ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​មិនដល់​២​ឆ្នាំ​បាន​ពាក់​ផ្កាយ​៣ ! កូនប្រុស​ពៅ​ដ៏​ក្មេង​ល្ហក់​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​ធ្វើ​ប៉ូលិស បាន​ពាក់​ផ្កាយ​៣​ហើយ​

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​អង្គ​ព្រះមហាក្សត្រ បានសម្រេច​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣០៥ ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស រដ្ឋា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៥៤៨៥៧ ត្រូវជា​កូនប្រុស​ពៅ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​វ័យក្មេង​ដែលជា​កូនប្រុស​ពៅ​សម្តេច​ក្រឡាហោម​ឧកញ៉ា ស ខេង គឺ​លោក ស រដ្ឋា អត្តលេខ​៥៤៨៥៧ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៤៦៥ ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥)​មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៦៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៥ ។​

​រយៈពេល​មិន​ដល់​១​ឆ្នាំ​ក្រោយមក លោក​ឧ​ត្ត​ម​សេនីយ៍ ស រដ្ឋា ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៤៥៧ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ។ 

​លុះ​រយៈពេល​មិន​ដល់​១​ឆ្នាំក្រោយ​មកទៀត លោក​ឧ​ត្ត​ម​សេនីយ៍ ស រដ្ឋា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) តែម្តង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣០៥ ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ ។ 

​សរុបសេចក្តី​មក រយៈពេល​មិន​ដល់​២​ឆ្នាំ​ពេញ​ជាប់ៗ​គ្នា​ផង លោក​ប៉ូលិស​វ័យក្មេង ស រដ្ឋា មាន​វាសនា​បាន​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​រហូតដល់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​(​ផ្កាយ​៣) សឹង​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.