ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

​បន្ថយ​រឿងអាស្រូវ ? រាជរដ្ឋាភិបាល​បញ្ឈប់​ជា​ស្ថាពរ​ការនាំចេញ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង ទៅកាន់​បរទេស​

កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​ឯកឧត្តម ស៊ុយ សែម សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី បានសម្រេច​បញ្ឈប់​ជា​ស្ថាពរ​ការអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង​ចេញទៅ​ក្រៅប្រទេស ដោយ​ប្រកា​សលេខ​២៣៦​រថ​.​អធរ​.​ប្រក ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ខណៈ​ការសម្រេច​យ៉ាង​តក់ក្រហល់​បែបនេះ​បន្ទាប់ពី​ក្រសួង​រ៉ែ និង​ថាមពល​បានចេញ​សារាចរ​មួយ​លេខ​២៣៥​រថ​.​អធរ​.​សរ​ច ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​ស្តីពី​វិធានការ​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ព្រែក និង​ស្ទឹង​នៃ​ប្រព័ន្ធ​ស្ទឹង​ស្រែអំបិល ប្រព័ន្ធ​ស្ទឹង​តា​តៃ និង​ស្ទឹង​ត្រពាំងរូង និង​ប្រព័ន្ធ​ស្ទឹង​កោះ​ប៉ោ នៃ​ខេត្តកោះកុង ។​

​ពាក់ព័ន្ធ​នឹង​ការនាំចេញ​ខ្សាច់​ពី​ខេត្តកោះកុង​ទៅកាន់​បរទេស​នេះ​ធ្លាប់បាន​បង្ក​នូវ​រឿងអាស្រូវ​ជាច្រើន ដូចជា លំអៀង​តួលេខ​ដែល​នាំចេញ​ខ្សាច់​ទៅកាន់​ប្រទេស​សិង្ហ​បុរី​អស់​រយៈពេល​៨​ឆ្នាំ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥ រវាង​តួលេខ​រាជរដ្ឋាភិបាល​កម្ពុជា និង​តួលេខ​រដ្ឋាភិបាល​សិង្ហ​បុរី (​កម្ពុជា​ថា ប្រមាណ​២,៨​លាន​តោន រីឯ​សិង្ហ​បុរី​ថា ប្រមាណ​៧២,៨​លាន​តោន​) ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​៧៥០​លាន​ដុល្លារ​អាមេរិក ដែល​ជាប់​ក្នុងការ​សង្ស័យថា មាន​បង្កប់​នូវ​អំពើពុករលួយ និង​ការចាប់ខ្លួន​ក្រុម​អង្គការ សហគមន៍​ថែរក្សា​បរិស្ថាន​មួយចំនួន​នៅ​ខេត្តកោះកុង​ដាក់ពន្ធនាគារ​…​។​ល​។

​ទោះយ៉ាងណា​ក៏ដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​មិនបាន​បញ្ជាក់​លំអិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ប​ញ្ឈ​ប់​ការនាំចេញ​ខ្សាច់​ពី​ខេត្តកោះកុង​ទៅកាន់​បរទេស​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ​នៅឡើយ​ទេ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ទទួលបាន​សិទ្ធិ​កម្រិត​ទ្រង់ទ្រាយ​ធំជាងគេ​ក្នុង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ខេត្តកោះកុង​ដើម្បី​នាំចេញ​ទៅ​បរទេស​នោះ គឺ​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន LYP Group សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ភូមិភាគ​៧ (​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​) និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦ ។ ក្នុង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ខេត្តកោះកុង​ដើម្បី​នាំចេញ​ទៅកាន់​បរទេស​នោះ គឺ​ក្រុមហ៊ុន​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ បានប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​តូច​ជាច្រើន​ទៀត​ដើម្បី​ចែករំលែក​ប្រាក់ចំណេញ​គ្នា​ក្នុង​រង្វង់ «​បក្ខពួក​» ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រីរាជការ​គ្រាក់ៗ​នៅ​កម្ពុជា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ បាន​បង្ក​ឲ្យ​មាន​វិនាសកម្ម​ច្រើនណាស់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​ទូទៅ ធនធានធម្មជាតិ​សព្វបែបយ៉ាង​ប៉ុណ្ណោះ​ទេ គឺ​ថវិកាជាតិ​ដែល​បានមកពី​ប្រភព​ចំណូល​នៃ​ធនធាន​ទាំងនោះ បាន​បាត់បង់​ក្នុង​កម្រិត​ច្រើនសន្ធឹក​សន្ធាប់​ជា​រៀងរាល់ឆ្នាំ​ដ៏​គួរ​ឲ្យ​សោកស្តាយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.