ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

​ចាប់អារម្មណ៍​ចង់​ទិញ​ហើយ ! អាល្លឺម៉ង់​ស្នើសុំ​ទិន្នន័យ​ស្តីពី​លក្ខណៈពិសេស​របស់​យន្ត​ហោះ​ចម្បាំង​អាមេរិក​ធុន F-35 

​គេហទំព័រ​សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ទាហានជើងអាកាស​អាល្លឺម៉ង់​បានដាក់​សំណើ​ស្នើសុំ​ទិន្នន័យ​ស្តីពី​លក្ខណៈពិសេស​សំខាន់ៗ​របស់​យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​ដ៏​ទំនើប​ធុន F-35 Lightning II ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Corp. ខណៈ​អាល្លឺម៉ង់​មាន​គម្រោង​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង​របស់ខ្លួន​ចាប់ពី​ឆ្នាំ​២០២៥​រហូតដល់​ឆ្នាំ​២០៣៥ ជំនួស​យន្តហោះ​ចម្បាំង​ចាស់ៗ ដែលមាន​ស្រាប់ ។​

Dtn7.com Photos's photo.

​សំណើ​បាន​បញ្ជាក់ថា ក្រសួងការពារជាតិ​អាល្លឺម៉ង់ មានបំណង​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​យន្តហោះ​ចម្បាំង​ធុន F-35 តាមរយៈ​ឲ្យ​មានការ​ផ្តល់នូវ​ទិន្នន័យ​សង្ខេប​មួយចំនួន​ស្តីពី​សមត្ថភាព​របស់​យ​ន្ត​ហោះ ជាពិសេស​ពាក់ព័ន្ធ​នឹង​ឧបករណ៍​រ៉ា​ដា​ចាប់​សញ្ញា និង​ប្រតិបត្តិការ ដើម្បី​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ដំណោះស្រាយ​ទីផ្សារ​នៅ​ចុងឆ្នាំ​២០១៧​នេះ ។​

Dtn7.com Photos's photo.

​មាន​បណ្តា​ប្រទេស​ជាច្រើន​ហើយ​ជា​សមាជិក​អង្គការ NATO នៅ​អឺរ៉ុប ដែល​បាន​ទិញ​យន្តហោះ​ចម្បាំង​ធុន F-35 របស់​សហរដ្ឋអាមេរិក​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ទ័ពអាកាស​របស់ខ្លួន ដូចជា អង់គ្លេស អ៊ីតាលី តួ​ក​គី ន័​រវេ​ស ណេ​ត​ថឺ​លែ​ន និង ដា​ណឺ​ម៉ាក ។ ក្រៅពីនេះ នៅមាន​ប្រទេស​បែលហ្ស៊ិក ហ្វាំ​ង​ឡង់ និង​ស្វី​ស ក៏បាន​ចាប់អារម្មណ៍​ទៅនឹង​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥​ធុន F-35 របស់​សហរដ្ឋអាមេរិក​ផងដែរ ។​

Dtn7.com Photos's photo.

​ក្រៅពី​សហរដ្ឋអាមេរិក​ជា​សាមី​ប្រទេស​ផលិត និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន​ដែល​បាន​ទិញ​យន្តហោះ​ចម្បាំង​ធុន F-35 របស់​សហរដ្ឋអាមេរិក​យកទៅ​ប្រើប្រាស់​រួចហើយនោះ គឺ​នៅមាន​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដែល​បាន​ទិញ និង​ត្រៀម​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​នេះ​យកមកប្រើ​ប្រាស់​ដែរ ដូចជា កាណាដា អូស្ត្រាលី ជប៉ុន អ៊ីស្រាអែល កូរ៉េខាងត្បូង និង​សិង្ហ​បុរី ។​

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥​ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក​ធុន F-35 Lightning II ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Aeronautics ដែល​ឋិត​ក្នុង​គម្រោង​បែងចែក​ជា​៣​ស៊េរី គឺ F-35A ,F-35B និង F-35C ។ ស៊េរី F-35A បានចាប់ផ្តើម​ហោះហើរ​លើកដំបូង​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០០៦ និង​មានតម្លៃ​កាលពី​ឆ្នាំ​២០០៧​កន្លងទៅ​ស្មើនឹង ២២១,២​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង (​តម្លៃ​នៅ​ឆ្នាំ​២០១៦​ស្មើនឹង ៩៤,៦​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង​) ស៊េរី F-35B មានតម្លៃ​១២២,៨​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង និង​ស៊េរី F-35C ដែល​នឹងដាក់​ឲ្យ​បំពេញបេសកកម្ម​ហោះហើរ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​មានតម្លៃ​ប៉ាន់ស្មាន​ស្មើនឹង ១២១,៨​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង ។​

Dtn7.com Photos's photo.

​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៧ យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35 របស់​សហរដ្ឋអាមេរិក​ត្រូវបាន​ផលិតឡើង​ក្នុង​ចំនួន​២៣១​គ្រឿង ។ វា​ជា​ប្រភេទ​យន្តហោះ​មាន​កៅអី​សម្រាប់​អ្នកបើកបរ​តែមួយ មាន​មុខងារ​ចម្រុះ (​បាញ់​មី​ស៊ី​ល និង​ទម្លាក់​គ្រាប់បែក​) និង​អាច​ហោះហើរ​បាន​នៅ​គ្រប់​ស្ថានភាព​អាកាសធាតុ​ទាំងអស់ ក្នុង​កម្រិត​ល្បឿន​ជិត​២ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ក្រៅពី​កាំភ្លើង​ប្រយុទ្ធ​ទំហំ​២៥​មី​ល្លិ​ម៉ែត្រ គឺ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​មាន​បំពាក់​ដោយ​មី​ស៊ី​ល​វាយប្រហារ​លើ​អាកាស មី​ស៊ី​ល​វាយប្រហារ​មកលើ​ផ្ទៃដី និង​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ រួមជាមួយ​នឹង​ការ​អាច​ទម្លាក់​គ្រាប់បែក​ធុន Mark82-83-84GP ព្រមទាំង​គ្រាប់បែកនុយក្លេអ៊ែរ​ធុន​B61-12 ទៀតផង ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.