ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​រឿងរ៉ាវ​វិទ្យុ​អាស៊ីសេរី ! តុលាការ «​បន្លំ​ឈ្មោះ​» លោក ហួត វុទ្ធី ឬ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ «​ភ្លេចឈ្មោះ​» ខ្លួនឯង ? 

​សំណុំរឿង​អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ គឺ​លោក ជុន ច័ន្ទ​បុត្រ ចូលទៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ជាមួយ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​នោះ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​លោក ហួត ឃី​ន​វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ឲ្យ​ចូលខ្លួន ទៅ​ឆ្លើយបំភ្លឺ​ចំពោះមុខ​តុលាការ​ក្នុងនាម​ជា​ជនសង្ស័យ​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​ក្រោម​ការចោទប្រកាន់ថា «​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​» ។​

​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ដែលជា​ជនសង្ស័យ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៥៣៥ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​លិខិត​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មួយច្បាប់​នៅ​ចំពោះមុខ​លោក​មេធាវី ឌុន វិបុល គោរព​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អះអាង​បញ្ជាក់ថា​៖ -​ចាក​ចេញពី​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ទៅ​ចូលរួម​ប្រជុំ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ -​នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៧ និង​ត្រៀម​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​មិន​ឲ្យ​ខកខាន​ឡើយ ។ 

​លុះដល់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ ស្ថាប័ន​តុលាការ​បាន​រាយការណ៍​ឲ្យ​ដឹងថា លោក ហួត ឃី​ន​វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ដែលជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ មិនបាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​តាម​ការសន្យា​របស់ខ្លួន​ទេ ។​

​នៅ​ទីបំផុត លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​លេខ​១០១​អយ​ឋ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ បង្គាប់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​លោក ហួត ឃី​ន​វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ជា​ជនសង្ស័យ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​តុលាការ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​វិទ្យុ​អាស៊ីសេរី​ខាងលើនេះ គឺ​ទោះបី​មានឈ្មោះ​ហៅថា «​ជុន ច័ន្ទ​បុត្រ​» មែន តែ​ជនសង្ស័យ​រូបនេះ​បាន​អះអាង​ខ្លួនឯង​នៅ​ចំពោះមុខ​មេធាវី​ថា មានឈ្មោះ «​ហួត វុទ្ធី​» ផ្ទុយទៅវិញ តុលាការ​អះអាងថា ជនសង្ស័យ​មានឈ្មោះ «​ហួត ឃី​ន​វុទ្ធី​» ។ ដូច្នេះ តើ​តុលាការ​បាន​ឈ្មោះ «​ហួត ឃី​ន​វុទ្ធី​» មកពីណា ឬ «​បន្លំ​ឈ្មោះ​» ជនសង្ស័យ ឬក៏​ជនសង្ស័យ «​ភ្លេចឈ្មោះ​» ខ្លួនឯង ? 

​សូម​ប្រិយមិត្ត​អ្នកអាន​មេត្តាជួយ​បន្ត​តាមដាន​តទៅ​ទៀតផង ពីព្រោះ​ប្រសិនបើ​ស្ថាប័ន​តុលាការ «​បន្លំ​ឈ្មោះ​» ជនសង្ស័យ​មែន​នោះ គឺ​គ្មានទេ​យុត្តិធម៌​ដែល​ជឿជាក់​បាន​ទាក់ទង​ទៅនឹង​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​កម្ពុជា​បច្ចុប្បន្ន ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.