ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

​បណ្ឌិត​ដែលមាន​រឿងអាស្រូវ «​ឃើញ​ស្រី​កូរ៉េ​ទ្រាំ​មិនបាន​» ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ 

​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយ​ប្រហែលជា​អាច​នៅ​ចងចាំ​បាន​នូវ​រឿងអាស្រូវ​គួរ​ឲ្យ​ហួសចិត្ត​មួយ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​កម្រិតវប្បធម៌​ដល់​ថ្នាក់បណ្ឌិត​ម្នាក់​ផង និង​ក្នុងនាម​ជា​គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ទៅ​ចូលរួម​សិក្ខាសាលា​នៅ​សាធារណរដ្ឋ​កូរ៉េ​(​ប្រទេស​កូរ៉េខាងត្បូង​) ទាំងមូល​ផង បែរជា​ធ្វើ​សកម្មភាព​បំបាក់​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​តាម​ការប្រព្រឹត្ត​អំពើ​ថោកទាប​លូកដៃ​អោប​ចង្កេះ និង​ប៉ុនប៉ង​ថើប (​បៀតបៀន​រាងកាយ​) នារី​បកប្រែ​ជនជាតិ​កូរ៉េ ហើយ​ត្រូវ​សមត្ថកិច្ច​ប្រទេស​កូរ៉េខាងត្បូង​ចាប់​ឃាត់ខ្លួន​ដាក់​មន្ទីរឃុំឃាំង និង​កសាង​សំណុំរឿង​ទៅ​ស្ថាប័ន​តុលាការ និង​ទទួលរង​ការសង​សំណង​ជំងឺ​ចិត្ត​ដល់​នារី​រងគ្រោះ ព្រមទាំង​សេវា​ផ្លូវច្បាប់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​កន្លងទៅ ។​

​មន្ត្រីជាន់ខ្ពស់​ដែល​បង្ករឿង​អាស្រូវ «​ឃើញ​ស្រី​ទ្រាំ​មិនបាន​» នោះ គឺ​លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង អតីត​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិញ​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ បណ្ឌិត​រូបនេះ ត្រូវបាន​រដ្ឋអាជ្ញា​តុលាការ​កូរ៉េខាងត្បូង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​បង់ប្រាក់​ពិន័យ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​នារី​រងគ្រោះ​រួចមក ហើយក៏​បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ពាំនាំ​ទាំង​ក្តី​អាម៉ាស់​សម្រាប់​បុគ្គល​ខ្លួនឯង សម្រាប់​ក្រុមគ្រួសារ និង​សម្រាប់​ប្រទេសជាតិ នា​រាត្រី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ តាម​ជើងហោះហើរ​លេខ KE689 ។ 

​ក្រៅពី​ទទួលរង​នូវ​ភាពអាម៉ាស់​គ្រប់​យ៉ាងនោះ លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង ក៏ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ផ្នែក​រដ្ឋបាល និង​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប​ញ្ច​ប់​មុខតំណែង​ពី​ប្រធាន​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​លេខ​៧៧២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​កាន់តំណែង​ត្រឹម​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ (​លោក គ្រី ស៊ា​ង​ឡុង ធ្លាប់​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៦៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥) ។​

​ដោយសារ​លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង នៅមាន​ភ័ព្វសំណាង​មិនត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​គ្រាន់​ត្រឹមតែ​ដកហូត​មុខតំណែង​នោះ ទើប​លោក​បណ្ឌិត​រូបនេះ ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​២ នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ពី​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​២ មកជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ។​

​ថ្វី​ដ្បិត អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​សម្រេច​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ពី​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​២ មកជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១ ជូន​លោក គ្រី ស៊ា​ង​ឡុង ទើបនឹង​ធ្វើឡើង​នៅ​ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ប៉ុន្តែ​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​នេះ ត្រូវបាន​ដាក់ថា ចាប់ពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៦ ពោលគឺ​មុនពេល​លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង ជួបប្រទះ​រឿងអាស្រូវ​ស្រី​ញី​មកម្ល៉េះ (Sic!) ។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ «​ឃើញ​ស្រី​ទ្រាំ​មិនបាន​» របស់លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង នោះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook ដ៏​សកម្ម​ម្នាក់​ឈ្មោះ «Chham Chhany» ទទួលរង​នូវ​ប្រតិកម្ម​ខ្លាំងៗ​រហូត​ទាមទារ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់​ពី​សំណាក់​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយសារ Account Facebook ឈ្មោះ «Chham Chhany» បាន Post នូវ​អត្ថបទ​មួយ​ចង់​សំដៅថា លោក គ្រី ស៊ា​ង​ឡុង ជា​ប្រុស​កំណាន់​របស់លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.