ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

ផ្ទៃដី​ជិត​២​ម៉ឺន​ហិកតា​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​ដើម្បី​វិនិយោគ​

​យោងតាម​សំណើ​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​ប្រគល់​ផ្ទៃដី​ទំហំ​១៩ ០៣២,៧៥​ហិកតា​នៃ​តំបន់​គ្រប់គ្រង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ឋិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន​៣ ដើម្បី​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ ក​សិ​-​ទេសចរណ៍ កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ក្រោមរូបភាព «​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​» ដោយ​អនុក្រឹត្យ​លេខ​៩៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ក្រុមហ៊ុន​ឯកជន​ទាំង​៣​ដែល​ទទួលបាន​នូវ​ការប្រគល់​ផ្ទៃដី​ពី​សំណាក់​រាជរដ្ឋាភិបាល​ស​ម្រា​ប់​បម្រើ​ឲ្យ​ការវិនិយោគ​របស់ខ្លួន​នោះ រួមមាន ៖

១-​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប «Mong Retthy Group Co.,Ltd.» មាន​ឯកឧត្តម​ឧកញ៉ា ម៉ុង ឫទ្ធី ជា​អគ្គនាយក​ក្រុមហ៊ុន និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​ក​សិ​-​ទេសចរណ៍ លើ​ផ្ទៃដី​ទំហំ​៤ ០៥៥,៧៥​ហិកតា ក្នុង​តំបន់​គ្រប់គ្រង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

២-​ក្រុមហ៊ុន JW Cambodia Eco Holidays វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ លើ​ផ្ទៃដី​ទំហំ​៥ ០០០​ហិកតា ក្នុង​តំបន់​គ្រប់គ្រង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ភូមិសាស្ត្រ​ស្រុក​គិរីសាគរ និង​ស្រុក​កោះកុង ខេត្តកោះកុង ។​

៣-​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ អិ​ល ធី ឌី «Koh Kong SEZ Co.,Ltd.» មាន​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ ជា​អគ្គនាយក​ក្រុមហ៊ុន និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម លើ​ផ្ទៃដី​ទំហំ​៩ ៩៧៧​ហិកតា ក្នុង​តំបន់​គ្រប់គ្រង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ភូមិសាស្ត្រ​ខេត្តកោះកុង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.