ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​បែកធ្លាយ​រឿង​ហួសចិត្ត ! រកឃើញ​ព័ស្តុតាង​គោរមងារ​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​គោរមងារ​«​សេះ​ហោះ​» 

​ថ្វី​ដ្បិត ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន អតីត​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហៅ​បុរស​ខ្លាំង​នៃ​កម្ពុជា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ កន្លងទៅ​រួចហើយ​ក្តី ប៉ុន្តែ​មុន​រយៈពេល​០២​ថ្ងៃ​នៃ​មរណភាព​នោះ ឯកឧត្តម​រូបនេះ​ទទួល​បានការ​ប្រោស​ព្រះរាជទាន​គោរមងារ​ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ព្រះរាជក្រឹត្យ​នេះ​ត្រូវបាន​រកឃើញ​ព័ស្តុតាង​ថា «​មាន​ភាពមិនប្រក្រតី​» ចាត់ទុកជា​គំរូ​មហា​អាក្រក់​ខាង​បទដ្ឋាន​គតិយុត្ត​នៅ​កម្ពុជា ។ 

​ព័ស្តុតាង​បាន​បានបង្ហាញ​អំពី​រូប​ភាពមិនប្រក្រតី​នៃ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​គោរមងារ​ឯកឧត្តម សុខ អាន ជា​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» ដូចខាងក្រោម ៖ 

១-​ព្រះរាជក្រឹត្យ​នេះ​មាន​ឡាយព្រះហស្តលេខា​ដោយផ្ទាល់​ពី​អង្គ​ព្រះមហាក្សត្រ ខណៈ​ព្រះមហាក្សត្រ​ទ្រង់​កំពុង​គង់​សម្រាក​ពិនិត្យ​ព្រះ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅឡើយ ហើយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ព្រះរាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ។ ជាក់ស្តែង មុន​និង​ក្រោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ចំនួន​១​លេខ គឺ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៦ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៨ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​សុទ្ធ​តែមាន​ចុះហត្ថលេខា​របស់​ប្រមុខរដ្ឋស្តីទី​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​ទាំងអស់ ដោយ​ចម្លែក​ប្លែក​គេ​តែ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​មួយ​ប៉ុណ្ណោះ ។​

២-​តាំងពី​សម័យ​រាជកិច្ច​នៃ​អតីតព្រះមហាក្សត្រ​មក (​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​) គឺ​ទោះបី​ព្រះរាជក្រឹត្យ​ត្រូវបានធ្វើ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ក្តី ធ្វើ​នៅ​ព្រះរាជដំណាក់​ឆាង​ស៊ូ​វុន ប្រទេស​កូរ៉េខាងជើង​ក្តី ឬ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ក្តី សុទ្ធតែ​មានការ​បញ្ជាក់​អំពី​ទីកន្លែង​នៃ​ព្រះរាជក្រឹត្យ​ដែល​បានចេញ​ទាំងអស់ ដោយ​ចម្លែក​ប្លែក​គេ​ចំពោះ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ មិនបាន​បញ្ជាក់​អំពី​ទីកន្លែង​នៃ​ការចេញ​ព្រះរាជក្រឹត្យ​ឡើយ ។​

៣-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ មិនបាន​បោះពុម្ព​ចងក្រង​នៅក្នុង​សៀវភៅ​រាជកិច្ច​ទេ គិត​ត្រឹម​សៀវភៅ​រាជកិច្ច​ចេញផ្សាយ​លេខ​២៩ ឆ្នាំ​២០១៧ ដែល​បោះពុម្ព​ចងក្រង​ដល់​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៧/៣៣៧ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧ ខណៈ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៦ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៨ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ បាន​បោះពុម្ព​ចងក្រង​នៅក្នុង​សៀវភៅ​រាជកិច្ច​រួចរាល់​តាំងពី​លេខ​២៣ ឆ្នាំ​២០១៧​អស់​ទៅហើយ ។​

​ចំណុច​ទី​៤​នៃ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១២ សរ​ណន ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តីពី​កាតព្វកិច្ច​កសាង​រាជកិច្ច បាន​ចែងថា «​ដើម្បី​ឲ្យ​បទដ្ឋាន​ទាំងអស់​មានតម្លៃ​គតិយុត្ត​ដែលមាន​វិសាលភាព​អនុវត្ត​ទូទាំងប្រទេស​នោះ គឺ​រាល់​លិខិតបទដ្ឋាន​ទាំងឡាយណា​ដែល​ត្រូវបាន​បោះពុម្ព​ចងក្រង​ជា​សៀវភៅ​រាជកិច្ច ទើប​ចាត់ទុកជា​លិខិតផ្លូវការ​របស់​រដ្ឋ ។​» ។​

​ដូច្នេះ អនុលោម​តាម​ចំណុច​ទី​៤​នៃ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១២​សរ​ណន ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តីពី​កាតព្វកិច្ច​កសាង​រាជកិច្ច​នោះ ការណ៍​ដែល​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​» ជូន​ឯកឧត្តម សុខ អាន មិនបាន​បោះពុម្ព​ចងក្រង​ជា​សៀវភៅ​រាជកិច្ច ត្រូវ​ចាត់ទុកជា​លិខិត​មិន​ផ្លូវការ​របស់​រដ្ឋ​ទេ ពោល​គឺជា​គោរមងារ «​សេះ​ហោះ​» ទាំងស្រុង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.