ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

រឿង​លំអៀង​រវាង​មហាផ្ទៃ និង​ការពារជាតិ ? បុរស​ខ្លាំង​គួរ​លើកលែង​ពន្ធ​នាំចូល​ចំពោះ​រថយន្ត​គ្មាន​ពន្ធ​ពាក់​ស្លាក​លេខ​មេរ​ភូមិន្ទ ដូច​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​

​ជា​រឿង​កើតឡើង​ដដែលៗ នៅពេល​ឃើញ​មាន​រថយន្ត​ទំនើបៗ​គ្មាន​ពន្ធ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​ហ៊ឺហា ហើយ​ត្រូវបាន​សមត្ថកិច្ច​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​ជារឿយៗ បង្ហាញ​អំពី​ការបាត់បង់ ឬ​ធ្លាក់ចុះ​កិត្យានុភាព​នៃ​កងយោធពល​ខេមរភូមិន្ទ បង្កដោយ​បុគ្គល​ខិលខូច​មួយចំនួន​ផង និង​បង្ហាញ​អំពី​រូបភាព​នៃ​ការរំលោភបំពាន​លើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ផង ។​

​ព័ស្តុតាង​ជាក់ស្តែង គឺ​កាលពី​ថ្ងៃទី​១១-១២ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ មាន​រថយន្ត​ទំនើបៗ​គ្មាន​ពន្ធ​នាំចូល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ជាច្រើន​គ្រឿង​ត្រូវ​សមត្ថកិច្ច​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាបបាន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​អនុលោម​តាម​មាត្រា​៥,​មាត្រា​៦ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩​ប្រក ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០០៩ ស្តីពី​ការចេញ​ប័ណ្ណ ស្លាក​លេខ​ចរាចរណ៍ និង​សញ្ញា​សំគាល់​ស្ថាប័ន កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ គឺ​បាន​តម្រូវ​ឲ្យ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ជា​រថយន្ត​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ និង​ការងារ​ការពារជាតិ (​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារៈ​ទ័ព និង​ដឹកជញ្ជូន​កងទ័ព​) លាប​ពណ៌​ត្រេអ៊ី ។ ប៉ុន្តែ រថយន្ត​ទំនើបៗ​ពាក់​ស្លា​កលេ​ខេមរភូមិន្ទ ដែល​សមត្ថកិច្ច​គយ​ចល័ត​បង្ក្រាបបាន​នោះ គឺជា​រថយន្ត​គ្មាន​ពន្ធ​នាំចូល និង​គ្មាន​លាប​ពណ៌​ត្រេអ៊ី​អ្វី​ឡើយ ។ មានន័យថា ជា​ប្រភេទ «​រថយន្ត​ទំនើប តែ​ម្ចាស់​ទំនើង​» បង្អាប់បង្អោន​ដល់​កិត្យានុភាព​នៃ​ក្រសួងការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកឃ្លាំមើល​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ឯកភាព​យល់ព្រម​ឲ្យ​មានការ​លើកលែង​ពន្ធ​នាំចូល (​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​) ចំពោះ​រថយន្ត​គ្មាន​ពន្ធ​ពាក់​ស្លាក​លេខ​នគរបាល​ចំណុះ​ក្រសួងមហាផ្ទៃ​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចំនួន​៤៧០​គ្រឿង ។ ដូច្នេះ បើ​ជ្រុល​ជា​ធ្លាប់​ផ្តល់​ការសម្រេច​តាម «​អារម្មណ៍​» បែបនេះ​ទៅហើយ និង​ដើម្បី​កុំ​ឲ្យ​មានរឿង​អាស្រូវ​កើតឡើង​ដដែលៗ​បង្ក​ការប៉ះពាល់​ដល់​មុខមាត់​ក្រសួងការពារជាតិ និង​កិត្យានុភាព​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល គប្បី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ធ្វើសំណើ​គោរព​ជូន​នាយករដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​មានការ​លើកលែង​ពន្ធ​នាំចូល​ចំពោះ​រថយន្ត​គ្មាន​ពន្ធ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដូចដែល​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើ និង​បុរស​ខ្លាំង​គួរ​សម្រេច​អនុញ្ញាត​ដូច​ករណី​សំណើ​ក្រសួងមហាផ្ទៃ គឺជា​ការ​ស្រេច ។ ចប់ ឯវំ​! ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.