ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ដឹងខ្លួន​រហ័ស​គួរសម ! ខ្មាន់កាំភ្លើង​ជា​ទាហាន​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​ទាំងយប់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​ចូលខ្លួន​សារភាព​ហើយ

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បុរស​ខ្មាន់កាំភ្លើង​ជា​ទាហាន​ដែល​បាញ់បោះ​សេរី​ចំនួន​៨​គ្រាប់​ទាំងយប់​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​ប្រៀបប្រដូច​នឹង​ការមើលស្រាល​ដល់​សមត្ថ​កិច្ច​កាលពី​រាត្រី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​កន្លង​ទៅនោះ បាន​ចូលខ្លួន​មក​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ នៅវេលា​ព្រឹក​នា​ថ្ងៃទី​១៣ ខែកក្កដា ២០១៧​នេះ ។​

​ការចូល​ខ្លួន​មក​សារភាព​របស់​បុរស​ខ្មាន់កាំភ្លើង​ជា​ទាហាន​ឈ្មោះ ទូច បូ​ភាព អាយុ​៣៥​ឆ្នាំ រស់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដោយ​ជិះ​រថយន្ត​ម៉ាក Lexus RX330 ពណ៌​ក្រហម​ចាស់ ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-5981 (​ដាក់​ទីលំនៅ​ខេត្ត​ព្រះសីហនុ​) នៅ​ចំពោះមុខ​សមត្ថកិច្ច​នេះ គឺ​បន្ទាប់ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ថ្ងៃ​ម្សិលមិញ​បង្គាប់​ឲ្យ​ខ្មាន់កាំភ្លើង​ចូល​បង្ហាញខ្លួន​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំណត់​មុន​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​ខាងមុខ ដើម្បី​សាកសួរ​បំភ្លឺ​លើ​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត (​ផ្ទុះអាវុធ​ច្រើន​គ្រាប់​ដោយ​អនាធិបតេយ្យ​តាមផ្លូវ​សាធារណៈ​) ។

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បុរស​ខ្មាន់កាំភ្លើង​ឈ្មោះ ទូច បូ​ភាព អតីត​ជា​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រោយមក​បាន​ទៅ​បម្រើ​ការងារ​ជាម​ន្ត្រី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ ទើប​ខ្មាន់កាំភ្លើង​រូបនេះ​ទៅ​ចូល​សារភាព​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែម្តង ។ បច្ចុប្បន្ន មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​បុរស​ខ្មាន់កាំភ្លើង​រូបនេះ​តាម​នីតិវិធី ។​

​សរុបសេចក្តី​មក បើ​ប្រៀបធៀប​រវាង​ករណី​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ ទៅនឹង​ករណី​អតីតមន្ត្រី​ប៉ូលិសអន្តោប្រវេសន៍​ឈ្មោះ ឈាន ពិសិដ្ឋ ដែល​បាញ់បោះ​ទៅលើ​មន្ត្រីប៉ូលិស​រួមការ​ងារ និង​ទោះបី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ដូចគ្នា​ក៏ដោយ គឺ​បាន​បង្ហាញថា បុរស​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ឈ្មោះ ឈាន ពិសិដ្ឋ មាន​ចរិត​រឹងរូស​ជាង បុរស​ជនសង្ស័យ​ខ្មាន់កាំភ្លើង​ឈ្មោះ ទូច បូ​ភាព ឬ​អាច​និយាយបានថា បុរស​ឈ្មោះ ឈាន ពិសិដ្ឋ ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ​ខុសពី​បុរស​ឈ្មោះ ទូច បូ​ភាព ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.