ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​រលាយ​ហើយ ! ទាហាន​ស័ក្តិ​៥​ម្នាក់ និង​ប្រពន្ធ​ក្លាយជា​ឈ្មួញ​ប្រមូល​នាំចេញ​ធ្យូង​ឆ្លងដែន​លក់​ឲ្យ​ថៃ ជ្រក​ក្រោម​ស្លាក​គណបក្សកាន់អំណាច​

​ខណៈ​ព្រៃឈើ​ខ្មែរ​បាន និង​កំពុង​ប្រឈម​នឹង​ភាពហិនហោច និង​ខណៈ​ធ្យូង​នៅ​កម្ពុជា​ក៏​កំពុង​ខ្វះខាត​នោះ ស្រាប់តែ​លេចចេញ​នូវ​សកម្មភាព​ឈ្មួញ​ដែលជា​ទាហាន​ស័ក្តិ​៥​ម្នាក់ និង​ប្រពន្ធ​រួមដៃគ្នា​ប្រមូល​ទិញ​ធ្យូង​ពី​កម្ពុជា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប យកទៅលក់​ឆ្លងដែន​ឲ្យ​ក្រុមហ៊ុន​ថៃ​ទៅវិញ ។ 

​មេ​ឈ្មួញ​ប្រមូល​ទិញ​ធ្យូង​ឆ្លងដែន​ពី​កម្ពុជា​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ថៃ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ តែ​ទើប​បែកធ្លាយ​នោះ ត្រូវបាន​គេ​ស្គាល់​ថា គឺ​លោក​វរសេនីយ៍ឯក កែវ ឋានៈ ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៨៨៧៩ រួម​ដៃ​ជាមួយ​ប្រពន្ធ​របស់ខ្លួន​រហស្សនាម​ថា «​ចែ​ធំ​» ។ 

​សមត្ថកិច្ច​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ធ្យូង​កម្ពុជា​ត្រូវបាន​ឈ្មួញ​នាំចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ថៃ ខណៈ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​យកឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកមានអំណាច​មួយចំនួន​ប្រើប្រាស់​ធ្វើជា​ខែល​ការពារ​មុខរបរ​របស់ខ្លួន​ទៀតផង (​យកលុយ​ជួយ​បក្ស​) ជាហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ក្អក​ឡើយ ។​

​ប្រភពព័ត៌មាន​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​បែកធ្លាយ​រឿង​ឈ្មួញ​នាំ​ធ្យូង​ឆ្លងដែន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ថៃ​ដែល​ប្រើ​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​មានអំណាច​មួយចំនួន​ផង​នោះ គឺ​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ ឯកឧត្តម សរ ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បានចេញ​បទបញ្ជា​មួយ​ឲ្យ​បិទ​សកម្មភាព​នាំ​ធ្យូង​ចេញ​ជាបន្ទាន់​រួចហើយ ប៉ុន្តែ​មិនទាន់​បានដឹងថា នឹងមាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាងណាទេ ។​

​មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ណាមួយ​ពី​លោក​វរសេនីយ៍ឯក កែវ ឋានៈ បាន​នៅឡើយ​ពាក់ព័ន្ធ​នឹង​ការជាប់​ឈ្មោះ​ជា​មេ​ឈ្មួញ​នាំចេញ​ធ្យូង​ឆ្លងដែន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ថៃ និង​ជ្រក​ក្រោម​ស្លាក​គណបក្ស​ប្រជា​ជាន​កម្ពុជា​នោះ គិត​ត្រឹម​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.