ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ដល់​វគ្គ​គំរាម​សម្លុត​ហើយ ! មាន Email គំរាម​សារព័ត៌មាន​ដើមត្នោត​ថា «​ប្រយ័ត្ន​រត់​មិនទាន់​» បន្ទាប់ពី​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​

​បន្ទាប់ពី​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត «WWW.DTN7.COM» ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយនា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​មាន​ចំណងជើង​ថា «​រឿង​ប្លែកៗ ! ធនធាន​រ៉ែ​របស់​ជាតិ បែរជា​នាំគ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្ម​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​» ស្រាប់តែ​នៅ​ថ្ងៃ​ដដែល «​វេលា​ម៉ោង​២០ និង​៤៩​នាទី​យប់​» មាន Email មួយ​ប្រើប្រាស់ Account ឈ្មោះ «tydalin2013@gmail.com» ផ្ញើ​សារ​មកកាន់ Account Email របស់​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត «deumtnotnews@gmail.com» ក្នុង​គោលបំណង​ស្នើ​ឲ្យ​សារព័ត៌មាន​ដើមត្នោត​ធ្វើការ​កែតម្រូវ ប៉ុន្តែ​បែរជា​បង្កប់​នូវ​អត្ថន័យ​គំរាម​សម្លុត​ទៅវិញ ដូចជា​ការប្រើ​ពាក្យពេចន៍​ថា «…​កុំ​ខ្លាំង​ដៃ​ពេក ប្រយ័ត្ន​រត់​មិនទាន់​» ។

​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ធ្លាប់បាន​ផ្សព្វផ្សាយ​នូវ​អត្ថបទ​ព័ត៌មាន​មួយ​មាន​ចំណងជើង​ថា «​រឿង​ប្លែកៗ ! ធនធាន​រ៉ែ​របស់​ជាតិ បែរជា​នាំគ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្ម​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​» ដោយ​ខ្លឹមសារ​នៃ​អត្ថបទ បាន​បង្ហាញថា កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១០​កន្លងទៅ ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ណឹ​ម ម៉េង គ្រុប ខូ​អិ​ល​ធី​ឌី «NIM MENG GROUP Co.,Ltd.» តំណាង​ដោយ​លោកស្រី ឡាយ ស៊ី​នាង ណឹ​ម ម៉េង ជា​អគ្គនាយិកា​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហុង ទុង តំណាង​ដោយ​លោក ធិ​ន តុង​ហ្គ័​រ ជា​នាយក​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្តឡើង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ខេត្តកណ្តាល​) ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អតីត​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្តម សួន សិទ្ធី អតីត​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។

​អត្ថបទ​បានលើកឡើង​ដែរ​ថា «​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ជា​សំណួរ​ទាំង​ងឿងឆ្ងល់​ថា គោលបំណង​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប និង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហុង ទុង គឺ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ហេតុអ្វី​ក្រុមហ៊ុន​ទាំងពីរ​នេះ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង បែរជា​នាំគ្នា​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទៅវិញ ឬមួយ​ចង់​សំដៅថា ធនធាន​រ៉ែ​ដែល​ត្រូវធ្វើ​អាជីវកម្ម​នោះ ជា​សម្បត្តិ​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទេ​ដឹង ? » ។​

​ខ្លឹមសារ​អត្ថបទ​បានលើកឡើង​ទៀតថា «​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​មតិយោបល់​ថា ពិធី​ចុះ​កិច្ចព្រមព្រៀង​រុករក ឬ​ធ្វើ​អាជីវកម្ម​រ៉ែ ជា​ធនធានធម្មជាតិរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​រវាង​រដ្ឋ និង​ក្រុមហ៊ុន​ក្តី ឬ​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក្តី​ដែល​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល គួរ​ត្រូវបានធ្វើ​នៅ​ទីតាំង​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​របស់​រដ្ឋ ជាអាទិ៍ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី ឬ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល (​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ឬមួយ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តែម្តង​ក៏បាន មិនមែន​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី ប្រៀប​ដូច​រ៉ែ​ដែល​ត្រូវ​ជ្វើ​អាជីវកម្ម​ជា​កម្មសិទ្ធិ​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​នាយករដ្ឋមន្ត្រី​នោះឡើយ ។​» ។

​ដោយឡែក ខ្លឹមសារ Account Email ឈ្មោះ «tydalin2013@gmail.com» ដែល​បាន​ផ្ញើមក​សារព័ត៌មាន​ដើមត្នោត​បានបញ្ជាក់​ថា «…​ការចុះ​កិច្ចព្រមព្រៀង​នេះ​ត្រូវធ្វើ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ តែ​ដោយ​ពេលនោះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កំពុង​ជួសជុល ហើយ​ម្យ៉ាងទៀត​ខាង​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ខ្ចី​ទីក​ន្លែ​ក​នៅក្នុង​ការិយាល័យ​រប​ស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង រយៈពេល​២​ម៉ោង​តែប៉ុណ្ណោះ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​នេះ ។ បញ្ជាការដ្ឋាន​អង្គរក្ស​គ្មាន​ការពាក់ព័ន្ធ​អ្វី​ជាមួយនឹង​បញ្ហា​ចុះ​កិច្ចព្រមព្រៀង​នេះ​ទេ សុំ​កុំ​មាន​មាត់​ចេះតែ​និយាយ​បង្ខូចកេរ្តិ៍​ឈ្មោះ​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស កុំ​និយាយ​មួលបង្កាច់​កងទ័ព​ឲ្យ​សោះ » ។

​ខ្លឹមសារ Account Email ឈ្មោះ «tydalin2013@gmail.com» ដោយ​អះអាងថា ប្រើប្រាស់​សំណូមពរ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក្រោមរូបភាព «​សូម​កែតម្រូវ​» តែ​បង្កប់​នូវ​ន័យ​គំរាមកំហែង​សម្លុត​នោះ បានបញ្ជាក់​ទៀតថា «​សារព័ត៌មាន​ដើមត្នោត តែងតែ​គាស់កកាយ​រឿង​មិន​សម​ហេតុផល ក្នុងន័យ​ញុះញង់ មួលបង្កាច់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុងន័យ​កេងចំណេញ​នយោបាយ បម្រើ​ឲ្យ​បក្សនយោបាយ​ប្រឆាំង និង​កញ្ជះ​បរទេស​តែប៉ុណ្ណោះ ។ តើ​ខ្វះ​អ្នក​រករឿង​ណាស់​មែន​ទេ បានជា​មករក​រឿង​តែ​កងទ័ព​នោះ ? ឃើញ​គេ​មិន​មាត់​កុំ​ខ្លាំង​ដៃ​ពេក ប្រយ័ត្ន​រត់​មិនទាន់ ។ ខ្ញុំ​សង្ឃឹមថា សារព័ត៌មាន​ដើមត្នោត នឹងធ្វើ​ការកែតម្រូវ​ព័ត៌មាន​របស់ខ្លួន​ដោយ​ឈរលើ​ស្មារតី​វិជ្ជាជីវៈ​សារព័ត៌មាន​ឥត​លំអៀង ។ សូម​កែតម្រូវ​ជាបន្ទាន់ នេះ​ជា​សំណូមពរ​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត​» ។​

​ឆ្លៀត​ក្នុងឱកាស​នេះ សារព័ត៌មាន​ដើមត្នោត សូម​ធ្វើការ​បំភ្លឺ និង​ជម្រាបជូន​ម្ចាស់ Account Email ឈ្មោះ «tydalin2013@gmail.com» បាន​ជ្រាប​ដូចខាងក្រោម ៖

១-​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ដើមត្នោត ដែល​ថ្វីដ្បិតតែ​ជា​សារព័ត៌មាន​គ្មាន​ទ្រព្យធន​ដូច​សារព័ត៌មាន​ដ​ដៃ​ទៀត​ក៏ដោយ ក៏​មិនបាន​សំដៅ​បម្រើ​ឲ្យ​គណបក្សនយោបាយ​ណាមួយ​ទេ ហើយក៏​មិនមាន​ឋានៈ​ជា​កញ្ជះ​របស់​ខ្មែរ​អ្នកមាន​លុយ ឬ​ខ្មែរ​អ្នកមានអំណាច ឬ​បរ​ទេសណា​ដែរ ។

២-​កុំថាឡើយ​ចំពោះ​សារព័ត៌មាន​ដើមត្នោត អ្នកច្បាប់ ឬ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​យល់ដឹង​អំពី​កិច្ចការ​សង្គម គឺ​ប្រាកដជា​មានការ​ងឿងឆ្ងល់​នៅពេលដែល​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​ជា​ធនធាន​របស់​ជាតិ​រវាង​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន ហុង ទុង មិន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ? ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC ) ? ក្រសួង​រ៉ែ និង​ថាមពល (​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ? បែរជា​ត្រូវធ្វើ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី ឬ​ការិយាល័យ​ធ្វើការ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ទៅវិញ ខណៈ​មជ្ឈដ្ឋាន​ទូទៅ មិន​បានដឹង​ជាមុន​ថា ទីតាំង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុង​ជួលជុល​នោះទេ ។

៣-​ខ្លឹមសារ​អត្ថបទ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ដើមត្នោត មិនបាន​ចោទប្រកាន់​ណាមួយ ឬ​មួលបង្កាច់​ទៅលើ​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី​អ្វី​ទាល់តែសោះ គឺ​គ្រាន់​បាន​តាំង​ជា​សំណួរ​ពោរពេញ​ទៅដោយ​ការងឿងឆ្ងល់​ប៉ុណ្ណោះ ។

៤-​ប្រសិនបើ​ក្នុង​គោលបំណង​ត្រឹម​ស្នើ​ឲ្យ​សារព័ត៌មាន​ដើមត្នោត​ធ្វើការ​កែតម្រូវ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​រួចហើយៗ ម្ចាស់​សំណើ​ធ្វើឡើង​តាម​សំណូមពរ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង គឺ​គប្បី​ប្រើប្រាស់​នូវ​ពាក្យពេចន៍ ឬ​ភាសា​ក្នុងន័យ «​ស្នើ​កែតម្រូវ ដោយ​ប្រាប់​អំពី​ចំណុច​ខុស ដើម្បី​កែ​ឲ្យ​ទៅជា​ត្រូវ​…» ជាការ​គ្រប់គ្រាន់​ធួន​ល្មម​អាច​ទទួលយកបាន និង​ម្យ៉ាង​វា​ស្របទៅនឹង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ពោល​មិនគួរ​បង្កប់​នូវ​អត្ថន័យ​គំរាមកំហែង​សម្លុត​សារព័ត៌មាន​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ មាន​ត្រឹម «​ស្លាបប៉ាកកា​» នោះឡើយ ៕​

អត្ថបទពាក់ព័ន្ធ ៖

​រឿង​ប្លែកៗ ! ធនធាន​រ៉ែ​របស់​ជាតិ បែរជា​នាំគ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្ម​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​

​ជា​រឿង​កាលពី​ជិត​៧​ឆ្នាំមុន ប៉ុន្តែ​វា​ជា​រឿង​ប្លែកៗ​គួរតែ​លើកយក​មក​និយាយ​ក្នុងន័យ​រំលឹក​ឡើងវិញ​ទុកជា​ការហួសចិត្ត​ឥតឧបមា ។ រឿង​ប្លែកៗ​នោះ គឺ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១០​កន្លងទៅ ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ណឹ​ម ម៉េង គ្រុប ខូ​អិ​ល​ធី​ឌី «NIM MENG GROUP Co.,Ltd.» តំណាង​ដោយ​លោកស្រី ឡាយ ស៊ី​នាង ណឹ​ម ម៉េង ជា​អគ្គនាយិកា​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហុង ទុង តំណាង​ដោយ​លោក ធិ​ន តុង​ហ្គ័​រ ជា​នាយក​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្តឡើង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ខេត្តកណ្តាល​) ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អតីត​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្តម សួន សិទ្ធី អតីត​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ជា​សំណួរ​ទាំង​ងឿងឆ្ងល់​ថា គោលបំណង​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប និង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហុង ទុង គឺ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ហេតុអ្វី​ក្រុមហ៊ុន​ទាំងពីរ​នេះ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង បែរជា​នាំគ្នា​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទៅវិញ ឬមួយ​ចង់​សំដៅថា ធនធាន​រ៉ែ​ដែល​ត្រូវធ្វើ​អាជីវកម្ម​នោះ ជា​សម្បត្តិ​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទេ​ដឹង ?

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​មតិយោបល់​ថា ពិធី​ចុះ​កិច្ចព្រមព្រៀង​រុករក ឬ​ធ្វើ​អាជីវកម្ម​រ៉ែ ជា​ធនធានធម្មជាតិរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​រវាង​រដ្ឋ និង​ក្រុមហ៊ុន​ក្តី ឬ​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក្តី​ដែល​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល គួរ​ត្រូវបានធ្វើ​នៅ​ទីតាំង​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​របស់​រដ្ឋ ជាអាទិ៍ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី ឬ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល (​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ឬមួយ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តែម្តង​ក៏បាន មិនមែន​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី ប្រៀប​ដូច​រ៉ែ​ដែល​ត្រូវ​ជ្វើ​អាជីវកម្ម​ជា​កម្មសិទ្ធិ​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​នាយករដ្ឋមន្ត្រី​នោះឡើយ ។​

​គួរ​រំលឹក​ជូន​ថា ថ្វី​ដ្បិត​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប «NIM MENG GROUP Co.,Ltd.» មាន​លោកស្រី ឡាយ ស៊ី​នាង ណឹ​ម ម៉េង ជា​ភរិយា​របស់លោក ណឹ​ម ម៉េង ឈរឈ្មោះ​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ក៏ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​លោក ណឹ​ម ម៉េង ជា​ជំហរ​ទាំងស្រុង ខណៈ​លោក ណឹ​ម ម៉េង គឺជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣២៥០៥ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ម្នាក់ (​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៦៩ ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១១) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.