួនបាន​តែម្តង បន្ទាប់ពី​នាង​ដឹងខ្លួន​ទាន់​ផ្លោះ​របង​រត់​ចូលទៅក្នុង​បរិវេណ​រោងចក្រ​ក្បែរ​ផ្ទះមួយ​កន្លែង ។​

​គួរ​រំលឹក​ជូន​ដែរ​ថា ពាក់ព័ន្ធ​នឹង​រឿង​ញៀន​ល្បែង​នៅកាស៊ី​ណូ NAGA WORLD និង​ការ​លោភលន់​នេះ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ស្ត្រី​ម្នាក់​ឈ្មោះ «​ធា​» អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់លោក​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ បន្ទាប់ពី​ស្ត្រី​រូបនេះ​ត្រូវ​ប្តី​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ព្រោះតែ​នាង​បាន​យក​រថយន្ត​មួយគ្រឿង​ម៉ាក High Lander ជា​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៅ​ដាក់បញ្ចាំ​បាន​លុយ​៦ ០០០​ដុល្លារ​អាមេរិក​ទៅលេង​ល្បែង​នៅកាស៊ី​ណូ NAGA WORLD ចាញ់​អស់រលីង​គ្មាន​សល់ ។

​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើកឡើងថា គួបផ្សំ​នឹង​ចរិត​លោភលន់​របស់​បុគ្គល​ម្នាក់ៗ​ស្រាប់ គឺ​ឥទ្ធិពល​របស់​បន​ល្បែង​កាស៊ីណូ NAGA WORLD នៅ​កណ្តាល​រាជធានី​ភ្នំពេញ មាន​ឯកឧត្តម Chen Lip Keong ជា​ថៅកែ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អាក្រក់​ខ្លាំងណាស់​ចំពោះ​សង្គម​ខ្មែរ​បច្ចុប្បន្ន ជាពិសេស​ក្នុង​រឿង​អំពើចោរកម្ម ពីព្រោះ​បន​ល្បែង​កាស៊ីណូ NAGA WORLD បានអនុញ្ញាត​ឲ្យ​ខ្មែរ​ចូ​លេងល្បែង​ដោយ​សេរី​ផង និង​ទទួល​ការដាក់​បញ្ចាំ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ផ្សេងៗ​មិនមែនជា​កម្មសិទ្ធិក​រ​តាមរបៀប «​ទទួលផល​ចោរកម្ម​» ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.