ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

​រឿង​ធំ​ហើយ ! បងប្រុស​បង្កើត​ម្នាក់រ​បស់​បុរស​ខ្លាំង​ស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្កោលទោស និង​ចាត់ការ​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ពាក់ព័ន្ធ​កាង​ជនល្មើស​

​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ លោក ហ៊ុន សាន បម្រើ​ការងារ​នៅ​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ «​កាំសាប​» នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវជា​ឪពុក​បង្កើត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ជា នាយ​នគរបាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៥៥៥៥៥ អនុប្រធាននាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ និង​ត្រូវជា​បងប្រុស​បង្កើត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើសុំ​ឲ្យ​មានការ​ថ្កោលទោស និង​ចាត់វិធានការ​ម៉ឺងម៉ាត់​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ដោយ​ចោទប្រកាន់ថា ប្រើ​អំណាច​គាបសង្កត់​ជិះជាន់​អ្នក​ស្លូតត្រង់​ដើម្បី​ផលប្រយោជន៍​ខ្លួន និង​បក្ខពួក​ខិល​ខូ​ល​មួយ​ក្តាប់​តូច ដែល​តែង​រំខាន​ដល់​ការរស់នៅ​សុខសាន្ត​របស់​ក្រុមគ្រួសារ​លោក​ផ្ទាល់ ក៏​ដូច​ពលរដ្ឋ​ទូទៅ ។​

​លិខិតផ្លូវការ​របស់​លោក ហ៊ុន សាន បាន​លើកឡើងថា លោក ក្រុមគ្រួសារ​លោក និង​សហការី​របស់លោក ដែល​បាន​ចុះទៅ​រៀបចំ​អភិវឌ្ឍន៍​លើ​ដីធ្លី​របស់លោក​ទំហំ​១១៩​ហិកតា នៅ​ចំណុច​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ធ្វើការ​គំរាមកំហែង ដ្បិត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ តែងតែ​ការពារ​ជនល្មើស​ក្នុងការ​រំលោភ​យក​ដីធ្លី​លោក និង​កូន​របស់លោក ធ្វើ​ឲ្យ​បាត់បង់​ភាពកក់ក្តៅ ធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព បាត់បង់​សាមគ្គីភាព​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ក្រុមគ្រួសារ​ថ្នាក់ដឹកនាំ​ប្រទេស ។ 

​ពាក់ព័ន្ធ​ទៅនឹង​សំណើ​របស់លោក ហ៊ុន សាន ដែល​ត្រូវជា​បងប្រុស​ប​ង្កើ​តបុរ​ស​ខ្លាំង​នៃ​កម្ពុជា​ឲ្យ​មាន​វិធានការ​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ នោះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ធ្វើ​ចំណារ​ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៧​មាន​ខ្លឹមសារ​ថា «​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​មុខការ​» ។ 

​លោក ម៉ក់ ជី​តូ ជា​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​០៧៧១ ដ៏​មាន​ឥទ្ធិពល និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០២/០៥៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០២ ។ លោក​ឧកញ៉ា ម៉ក់ ជី​តូ ធ្លាប់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​អតីត​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ​) ពុំ​ទទួល​ប្រាក់បៀវត្សរ៍ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១២/៤៨៥ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១២ ពោលគឺ​មាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​» ។ 

​ក្រោយមក លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ទទួលបាន​ការតែងតាំង​ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧១៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ និង​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ក៏​ទទួលបាន​គ្រឿង​ឥស្សរិយយស ឯករាជ្យ​ជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៤៩៤ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ។ បច្ចុប្បន្ន លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ។ 

​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ម៉ក់ ជី​តូ ក៏​ធ្លាប់​ទទួលរង​ការ​ប្តឹងផ្តល់​ជាច្រើន​ករណី​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​មនុស្ស​ដ៏​សាហាវព្រៃផ្សៃ ប៉ុន្តែ​ស្ថាប័ន​តុលាការ​មិនទាន់​លើកយក​សំណុំរឿង​ណាមួយ​មក​ចាត់ការ​នៅឡើយ​ទេ ដ្បិត «​ហក់​មិន​រួច​» ទៅនឹង​ឥទ្ធិពល​អំណាច​របស់លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​រូបនេះ ។ 

​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​តាមដាន​មើលថា តើ​បងប្រុស​បង្កើត និង​ក្មួយ​ប្រសា​របស់​បុរស​ខ្លាំង​ដែលជា​អគ្គស្នងការ​នគរបាល​ជាតិ​អាចមាន​វិធានការ​ទៅលើ​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​តាមរបៀប​ណា និង​កម្រិតណា ? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.