ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ករណី​មួយណា​ចាត់ការ​បាន​មុន ? បុរស​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​នៅ​ភ្នំពេញ​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន ខណៈ​អតីត​ប៉ូលិស​បាញ់បោះ​ឆៅៗ​នៅ​ប៉ោយប៉ែត ស្ងាត់ឈឹង

​បុរស​ម្នាក់​ឈ្មោះ ទូច បូ​ភាព អាយុ​៣៥​ឆ្នាំ​ដែល​បាញ់បោះ​សេរី​រហូតដល់​ជិត​១០​គ្រាប់​ទាំងយប់​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​លេខ​១៧១​អយ​ឋ ចុះ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​បញ្ជា​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​ដើម្បី​សាកសួរ​បំភ្លឺ​លើ​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត (​ផ្ទុះអាវុធ​ច្រើន​គ្រាប់​ដោយ​អនាធិបតេយ្យ​តាមផ្លូវ​សាធារ​ណៈ​) ។​

​និយាយ​ដល់​ករណី​បុរស​ឈ្មោះ ទូច បូ​ភាព អតីត​ជា​មន្ត្រីប៉ូលិស​ម្នាក់​បាញ់បោះ​សេរី​រហូតដល់​ជិត​១០​គ្រាប់​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​នឹកឃើញ​ទៅដល់​ករណី​បុរស​ឈ្មោះ ឈាន ពិសិដ្ឋ អាយុ​៣៧​ឆ្នាំ អតីត​ជា​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ប៉ុន​ប៉ន​ឃាតកម្ម (​លើ​មន្ត្រីប៉ូលិស​រួមការ​ងារ​) និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧ ក៏​ធ្លាប់​ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​កំណត់​ឲ្យ​បាន​មុន​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​លទ្ធផល​ស្ងាត់ឈឹង​រហូតទល់​សព្វថ្ងៃ ។

​ដូច្នេះ មជ្ឈដ្ឋាន​ទូទៅ​នឹង​បន្ត​តាមដាន​មើលថា រវាង​ករណី​ទាំងពីរ​នេះ តើ​ករណី​មួយណា​ចាត់ការ​បាន​មុន ? តើ​ស្ថាប័ន​តុលាការ​ខ្សោយ ឬ​ជនសង្ស័យ​ជា​មនុស្ស​មាន​ជំនាញ​ខាង​រត់គេចខ្លួន​ពួន​អាត្មា ប្រកបដោយ​សុវត្ថិភាព​រួចផុត​ពី​ការ​ប្រមាញ់​របស់​សមត្ថកិច្ច ? ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.