ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ដែល​ប្រើ​ទុនវិនិយោគ​ជិត​១​ពាន់​លាន​ដុល្លារ និង​ធ្វើ​ការបិទ​ទំនប់ទឹក​សាកល្បង​នៅ​ចុង​សប្តាហ៍​នេះ​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​ប្រើប្រាស់​ទុនវិនិយោគ​រហូត​ដល់​ចំនួន​៨០០​លាន​ដុល្លារ​អាមេរិក​នោះ និង​ត្រូវធ្វើ​ពិធី​បិទ​ទំនប់ទឹក​សាកល្បង​មុន​ឈានទៅ​ប្រារព្វ​ពី​ធី​បិទ​ទំនប់ទឹក​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ខណៈ​មិន​ដល់​រយៈពេល​០៤​ខែ​ទៀត​ទេ វា​រី​អគ្គិសនី​ដ៏​ធំជាងគេ​នៅ​កម្ពុជា​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​តួប៊ីន​ទី​១​របស់ខ្លួន ។​

​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ឋិត​នៅ​ខេត្តស្ទឹងត្រែង​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​៣៦ ០០០​ហិកតា និង​មាន​កម្ពស់​៨០​ម៉ែត្រ ក្នុងនោះ​កម្ពស់​សម្រាប់​ទប់ទឹក​៧៥​ម៉ែត្រ និង​កម្ពស់​សម្រាប់​ការពារ​ហានិភ័យ​៥​ម៉ែត្រ (​ពេល​មាន​កម្រិត​កម្ពស់​ទឹក​ខ្ពស់​ខ្លាំង​ជ្រុល​) ដោយ​ប្រើប្រាស់​ទុនវិនិយោគ​សរុប​ចំនួន​៨០០​លាន​ដុល្លារ​អាមេរិក​រវាង​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន​ឈ្មោះ Hydrolancang International Energy មាន​ភាគហ៊ុន​៥១% ,​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ Royal Group របស់លោក​ឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន​៣៩% និង​ក្រុមហ៊ុន​មកពី​ប្រទេស​វៀតណាម​ឈ្មោះ EVN មាន​ភាគហ៊ុន​១០% ។​

​បច្ចុប្បន្ន វារិ​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ សាងសង់​សម្រេចបាន​ជាង​៩០%​ហើយ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ជាង​២ ០០០​នាក់ ។ នៅ​ខែតុលា ឆ្នាំ​២០១៧​ខាងមុខ តួប៊ីន​ទី​១​របស់​វា​រី​អគ្គិសនី​នឹង​ចាប់ផ្តើម​ដំណើរការ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ប្រមាណ​៥០MW និង​នៅ​ចុងឆ្នាំ​២០១៨ គឺ​តួប៊ីន​ទាំង​៨​របស់​វា​រី​អគ្គិសនី​នឹង​ដំណើរការ​ពេញលេញ ដោយ​អាច​ផលិត​ថាមពល​អគ្គិសនី​សរុប​បាន​៤០០MW ខណៈ​តាម​ការប៉ាន់ស្មាន​បាន​ឲ្យ​ដឹងថា នៅពេល​វា​រី​អគ្គិសនី​នេះ​ដំណើរការ​ពេញលេញ​នឹង​អាច​ផ្តល់ប្រាក់​ចំណូលពន្ធ​ចូល​រដ្ឋ​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ។

​អនុលោម​តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺ​បន្ទាប់ពី​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​៤០​ឆ្នាំ នឹងត្រូវ​ផ្ទេរ​មក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ ។

​ដំណើរការ​របស់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ត្រូវបាន​ក្រុមមន្ត្រី​រាជរដ្ឋាភិបាល​រំពឹងទុក​ថា នឹង​អាច​ចូលរួមចំណែក​កាត់បន្ថយ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​បាន​យ៉ាងច្រើន ហើយក៏​អាចជួយ​កាត់បន្ថយ​ការ​ជាវ​ចរន្តអគ្គិសនី​ពី​ប្រទេសជិតខាង​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ឯករាជ្យភាព​ខាង​ថាមពល​អគ្គិសនី ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.