ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​សូម​ស្ងាត់ ! អាន​ការបកស្រាយ​របស់​ក្រសួងពាណិជ្ជកម្ម​ស្តីពី​កសិផល​កម្ពុជា​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ និង​ការនាំចេញ​មានការ​លំបាក​

​ស្រប​ពេលដែល​ប្រជាកសិករ​ខ្មែរ​កំពុង​ត្អូញត្អែរ​នឹង​ការធ្លាក់​ថ្លៃទំនិញ​កសិផល​ដែល​ខ្លួន​ផលិត​បាន ជាពិសេស ម្រេច ដំឡូង និង​ល្ពៅ​ជាដើម នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​បកស្រាយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កសិផល​កម្ពុជា​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ និង​ការនាំចេញ​មានការ​លំបាក ដូចខាងក្រោម ៖

១-​ក្រឹត្យក្រម​ថ្លៃ «​បរិមាណ​ផ្គត់ផ្គង់​លើសពី​តម្រូវការ​» ដូចជា ម្រេច ដំឡូង និង​ល្ពៅ​ជាដើម ។ 

២-​តម្លៃ​កសិផល​យើង​មិនអាច​ប្រកួតប្រជែង​នឹង​កសិផល​បរទេស​បាន ដូចជា ដំឡូង និង​ម្រេច​ជាដើម ដែល​បណ្តាលមកពី​ផលិតភាព​នៅ​ទាប ។ 

៣-​ការចំណាយ​ក្រៅផ្លូវការ​នានា​រហូតដល់​នាំចេញ​នៅ​ខ្ពស់​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេសជិតខាង ។ ឧទាហរណ៍ ការនាំចេញ​ម្រេច​ក្នុង​មួយ​កុងតឺន័រ ២​ហ្វី​ត ចំណាយ​រហូតដល់​៣ ០០០​ដុល្លារ​អាមេរិក​ដល់​កំ​ពង់​ផែ​ខេត្ត​ព្រះសីហនុ (FOB-Sihanoukville) ។ 

៤-​មិនទាន់​ទាញយក​ទំនុកចិត្ត​អំពី​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំចូល និង​អ្នកប្រើប្រាស់​នៅឡើយ ទាមទារ​ឲ្យ​កសិករ​កម្ពុជា​ត្រូវខិតខំ​ដោយ​ខ្លួនឯង​ក្នុង​ការផលិត ថែទាំ និង​អភិវឌ្ឍន៍ ។​

៥-​ទម្លាប់​នៃ​ការដាំដុះ​ផលដំណាំ​របស់​កសិករ​កម្ពុជា គឺ​ធ្វើតាម​គ្នា (​ឃើញ​គេ​ដាំ​នេះ​បាន កសិករ​ផ្សេងៗ​ទៀត​នាំគ្នា​សម្រុក​ដាំ​តៗ​គ្នា​) ដោយ​មិនបាន​គិតពី​ទំហំ​ទីផ្សារ​ជាមុន​…​។​ល​។ 

​លើសពីនេះ ដើម្បី​ជម្នះ​បាន​ផលវិបាក​ខាងលើ ក្រសួងពាណិជ្ជកម្ម​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្តែង​មួយចំនួន ដូចតទៅ ៖ 

១-​ផលិតករ​ត្រូវ​ចេះ​ស្រាវជ្រាវ​អំពី​ចំណុចខ្លាំង និង​ខ្សោយ​ក្នុង​ផលិតកម្ម និង​ការនាំចេញ ពិសេស​រចនាសម្ព័ន្ធ​តម្លៃ (Cost Structure) របស់​កសិផល​មួយ​មុខៗ​ជាក់ស្តែង ដើម្បី​ចូលរួម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​នាំចេញ និង​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ ។​

២-​ត្រូវ​ចេះ​កសាង​ទំនុកចិត្ត​អំពី​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំចូល និង​អ្នកប្រើប្រាស់​តាមរយៈ​ការផលិត​ទំនិញ​មាន​ស្តង់ដារ ការប្រើប្រាស់​ម៉ាក ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព និង​ម៉ាក​វិញ្ញត្តិកម្ម ដើម្បី​ឲ្យ​មានការ​បញ្ជាក់​អំពី​គុណភាព​ពី​អង្គភាព​ត្រួតពិនិត្យ​គុណភាព​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាដើម ដូចជា ករណី «​ម្រេច​កំពត​» ជាដើម ។ 

៣-​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​កសិករ​កម្ពុជា​កុំ​ឲ្យ​បន្ត​ទម្លាប់​នៃ​ការដាំដុះ​ដំណាំ​តាម​គ្នា ដោយ​មិនបាន​គិតពី​ទំហំ​ទីផ្សារ​ជាមុន ។ ត្រូវ​យល់ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​នីមួយៗ​ឲ្យ​ច្បាស់​មុន​ចំណាយ​ទុន​ផលិត​ទំនិញ​អ្វីមួយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.