ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

​រកឃើញ​អ្នកខ្លាំង​ហើយ ! អ្នកប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​បែបនេះហើយ​ដែល «​ខ្លាំង​ជាង​» ក្រសួងមហាផ្ទៃ និង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា

​កាលពី​ចុងឆ្នាំ​២០១៣​កន្លងទៅ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​ដែលមាន​ឯកឧត្តម ឡេង ប៉េងឡុង ជា​អគ្គលេខាធិការ​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​លេខ​៩៩៣/១៣ អរ​ស​.​សជណ ចុះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣ ស្តីពី​ការ​និរាករណ៍​ស្លាក​លេខ​រថយន្ត រដ្ឋសភា​1,​រដ្ឋសភា​2,​រដ្ឋសភា​3 និង​រដ្ឋសភា​4 ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​បញ្ជាក់ថា «​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានរៀបចំ និង​ផ្តល់​ស្លាក​លេខ​រថយន្ត រដ្ឋសភា​5 ជូន​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ចំនួន​១២៣​រូប រួចរាល់​អស់ហើយ​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​តំណែង ។ ដោយឡែក ស្លាក​លេខ​រថយន្ត រដ្ឋសភា​1,​រដ្ឋសភា​2,​រដ្ឋសភា​3 និង​រដ្ឋសភា​4 ត្រូវ​ទុកជា​និរាករណ៍ ។ សូម​សម្តេច ឯកឧត្តម លោកជំទាវ​តំណាងរាស្ត្រ និង​អតីត​តំណាងរាស្ត្រ​ទាំងអស់​មេត្តា​ឈប់​ប្រើប្រាស់​ស្លាក​លេខ​ដែល​និរាករណ៍ ហើយ​សូមមេត្តា​ប្រគល់​មក​ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វិញ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​» ។​

​លើសពីនេះ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​ក៏បាន​ចេញ​លិខិតផ្លូវការ​លេខ​៩៩៩​អរ​ស ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៣ គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ចំពោះ​ការប្រើប្រាស់​ស្លាក​លេខ​រថយន្ត រដ្ឋសភា​1,​រដ្ឋសភា​2,​រដ្ឋសភា​3 និង​រដ្ឋសភា​4 ដែល​បាន​និរាករណ៍​ទៀតផង ។​

​ទោះបី​មានការ​ជូនដំណឹង​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ដូច្នេះ​ក៏ដោយ ក៏​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ថា មាន​រថយន្ត​ម៉ាក ISUZU BIGHORN មួយគ្រឿង​ពាក់​ស្លាក​លេខ រដ្ឋសភា​4.2-083 បានធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ​យ៉ាង​ហ៊ឺហា​ដោយ​មិន​ខ្វល់​ទៅនឹង​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​អ្វី​ឡើយ ។​

​ព័ស្តុតាង​បានបង្ហាញ​ទៀតថា កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រថយន្ត​ម៉ាក ISUZU BIGHORN ពាក់​ស្លាក​លេខ​រដ្ឋសភា​4.2-083 នេះ​បាន​ចត​នៅខាងមុខ​បរិវេណ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ដាក់​ការសង្ស័យថា អាចជា​រថយន្ត​ត្រូវបាន​ប្រើប្រាស់​ដោយ​មន្ត្រីជាន់ខ្ពស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.