ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

​រឿងក្តី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​ប៉ោយប៉ែត នឹងត្រូវ​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​សម្រាប់ «​ជុំ​ទី​២»

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​តុលាការ​កំពូល​បាន​ឲ្យ​ដឹងថា រឿងក្តី​ទំនាស់​ដីធ្លី​មួយកន្លែង​ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត (​អតីត​ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ​) ខេត្តបន្ទាយមានជ័យ ទំហំ​១៣ ២០០​ម៉ែត្រក្រឡា មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០៥៤៣៧ (Cviii 1525) ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០០៥ (​អតីត​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ C8-0654 ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៩៤ ) រវាង​លោក ណា លឹម​ហ៊ុយ និង​ក្រុម​ប្រជាពលរដ្ឋ​អះអាងថា មាន​ចំនួន​២៥​គ្រួសារ (​ជា​អ្នកប្តឹង​សុំចូល​ជា​តតិយជន​) នឹងត្រូវ​តុលាការ​កំពូល​មាន​ឯកឧត្តម ជីវ កេង អនុប្រធាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លើក​យកមក​បំពេញ​នីតិវិធី​ទាញហេតុផល​ដោយផ្ទាល់​មាត់ (​ជំនុំជម្រះ​) នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខ ខណៈ​រឿងក្តី​នេះ​បានអូសបន្លាយ​រ៉ាំរ៉ៃ​អស់​រយៈពេល​១២​ឆ្នាំ​មកហើយ ។

​ដំណើររឿង​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងលើនេះ​មាន​ដូចតទៅ ៖

I-​ទំនាស់​រវាង​លោក ណា លឹម​ហ៊ុយ និង​លោក ហួត ប៊ុន​ហាក់ ហៅ ប៊ុន​ហាក់​-​អ្នកស្រី អាយ អូន (​ជុំ​ទី​១) ៖

​ក​-​ប្រវត្តិ​ដី​ទំនាស់ និង​សាច់រឿង​លក់​-​ទិញ​ដី ៖

១-​ដី​ទំនាស់​ជា​ដី​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​ស្រាប់ (​អតីត​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​C8-0654 ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៩៤) និង​មាន​ម្ចាស់​ដើម​ឈ្មោះ គឹម ហួរ ។ ក្រោយមក ឈ្មោះ គឹម ហួរ បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មោះ ឈូ ពិន (​តែ​មិនទាន់បាន​កាត់ឈ្មោះ​នៅក្នុង​ប្លង់ដី​ទេ​) ។ ឈ្មោះ ឈូ ពិន បាន​យក​ប្លង់ដី​នេះ​ទៅ​ដាក់បញ្ចាំ​នឹង​ឈ្មោះ ហួត ប៊ុន​ហាក់ ហៅ ប៊ុន​ហាក់ ដែលជា​អ្នក​ធ្លាប់​រកស៊ី​ស្គាល់គ្នា ។ ឈ្មោះ ប៊ុន​ហាក់ ក៏បាន​លក់​ដី​ជាប់​បន្ទុក​បញ្ចាំ​នេះ​ទៅ​ឲ្យ​ឈ្មោះ អាយ អូន ដោយ​មិនបាន​ប្រគល់​ប្លង់ដី​ទៅ​ឲ្យ​ឈ្មោះ ឈូ ពិន ជា​ម្ចាស់ទ្រព្យ​ដាក់បញ្ចាំ​វិញ​ទេ ។ ដោយសារ​ឈ្មោះ​ប៊ុន​ហាក់ មិន​ព្រម​ប្រគល់​ប្លង់ដី​ឲ្យ​ខ្លួន​ជា​ម្ចាស់ទ្រព្យ​ដាក់បញ្ចាំ​នោះ ទើប​អំឡុង​ឆ្នាំ​២០០៤ ឈ្មោះ ឈូ ពិន ក៏បាន​ប្តឹង​សុំ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល ហើយក៏​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ទ​ទួល​ស្គាល់​សិទ្ធិ​ឈ្មោះ ឈូ ពិន ជា​ម្ចាស់ទ្រព្យ​ដាក់បញ្ចាំ ដោយ​បដិសេធ​ប្លង់ដី​លេខ C8-0654 ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៩៤ និង​អនុញ្ញាត​ឲ្យ​ចេញ​ប័ណ្ណ​ទុតិយតា​ថ្មី​វិញ​ជូន​ឈ្មោះ ឈូ ពិន តាម​ស្មារតី​លិខិត​លេខ​១១០៣​សជណ ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០០៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​យោងតាម​ស្មារតី​លិខិត​លេខ​១១០៣​សជណ ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០០៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ទើប​សាលាខេត្ត​បន្ទាយមានជ័យ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី (​ដន​សស​) ខេត្តបន្ទាយមានជ័យ ចាត់ចែង​នីតិវិធី​ប្រកាស​ធ្វើ​ទុតិយតា​ប្លង់ដី​ចាស់​លេខ C8-0654 ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៩៤ ដែល​បដិសេធចោល និង​ចេញ​ប្លង់ដី​ថ្មី​ជំនួស​វិញ (​លិខិត​លេខ​២៩២០​ខ​ប​ជ ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០០៤ របស់​សាលាខេត្ត​បន្ទាយមានជ័យ​, ប្រកាស​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៥ និង​ប្រកាស​ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០០៥ របស់​មន្ទីរ​ដន​សស ខេត្តបន្ទាយមានជ័យ​) ។​

២-​ដោយ​មើលឃើញ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ការចាត់​នីតិវិធី​ធ្វើ​ទុតិយតា​ប្លង់ដី​ថ្មី​ជូន​ឈ្មោះ ឈូ ពិន របស់​មន្ទីរ​ដន​សស ខេត្តបន្ទាយមានជ័យ​ដូច​បានលើកឡើង​ខាងលើ ទើប​ឈ្មោះ ណា លឹម​ហ៊ុយ បាន​ព្រមព្រៀង​ទិញ​ដី​នេះ​ពី​ឈ្មោះ ឈូ ពិន និង​មាន​មន្ត្រី​ជំនាញ​សុរិយោដី និង​ភូមិបាល​តាក់តែង​លិខិត​លក់​ផ្តាច់​លេខ​១១/០៥ ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០០៥ ព្រមទាំង​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដន​ស​) ក៏​បានចេញ​ប្លង់ដី​ថ្មី​លេខ​ប​ជ​០០៥៤៣៧ (Cviii 1525) ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០០៥ ដែលជា​ប្លង់ដី​បានមកពី​ការផ្ទេរសិទ្ធិ (​លក់​ផ្តាច់​) នឹង​បាន​ចុះបញ្ជី​សុរិយោដី​ត្រឹមត្រូវ​តាម​នីតិវិធី​ជូន​ឈ្មោះ ណា លឹម​ហ៊ុយ ជា​កម្មសិទ្ធិករ ។

​ខ​-​ដំណោះស្រាយ​នៅ​ស្ថាប័ន​រាជរដ្ឋាភិបាល ៖

​ក្រោយពេល​ទទួលបាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០៥៤៣៧ (Cviii 1525) ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០០៥ ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិករ​រួចមក ឈ្មោះ ណា លឹម​ហ៊ុយ បានដាក់​សំណើ​ទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​សុំ​បោះបង្គោល​ព្រំដី តែ​ត្រូវបាន​ក្រុមមនុស្ស​មួយចំនួន​ចេញមុខ​ជំទាស់​រារាំង ជាហេតុ​ធ្វើ​ឲ្យ​ឈ្មោះ ណា លឹម​ហ៊ុយ សុំ​ការអន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល រហូត​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប​ង្គា​ប់​ឲ្យ​សាលាខេត្ត​បន្ទាយមានជ័យ​សហការ​ជាមួយ​មន្ទីរ​ដន​សស ខេត្ត​ចុះ​បោះបង្គោល​ព្រំដី​មាន​ប្លង់​លេខ​ប​ជ​០០៥៤៣៧ (Cviii 1525) ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០០៥ ជូន​តាម​សំណើ​របស់​ឈ្មោះ ណា លឹម​ហ៊ុយ តាម​ស្មារតី​លិខិត​លេខ​១៤៨០​សជណ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០០៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។ ទោះយ៉ាងណា​ក៏ដោយ ក៏​ការបោះបង្គោល​ព្រំដី​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​នេះ មិន​ទទួលបាន​លទ្ធផល​ទេ ពីព្រោះ​មាន​ក្រុមមនុស្ស​ដឹកនាំ​ដោយ​ឈ្មោះ អាយ អូន ចេញមុខ​ជំទាស់​រារាំង ។​

​គ​-​ដំណោះស្រាយ​នៅ​ស្ថាប័ន​តុលាការ ៖

​ដោយ​ការបោះបង្គោល​ព្រំដី​មិន​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​នោះ ទើប​នា​អំឡុង​ឆ្នាំ​២០០៨ ឈ្មោះ ណា លឹម​ហ៊ុយ បានសម្រេច​ចិត្ត​ប្តឹង​ឈ្មោះ ហួត ប៊ុន​ហាក់ ហៅ​ប៊ុន​ហាក់ និង​ឈ្មោះ អាយ អូន ទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ នៅ​ទីបំផុត ស្ថាប័ន​តុលាការ​ទាំងបី​ថ្នាក់ តាំងពី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ (​សាលក្រម​រដ្ឋប្បវេណី​លេខ​៣៣«​ក​» ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០០៨) សាលាឧទ្ធរណ៍ (​សាលដីកា​រដ្ឋប្បវេណី​លេខ​០៣«​ញ​» ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០០៩ តម្កល់​សាលក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​) និង​តុលាការ​កំពូល (​សាលដីកា​រដ្ឋប្បវេណី​លេខ​៤០០«​ក​» ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៩ តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​) បានសម្រេច​ទទួលស្គាល់​ឈ្មោះ ណា លឹម​ហ៊ុយ ជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​ស្របតាម​ច្បាប់ (​ពោលគឺ ស្ថាប័ន​តុលាការ​ទាំងបី​ថ្នាក់​បានសម្រេច​ឲ្យ​ឈ្មោះ ណា លឹម​ហ៊ុយ ឈ្នះក្តី​លើ​ឈ្មោះ ប៊ុន​ហាក់ និង​ឈ្មោះ អាយ អូន​) ។​

II- ទំនាស់​រវាង​លោក ណា លឹម​ហ៊ុយ និង​ក្រុម​ប្រជាពលរដ្ឋ​២៥​គ្រួសារ (​ជុំ​ទី​២) ៖

​ក​-​ដំណោះស្រាយ​នៅ​ស្ថាប័ន​តុលាការ ៖

១-​ដោយ​ប្រឆាំងនឹង​សំណើ​របស់​ឈ្មោះ ណា លឹម​ហ៊ុយ ដែល​សុំ​អនុវត្ត​សាលដីកា​រដ្ឋប្បវេណី​លេខ​៤០០«​ក​» ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​តុលាការ​កំពូល​ដែល​ឈ្មោះ ណា លឹម​ហ៊ុយ បាន​ឈ្នះក្តី​លើ​ឈ្មោះ ប៊ុន​ហាក់ និង​ឈ្មោះ អាយ អូន រួចហើយនោះ មាន​មនុស្ស​មួយក្រុម​អះអាងថា​ចំនួន​២៥​គ្រួសារ និង​បញ្ជាក់​ច្បាស់​ថា បាន​ទិញ​ដី​ទំនាស់​បន្ត​ពី​ឈ្មោះ អាយ អូន និង​លក់​-​ទិញ​តៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ បានដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល និង​ប្តឹង​សុំចូល​ជា​តតិយជន សុំ​សិទ្ធិ​កាន់កាប់​ដី​ទំនាស់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ ត្រូវបាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សម្រេច​ច្រានចោល​ពាក្យបណ្តឹង​របស់​ក្រុមមនុស្ស​២៥​គ្រួសារ​នោះ តាម​សាលក្រម​រដ្ឋប្បវេណី​លេខ​១០«​ង​» ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១២ (​ពោលគឺ សម្រេច​ឲ្យ​ឈ្មោះ ណា លឹម​ហ៊ុយ ឈ្នះក្តី​លើ​ក្រុមមនុស្ស​២៥​គ្រួសារ​) ។

២-​ព្រោះតែ​មិន​សុខចិត្ត​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទើប​សហ​ដើមចោទ​ទាំង​២៥​គ្រួសារ​បានសម្រេច​ប្តឹង​ឧទ្ធរណ៍​បន្តទៀត ប៉ុន្តែ​ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​រដ្ឋប្បវេណី​លេខ​១០«​ង​» ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១២ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទុកជាបានការ​ពេញ​ទាំងមូល តាម​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៣​ក្រ​II.​ប ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ (​ពោលគឺ សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ឈ្មោះ ណា លឹម​ហ៊ុយ ឈ្នះក្តី​លើ​ក្រុមមនុស្ស​២៥​គ្រួសារ​ដដែល​) ។​

៣-​ឥឡូវ ពាក្យបណ្តឹង​សាទុក្ខ​រប​ស់​ក្រុមមនុស្ស​២៥​គ្រួ​សារបាន​បង្កើតជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​១៥ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ របស់​តុលាការ​កំពូល ដែល​នឹងត្រូវ​លើក​យកមក​បំពេញ​នីតិវិធី​ទាញហេតុផល​ដោយផ្ទាល់​មាត់ (​ជំនុំជម្រះ​) នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខ ។​

​ខ​-​ដំណោះស្រាយ​នៅ​ស្ថាប័ន​រាជរដ្ឋាភិបាល ៖

១-​ខណៈ​កំពុង​ក្តីក្តាំ​គ្នា​នៅ​ស្ថាប័ន​តុលាការ​រវាង​ឈ្មោះ ណា លឹម​ហ៊ុយ និង​សហ​ដើមចោទ​ជា​ក្រុមមនុស្ស​២៥​គ្រួសារ​នោះ ក្រុមមនុស្ស​២៥​គ្រួសារ​មានឈ្មោះ លួស វ​ណ្ណី និង​ឈ្មោះ គឹម ហួយ ជា​តំណាង​ក៏បាន​ប្តឹងទៅ​ក្រសួង​ដន​ស ស្នើសុំ​ព្យួរ​ប័ណ្ណ​ទុតិយតា​លេខ​ប​ជ​០០៥៤៣៧ (Cviii 1525) ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០០៥ និង​សុំ​មោឃភាព​ប្លង់ និង​សម្រង់​ប្លង់​បង្ហាញ​ទីតាំង​ដី​ទំនាស់​របស់​មន្ទីរ​ដន​សស ខេត្តបន្ទាយមានជ័យ តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣ ។ ពាក្យបណ្តឹង​នេះ ត្រូវបាន​ក្រសួង​ដន​ស សម្រេច​តាម​ស្មារតី​លិខិត​លេខ​២៦៦២​ដន​ស​/​អសដ ចុះ​ថ្ងៃទី​២០ ខែវិច្ឆិការ ឆ្នាំ​២០១៣ មាន​ខ្លឹមសារ​ចំនួន​៤​ចំណុច គឺ ៖ ការចេញ​ប័ណ្ណ​ទុតិយតា​របស់​មន្ទីរ​ដន​ស​ស ខេត្តបន្ទាយមានជ័យ គឺ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​តាម​នីតិវិធី​ត្រឹមត្រូវ​, ប្លង់​ទីតាំង​ដី​ទំនាស់​របស់​មន្ទីរ​ដន​សស ខេត្តបន្ទាយមានជ័យ ធ្វើឡើង​ត្រឹមត្រូវ​តាម​លិខិត​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​, ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​២៥​គ្រួសារ​កំពុង​កាន់កាប់ ជាទី​តាំង​ដី​ដែល​បាន​ចុះបញ្ជី​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​លេខ C8-0654 ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៩៤ របស់​ឈ្មោះ គឹម ហួរ ប្រាកដ​មែន និង​ចំពោះ​ប័ណ្ណ​សំគាល់​សិទ្ធិ​លេខ​ប​ជ​០០៥៤៣៧ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០០៥ មិនមែនជា​ប័ណ្ណ​ទុតិយតា​ឡើយ គឺជា​ប័ណ្ណ​ដែល​បានមកពី​ការផ្ទេរសិទ្ធិ (​លក់​ផ្តាច់​) និង​បាន​ចុះបញ្ជី​សុរិយោដី​ត្រឹមត្រូវ​តាម​នីតិវិធី ។

២-​ដោយ​មិន​អស់ចិត្ត​ទៀត នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤ ក្រុម​ប្រជាពលរដ្ឋ​២៥​គ្រួសារ ដែល​ចេញមុខ​តំណាង​ដោយ​ឈ្មោះ មុំ អួ​ង និង​ឈ្មោះ សៀត ចាប វិញ​ម្តង បានដាក់​សំណើ​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សុំ​អនុញ្ញាត​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​លើ​ទីតាំង​ដី​ទំនាស់​ឲ្យ​ទៅ​ពួកខ្លួន ។ ក្រោយមក ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជូន​ករណីនេះ​ទៅ​ឲ្យ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ជា​សមត្ថកិច្ច និង​ទីបំផុត ត្រូវបាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ចេញ​លិខិត​លេខ​០៥៣/១៦​អ​ជដ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ បញ្ជាក់ថា «​មិនអាច​លើកយក​មក​ដោះស្រាយ​ជូន​បានទេ ពីព្រោះ​សំណុំរឿង​កំពុង​ឋិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​កំពូល​» ។​

​សរុបសេចក្តី​មក មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ក្រុម​ប្រជាពលរដ្ឋ​២៥​គ្រួសារ​ដែល​អះអាងថា ជា​អ្នកទិញ​ដី​ទំនាស់​បន្ត​ពី​ឈ្មោះ អាយ អូន ហើយ​ឈ្មោះ អាយ អូន ជា​អ្នកទិញ​ដី​បន្ត​ពី​ឈ្មោះ ប៊ុន​ហាក់ ខណៈ​ឈ្មោះ ប៊ុន​ហាក់ ជា​អ្នកយក​ប្លង់ដី​របស់​ឈ្មោះ ឈូ ពិន ដាក់បញ្ចាំ​ទៅ​លក់​ឲ្យ​ឈ្មោះ អាយ អូន មិនមាន​ការព្រមព្រៀង​ពី​ឈ្មោះ ឈូ ពិន ជា​ម្ចាស់ទ្រព្យ​ដាក់បញ្ចាំ គឺជា​អំពើ​ខុសច្បាប់ និង​ទាំង​ឈ្មោះ ប៊ុន​ហាក់ ទាំង​ឈ្មោះ អាយ អូន សុទ្ធតែ​បាន​ចាញ់ក្តី​ឈ្មោះ ណា លឹម​ហ៊ុយ ដែលជា​អ្នកទិញ​ដី​ពី​ឈ្មោះ ឈូ ពិន នៅ​ស្ថាប័ន​តុលាការ​ទាំងបី​ថ្នាក់​រួចហើយ ដូច្នេះ ក្រុម​ប្រជាពលរដ្ឋ​២៥​គ្រួសារ​មិនអាច​ក្លាយជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​ស្របតាម​ច្បាប់​បានឡើយ ពីព្រោះ​ជា​អ្នកទិញ​ដី​ពី​មិនមែន​ម្ចាស់​ដី​ពិតប្រាកដ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.