ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

សម្ល​កំពឹស ? ករណី​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​ផ្អើល​រាជធានី​ភ្នំពេញ​ទាំងយប់ អាចពាក់ព័ន្ធ​នឹង​ការចេញ​ប័ណ្ណ​សម្គាល់​រថយន្ត​មិន​ប្រក្រតី​

​ករណី​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​នៅត្រង់ចំណុច​ផ្លូវ​លេខ​៥៥​កែង​ផ្លូវ​លេខ​២៤២ ទល់មុខ​ក្លឹប​កម្សាន្ត​៥៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​បង្កដោយ​ជន​ទំនើង​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​រថយន្ត​ម៉ាក Lexus RX330 ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-5981 នោះ កងកម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ​ហើយ​តាមរយៈ​ប័ណ្ណ​សម្គាល់​រថយន្ត (​កាត​គ្រី​) គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទូច បូ​ភាព មាន​ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​សោកស្តាយ​នោះ គឺ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដល់​មូលដ្ឋាន​បានបង្ហាញ​ថា គ្មាន​ឈ្មោះ ទូច បូ​ភាព រស់នៅក្នុង​ភូមិសាស្ត្រ​ដូច​មាន​បញ្ជាក់​ក្នុង​ប័ណ្ណ​សម្គាល់​រថយន្ត​ឡើយ ។​

​សមត្ថកិច្ច​បានដាក់​ការសង្ស័យ​ជាបឋម​ថា អាចម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ចេញ​ប័ណ្ណ​សម្គាល់​រថយន្ត (​កាត​គ្រី​) មាន​ភាពមិនប្រក្រតី ពោលគឺ​ចេញ​កាត​គ្រី​ទៅ​ឲ្យ​មនុស្ស​ដែល​មិន​រស់នៅក្នុង​ដែន​សមត្ថកិច្ច​ប្រកាស​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត ឬ​ជា «​មនុស្ស​ក្លែងក្លាយ​» ។

​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​យ៉ាង​ទំនើង​ទាំងយប់​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​ដាច់ខាត ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ករណី​ចេញ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ​សម្គាល់​យានយន្ត​មិន​ប្រក្រតី «​ក្លែងក្លាយ​» គឺជា​បច្ច័យ​អាក្រក់​ដែល​នាំ​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​យ៉ាងសកម្ម ។ ដូច្នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​គប្បី​បើក​ការស្រាវជ្រាវ​ករណីនេះ​ឲ្យ​ដល់​ឫសគល់​ក្រោម​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.